បាត់ដំបងៈ រដ្ឋបាលខេត្តបាត់ដំបងបាននិងកំពុងសិក្សាលទ្ធភាពលើដីគម្របព្រៃឈើទំហំជាង ៩០០ ហិកតា ដែលមានទីតាំងស្ថិតនៅភូមិកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីប្រែក្លាយឱ្យជាដីសម្បទានសង្គមកិច្ច ស្របតាមគោលការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្រាប់ផ្តល់ជូនដល់ជនក្រីក្រទូទៅ និងយោធិនចូលនិវត្តន៍។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីម្សិលមិញថា ដីដែលរដ្ឋបាលខេត្តកំពុងតែសិក្សានេះស្ថិតនៅក្នុងគម្របព្រៃឈើដែលគ្រប់គ្រងដោយក្រសួងបរិស្ថានក្នុងដែនជម្រកសត្វព្រៃ ភ្នំសំកុះ នៅក្នុងភូមិសាស្ត្រ ស្រុកសំឡូត ខេត្តបាត់ដំបង។
លោក សឿម ប៊ុនរិទ្ធ ថ្លែងថា ការសិក្សាពីលទ្ធភាពនេះ គឺយោងទៅតាមគោលការណ៍ណែនាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ឱ្យបណ្តារាជធានី-ខេត្តនីមួយៗរកលទ្ធភាពស្វែងរកដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រទូទៅ និងអតីតកងកម្លាំងប្រដាប់អាវុធ។
បើតាមលោក សៀម ប៊ុនរិទ្ធ រដ្ឋបាលខេត្តសិក្សាវាយតម្លៃលើផលប៉ះពាល់បរិស្ថានដីសម្រាប់ធ្វើកសិកម្ម និងប្រភពទឹកសម្រាប់ទទួលទាន និងស្រោចស្រពដំណាំផ្សេងៗព្រោះនេះជាតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋដោយគិតគូរធ្វើយ៉ាងណាឱ្យអ្នកដែលរស់នៅទីនេះមានលទ្ធភាពក្នុងការរស់នៅ និងអាស្រ័យផលបានសមរម្យ។
លោកបញ្ជាក់ថា ទំហំដីដែលបាននិងកំពុងសិក្សានៅក្នុងតំបន់នេះមានជាង ៩០០ ហិកតា សម្រាប់បម្រុងទុកជូនទៅស្ថាប័នពាក់ព័ន្ធក្នុងការចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាត ប៉ុន្តែបច្ចុប្បន្ននៅមិនទាន់បញ្ចប់ការសិក្សាទេ តែអាចថានឹងចប់នៅពេលឆាប់ៗនេះ។
លោក សៀម ប៊ុនរិទ្ធ បានឱ្យដឹងដែរថា នៅពេលសិក្សាចប់នឹងដាក់ជូនទៅក្រសួងស្ថាប័នពាក់ព័ន្ធដូចជាក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាអ្នកសម្របសម្រួល និងដាក់ជូនប្រមុខនៃរាជរដ្ឋាភិបាលសម្រេចដើម្បីទុកផ្តល់ជូនពលរដ្ឋខ្វះខាត និងក្រីក្រទូទៅរួមជាមួយនឹងកម្លាំងប្រដាប់អាវុធដែលចូលនិវត្តន៍ផងដែរ។
លោកបានបញ្ជាក់ថា៖ «រឿងប្រជាពលរដ្ឋក្រីក្រទូទៅ និងយោធិនចូលនិវត្តន៍នេះមិនមែនជាសមត្ថកិច្ចរបស់ខេត្តទេគឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាអ្នកកំណត់មុខសញ្ញាលើពលរដ្ឋប្រភេទណាដែលត្រូវបានផ្តល់ជូន។
ខេត្តគ្រាន់តែស្វែងរកដីជូនទេហើយនីតិវិធីបន្តគឺក្រសួងជំនាញពាក់ព័ន្ធ»។
លោក ហេង សាយហុង មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តបាត់ដំបងថ្លែងថា ការផ្តល់ ឬការរៀបចំឱ្យមានដីសង្គមកិច្ចពីអាជ្ញាធរខេត្តបាត់ដំបងនេះ គឺជាតម្រូវការ និងជាកិច្ចការមួយដ៏ល្អ ពីព្រោះពលរដ្ឋមួយចំនួនមានការខ្វះខាតដីសម្រាប់រស់នៅ និងធ្វើកសិកម្មដោយសារមានការបំបែកគ្រួសារកាន់តែច្រើន។
លោក ហេង សាយហុង ថ្លែងថា៖ «រដ្ឋាភិបាល ឬអាជ្ញាធរខេត្តគួរតែស្វែងរកដីរដ្ឋដើម្បីបំប្លែងទៅជាដីសម្បទានសង្គមកិច្ចសម្រាប់ផ្តល់ជូនពលរដ្ឋដែលមានការខ្វះខាត ឬមិនមានដីពិតប្រាកដគឺជាការល្អបំផុត»។
លោក ហេង សាយហុង បានបន្តថា កន្លងមកនេះឃើញថា អាជ្ញាធរខេត្តបានរៀបចំផ្តល់ដីសម្បទានសង្គមកិច្ច និងលំនៅឋានជូនដល់ពលរដ្ឋដែលមានស្ថានភាពខ្វះខាតបានមួយចំនួនហើយ។ ក៏ប៉ុន្តែនៅក្នុងខេត្តបាត់បង់នេះមានដីនៅសល់ច្រើន ទាំងនៅស្រុកសំឡូត និងស្រុកមួយចំនួនទៀត ដែលអាចប្រែក្លាយដីទាំងនោះជាដីសម្បទានសង្គមកិច្ច ព្រោះបើទុកចោលក៏គ្មានបានផលអ្វីដែរ។
លោកបានបញ្ជាក់ថា៖ «ដីរដ្ឋមួយចំនួននៅក្នុងខេត្តនេះ គ្មានព្រៃឈើសម្រាប់រក្សាទុកទេយើងគួរតែប្រែក្លាយដីទាំងនោះជាដីសម្បទានសង្គមកិច្ចជូនដល់ពលរដ្ឋខ្វះខាត។ ទោះជាយ៉ាងណា អាជ្ញាធរគួរតែផ្តល់ដល់អ្នកដែលអត់មានដីពិតប្រាកដ និងធ្វើឱ្យមានតម្លាភាពដែលនេះគឺល្អមែនទែន»។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានបង្ហាញថាដែនជម្រកសត្វព្រៃ ភ្នំសំកុះស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុងមានផ្ទៃដី ៣៣៥ ៧៥០ ហិកតា៕