ភ្នំពេញ: យ៉ាងហោចណាស់​សំរាម​ជិត​ ១០០ ​តោន​ត្រូវបាន​ដឹក​ចេញ​ពី​ប្រឡាយ​បឹងត្របែក​ដែលជា​តំបន់​លូ​ជ្រៅ​ជាងគេ ក្រោយ​ពេល​អាជ្ញាធរ​ខណ្ឌ​ចំការមន​បាន​បើក​យុទ្ធនាការ​ស្ដារ​សំរាម​ចេញ​ពី​ប្រឡាយទឹក​បឹងត្របែក​កាលពី​ចុង​សប្ដាហ៍​មុន​ឲ្យ​បាន​មុន​រដូវភ្លៀង ដើម្បី​កាត់បន្ថយ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​បណ្ដាល​មកពី​ស្ទះលូ​។

លោក ថេង សុថុល អភិបាលខណ្ឌ​​ចំការមន​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា យុទ្ធនា​ការស្ដារ​សំរាម​ចេញពី​ប្រឡាយ​បឹងត្របែក​នេះ​បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី ៧ ខែមីនា ដោយ​គ្រោង​បញ្ចប់​យុទ្ធនាការ​នៅ​ថ្ងៃទី​ ១៥ ខែ​មីនា​។

លោក សុថុល ថ្លែងថា​៖ «​ក្នុង​ ១ ​ថ្ងៃ​ក្រុមការងារ​យើង​កាយ​សំរាម​ចេញពី​ប្រឡាយ និង​ធ្វើការ​ដឹកជញ្ជូន​សំរាម​បាន​ចំនួន ១៨ ​រថយន្ត​ដែល​ក្នុង​ ១ ​រថយន្ត​មាន​បរិមាណ​សំរាម​ប្រហែល ៥ ​តោន​ចេញពី​ប្រឡាយ​យក​ទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម​។ ក្រុមការងារ​កំពុង​ប្រជុំ​ដោះស្រាយ​បញ្ហា​សំរាម​នេះ​បន្ថែមទៀត ដើម្បី​រក​វិធី​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​មាន​ការចោល​សំរាម​ផ្ដេសផ្ដាស​»​។

លោក សុថុល បាន​ឲ្យ​ដឹង​ទៀតថា ប្រឡាយ​បឹងត្របែក​នេះ​ជា​ទីតាំង​ជ្រៅ​ជាងគេ ដូច្នេះ​ពេល​មាន​ទឹកភ្លៀង​ម្ដងៗ​គឺ​វា​ហូរ​ពី​គ្រប់ទិសទី​សំដៅ​មក​ចូល​ប្រឡាយ​បឹងត្របែក​នេះ ក្រៅពី​ហូរ​ទឹក ក៏មាន​សំរាម​លាយឡំ​គ្នា​មក​​បណ្ដាល​ឲ្យ​មាន​ការកកស្ទះ​ទាំង​ទឹក ទាំង​សំរាម ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​គួរតែ​កែប្រែ​ទម្លាប់​ចោល​សំរាម​ផ្ដេសផ្ដាស ព្រោះ​ធ្វើឲ្យ​គ្មាន​សោភណភាព​ទីក្រុង និង​តំបន់​មូលដ្ឋាន ជាពិសេស​បង្ក​ការកកស្ទះ​លូ​ដែល​មិនអាច​ហូរ​ទឹកបាន​។

លោក អភិបាលខណ្ឌ​ចំការមន​បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​ការស្ដារ​ប្រឡាយ​បឹងត្របែក​នេះ​ត្រូវតែ​ធ្វើឲ្យ​បាន​រួចរាល់​មុន​រដូវភ្លៀង​មកដល់ ដោយសារ​កុំ​ឲ្យ​មាន​ការកកស្ទះ​លូ ប្រឡាយ និង​ប្រព័ន្ធ​បង្ហូរទឹក​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​នៅពេល​រដូវវស្សា​មកដល់​នឹង​មាន​ទឹកភ្លៀង​ច្រើន​ហើយ​ទឹកនឹង​ហូរ​លាយឡំ​ជាមួយ​សំរាម​ដែរ​»​។

លោក អភិបាលខណ្ឌ​ក៏បាន​អំពាវនាវ​ផងដែរ​ដោយ​សុំ​ឲ្យ​ពលរដ្ឋ​ទុកដាក់​កាកសំណល់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​បោះចោល​ផ្តេសផ្តាស ជាហេតុ​នាំឲ្យ​ហូរ​ចូល ប្រឡាយ លូ បង្ក​ការកកស្ទះ​សំរាម​មិនអាច​ហូរ​ទឹកបាន​។

លោក សាន ដារ៉ាវីត អ្នកផ្តើមគំនិត​ដឹកនាំ​ក្រុមយុវជន​ប្រមូល​សំរាម​នៅ​​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក​បាន​ថ្លែង ដោយ​សាទរ​ចំពោះ​ចំណាត់ការ​អាជ្ញាធរ​ខណ្ឌ​ចំការមន ព្រោះ​ទីតាំង​នេះ​ជា​កន្លែង​ប្រមូលផ្ដុំ​ដោយ​សំរាម​។ សំរាម​ទាំងនេះ​បាន​ហូរ​តាម​ទឹក​ពី​តំបន់​ផ្សេង​ និង​មាន​​ពលរដ្ឋ​មូលដ្ឋាន​នោះ​បោះចោល​មួយចំនួន​ទៀត​ធ្វើឲ្យ​មាន​ការកកស្ទះ​សំរាម​យ៉ាងច្រើន​បែបនេះ​។

លោក ដារ៉ាវីត បាន​ឲ្យ​ដឹងថា ទីតាំង​នោះ​ត្រូវបាន​ក្រុមយុវជន​ធ្លាប់​បានស្នើ​ទៅ​អាជ្ញាធរ​ខណ្ឌ ដើម្បី​នាំគ្នា​ចូល​កាយ និង​ប្រមូល​ចេញពី​ទឹក​ប្រឡាយ​នោះ ប៉ុន្ដែ​អាជ្ញាធរ​មិនបាន​អនុញ្ញាត​ឲ្យ​ចូលទៅ​កាយ​សំរាម​ទាំង​នោះទេ ដោយ​អះអាង​ថា ខ្លាច​មាន​គ្រោះថ្នាក់ ព្រោះ​ទីនោះ​មានទឹក​ជ្រៅ ដូច្នេះ​ក្រុមយុវជន​គ្រាន់តែ​ធ្វើការ​ប្រមូល​សំរាម​នៅ​កន្លែង​ទឹក​រាក់ៗ​ប៉ុណ្ណោះ​។

លោក ដារ៉ាវីត បាន​ថ្លែងថា​៖ «​ខ្ញុំ​គាំទ្រ ព្រោះ​សកម្មភាព​របស់​អាជ្ញាធរ​នេះ​វា​ក៏​ដូច​គោលបំណង​របស់​ក្រុមយុវជន​ខ្ញុំ ក៏ដូចជា​ពលរដ្ឋ​ដទៃទៀត​ដែរ​។ ការងារ​នេះ​មិនអាច​ឲ្យ​នរណាម្នាក់​ធ្វើ​ម្នាក់ឯង​បានទេ គឺ​យើង​ត្រូវតែ​ធ្វើ​ទាំងអស់​គ្នា​ចូលរួម​ទាំងអស់​គ្នា​បំផុសបំផុល​សកម្មភាព​អនាម័យ ការ​ចោល​សំរាម និង​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ទើប​ទីក្រុង ឬ​ប្រទេស​យើង​មាន​សោភណភាព​ល្អ​»​។

ទាក់ទង​ករណី​សំរាម​នេះដែរ​សាលា​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ដល់​គ្រប់​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ និង​វិស័យ​ឯកជន​ទាំងអស់​ធ្វើការ​បង្វែរ​សេវា​បង់ថ្លៃ​ប្រមូល​សំរាម និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​ពី​ក្រុមហ៊ុន​ស៊ីនទ្រី​ (​ខេមបូឌា​) មក​បង់​ជូន​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ​វិញ​។

តាម​លិខិត​ជូនដំណឹង​របស់​សាលារាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​ ១០ ខែ​មីនា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បង្កើត​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​​ភ្នំពេញ ដើម្បី​ប្រតិបត្តិការ​គ្រប់គ្រង​ការប្រមូល​សំរាម និង​សំណល់​រឹង​ក្នុង​រាជធានី​ភ្នំពេញ​បន្ត​ពី​ក្រុមហ៊ុន​ស៊ីនទ្រី (​ខេមបូឌា​) ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចប់​កិច្ចសន្យា​។

ដើម្បី​គ្រប់គ្រង​រាល់​ចំណូល​ចំណាយ​ស្របតាម​នីតិវិធី​ហិរញ្ញវត្ថុ​សូម​គ្រប់​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ និង​វិស័យ​ឯកជន​ទាំងអស់​ដែល​ធ្លាប់បាន​ទូទាត់​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​បង្វែរ​ត្រង់​ជូន​ក្រុមហ៊ុន​ស៊ីនទ្រី (​ខេមបូឌា​) ដោយ​បង្វែរ​ត្រង់​មក​ជូន​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​​រាជធានី​ភ្នំពេញ​។ ចំពោះ​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ​ដែល​ទូទាត់​ការបង្វែរ​តាមរយៈ​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ​នៅ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ និង​បង់​តាម​រតនាគារ​រាជធានី​​ភ្នំពេញ​។ ចំណែក​វិស័យ​ឯកជន ទូទាត់​ត្រង់​មក​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ និង​តាមរយៈ​ធនាគារ​អេស៊ីលីដា​។

លោក កែវ ចាន់ណារិទ្ធ អភិបាលរង​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់រឹង​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា៖ «​យើង​ចាប់​បង់​តាម​នីតិវិធី​ថ្មី​នេះ​រយៈពេល​ ២ ​ខែ​ហើយ ហើយ​មាន​ប្រជាពលរដ្ឋ ម្ចាស់​ស្ថាប័ន​នានា​ភាគច្រើន (​អត់​មាន​ភាគរយ​ច្បាស់​) គាត់​បាន​យល់​ពី​នីតិវិធី​ថ្មី​នេះ​ដោយ​គាត់​បាន​បង់​ជា​ហូរហែរ ប៉ុន្ដែ​មាន​ម្ចាស់​អាជីវកម្ម ឬ​ស្ថាប័ន​មួយចំនួន​តូច​ទៀត គាត់​នៅ​ស្រពេចស្រពិល​ពី​នីតិវិធី​នេះ​។ ដូច្នេះ​យើង​បានចេញ​លិខិត​ជូនដំណឹង​នេះ គឺ​ចង់​ពន្យល់​ពួកគាត់​ដែល​មិនទាន់​បាន​យល់​ពី​នីតិវិធី​ថ្មី​នេះ​បន្ថែម​»៕

វីដេអូ៖