ស្ទឹងត្រែងៈ រដ្ឋបាល​ខេត្ដ​ស្ទឹងត្រែង​បាន​ត្រៀម​ទុក​ទីទួល​សុវត្ថិភាព​ចំនួន ១២០ ទីតាំង សម្រាប់​សង្គ្រោះ​ពលរដ្ឋ​ពី​គ្រោះទឹកជំនន់​រដូវវស្សា​ឆ្នាំ​នេះ ក្រោយពេល​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ព្យាករ​ថា ស្ថានភាព​ជំនន់​អាច​នឹង​មាន​កម្រិត​ខ្ពស់​ដូច​ទៅ​នឹង​ឆ្នាំ ២០១៩ ឬ​ឆ្នាំ​ ១៩៩៤​។ យោងតាម​លោក ម៉ែន គុង នាយករង​រដ្ឋបាល​ និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​។

លោក ម៉ែន គុង បាន​ថ្លែងថា កាលពី​ឆ្នាំ​​ ២០១៩ គ្រោះ​ទឹកជំនន់​មិន​បាន​បណ្ដាល​ឱ្យ​មនុស្ស​រងគ្រោះ​ដល់​ស្លាប់​នោះទេ​។ ប៉ុន្ដែ​បាន​ជម្លៀស​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការជន់លិច​ចំនួន ៣ ៥២៨ គ្រួសារ​ទៅកាន់​ទីទួល​សុវត្ថិភាព​។ លោក​បាន​ថ្លែងថា ឆ្នាំ​ ២០២០ ​នេះ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ដ​បាន​រៀបចំ​ទីទួល​សុវត្ថិភាព​ចំនួន​ ១២០ ​ទីតាំង​រួចហើយ​ ដើម្បី​ត្រៀម​ទប់ទល់ និង​បង្ការ​គ្រោះ​ទឹកជំនន់​ឆ្នាំនេះ​។

លោក គុង ថ្លែង​ថា​៖ «​តាម​ការជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក ស្ថានភាព​ទឹកជំនន់​ក្នុង​ឆ្នាំ​ ២០២០ នេះ​អាច​ខ្ពស់​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​ ២០១៩ ដែរ ហើយ​ទឹកជំនន់​កាលពី​ឆ្នាំ​ ២០១៩ មាន​កម្ពស់​ខ្ពស់​ប្រហាក់ប្រហែល​នឹង​ទឹកជំនន់​កាលពី​ឆ្នាំ ១៩៩៤ ដែល​កម្ពស់​ទឹក​ឡើង​ដល់​ជាង​ ១២ ​ម៉ែត្រ​»​។

លោក ម៉ែន គុង ថ្លែង​ថា​ឆ្នាំ ២០២០ គណៈកម្មការ​ទប់ស្កាត់​គ្រោះមហន្តរាយ​ខេត្ដ និង​ថ្នាក់ជាតិ​បាន​ត្រៀមលក្ខណៈ​រួចរាល់​អស់​ហើយ ចំពោះ​ការទប់ទល់ នឹង​ទឹកជំនន់​ដោយ​បាន​រៀបចំ​ទុក​ទាំង​ស្បៀងអាហារ និង​សម្ភារ​ផ្សេងៗ ដោយ​បាន​រៀបចំ​ទុក​រួចរាល់​នៅក្នុង​ឃ្លាំង​។

លោក​បាន​ឱ្យ​ដឹងថា ស្ថានភាព​ទឹកជំនន់​នៅក្នុង​ខេត្ដ​ស្ទឹងត្រែង​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​នេះ (២០១៨-២០១៩) គឺមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដូចគ្នា​។ កាល​ឆ្នាំ ២០១៩ កន្លង​ទៅ ប្រជាពលរដ្ឋ​ដែល​បាន​រង​ផលប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ពី​ស្ថានភាព​គ្រោះទឹកជំនន់​នៅក្នុង​រដូវវស្សា​មាន​ប្រមាណ​ជាង ៩ ០០០ គ្រួសារ​។ ប៉ុន្ដែ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​ផ្ទាល់​ដែល​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព និង​ទីកន្លែង​ដែលមាន​សុវត្ថិភាព​មាន​ចំនួន​ជាង ៣ ០០០ គ្រួសារ​។

លោក​បញ្ជាក់ថា ឆ្នាំ​ ២០២០ ​នេះ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ដ​បាន​ដាក់​ចេញ​នូវ​ផែនការ​ស្ដីពី​ការត្រៀម​បង្ការ​ឆ្លើយតប​ហានិភ័យ​គ្រោះមហន្តរាយ​ដែល​មាន​ផែនការ​ដាច់​ដោយ​ឡែក​ចំនួន ២ គឺ​​ផែនការ ត្រៀម​បង្ការ​ហានិភ័យ​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​។

លោក​បញ្ជាក់ថា​៖ «​នៅក្នុង​ដំណាក់កាល​នេះ គឺជា​ដំណាក់កាល​ដែល​យើង​ត្រៀម​បង្ការ​ឆ្លើយតប​ហានិភ័យ​គ្រោះ​ទឹកជំនន់​ដែល​ផែនការ​នេះ​មាន​ភាពហ្មត់ចត់ ដោយសារ​មាន​ការណែនាំ​ពី​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ផង និង​ឆ្លងកាត់​តាមរយៈ​ស្ថានភាព​ជាក់ស្ដែង​ដែល​ជា​បទពិសោធ​ដែល​ខេត្ដ​ស្ទឹងត្រែង​ធ្លាប់​ជួបប្រទះ​ដោយ​ផ្ទាល់​ផង​ដែរ​»​។ តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​បាន​ឱ្យ​ដឹងថា ទន្លេមេគង្គ ស្ថិតនៅ​ផ្នែក​ខាងលើ​ជាប់​ប្រទេស​ឡាវ​មាន​ន័យ​ថា ទន្លេ​នៅ​ខាងលើ នៅពេល​ជួប​បញ្ហា​គ្រោះ​ទឹកជំនន់​ពី​បណ្តា​ប្រទេស​ជិតខាង ខេត្ដ​នេះ​នឹង​រង​គ្រោះថ្នាក់​មុនគេ​ព្រោះ​ទឹក​ខ្ពស់​៕