កោះកុងៈ អាជ្ញាធរ​ខេត្ត​កោះកុង​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​លោក​ អន ភារៈ បាន​ចុះ​ពិនិត្យ​តំបន់​ព្រៃ​កោងកាង សហគមន៍​នៅ​ក្រុង​ខេមរភូមិន្ទ​កាលពី​ថ្ងៃ​សុក្រ ដែល​ត្រូវ​បាន​គេ​បូម​ខ្សាច់​លុប ហើយ​ក៏​បាន​និង​កំពុង​ហៅ​ម្ចាស់​ដី ដែល​ជា​ឧកញ៉ា​ឲ្យ​ទៅ​បង្ហាញ​ព្រំដី និង​ឯកសារ​កាន់កាប់​ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​ម្ចាស់​ដី​មិន​ទាន់​បង្ហាញ​ខ្លួន​នៅ​ឡើយ​ទេ​។

ការ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​នោះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយពី​ទទួល​ការ​ស្តីបន្ទោស​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

លោក​ អន ភារៈ ដែល​បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ទៅ​ពិនិត្យ​កន្លែង​បូម​ខ្សាច់​លុប​ព្រៃ​កោងកាង​ស្ថិត​នៅ​ក្នុង​ភូមិ-សង្កាត់​ស្ទឹងវែង ក្នុង​ក្រុង​ខេមរភូមិន្ទ​នោះ​បាន​បញ្ជា​ឲ្យ​ចុះ​ស្រាវជ្រាវ​ពី​ករណី​បូម​ខ្សាច់​លុប​ព្រៃ​កោងកាង​ដែល​ថា​យក​ទៅ​ធ្វើ​ទីក្រុង​នោះ​។

លោក​ កាយ ក្រុង ចៅសង្កាត់​ស្ទឹងវែង​ដែល​ចុះ​ទៅ​ពិនិត្យ​ជាមួយ​អភិបាលរង​លោក​ អន ភារៈ ទើប​តែ​ទទួល​ស្គាល់​ពី​ម្សិលមិញ​ថា កន្លែង​ដែល​គេ​បូម​ខ្សាច់​លុប​នោះ​គឺ​ពិតជា​ត្រូវ​ម្ចាស់​ដី​ឈ្មោះ​ ស៊ីវ ជូ លក់​ឲ្យ​លោក​ឧកញ៉ា​ ជាលាងហុង ពិត​មែន​។ ប៉ុន្តែ​ផ្ទៃដី​ដែល​បូម​លុប​នោះ​មាន​តែ​ ២,២ ​ហិកតា​ក្នុង​ទំហំ​ដី​ទាំងអស់​ជាង​ ១៣ ​ហិកតា​។ លោក​ថា កិច្ចសន្យា​ទិញ​លក់​ដី​នេះ​ត្រូវ​បាន​ស៊ីញ៉េ​ត្រឹម​តែ​អតីត​មេភូមិ និង​ចៅសង្កាត់​ប៉ុណ្ណោះ​មិន​ដល់​ថ្នាក់​ក្រុង​នោះ​ទេ​។

លោក​ កាយ ក្រុង បញ្ជាក់​ថា​៖ «​យើង​ឃើញ​ពិតជា​កន្លែង​មាន​បូម​មែន​។ តែ​ការ​បូម​ហ្នឹង​លែង​មាន​ហើយ​។ ឃើញ​តែ​ដីខ្សាច់​ដែល​អត់​មាន​អ្នក​ទទួល​ខុសត្រូវ​ទេ​។ អ្នក​មើល​កម្មករ​អី​ក៏​អត់​។ ឃើញ​តែ​ទុយោ​នៅ​មាន​កប់​តាម​ដីខ្សាច់​»​។

លោក​បន្ត​ថា​ថ្នាក់ដឹកនាំ​បាន​សួរនាំ​រក​ម្ចាស់​ដី​ឲ្យ​ទៅ​ចង្អុល​បង្ហាញ​ព្រំប្រទល់​ដី​របស់​ខ្លួន​។ ប៉ុន្តែ​គ្មាន​ម្ចាស់​ដី ឬ​តំណាង​បង្ហាញ​ខ្លួន​នោះ​ទេ​។ ក្រុម​ការងារ​ក៏​បាន​សួរ​រក​លិខិត​ផ្ទេរសិទ្ធិ​ពី​ការ​ទិញ​លក់​នោះ​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​យើង​ទាក់ទង​ម្ចាស់​ដី​ហ្នឹង​អត់​បាន​។ គាត់​ [​ម្ចាស់​ដី​] ​នៅ​ភ្នំពេញ​។ យើង​មិន​ដឹង​ផ្ទៃដី​ជាង​ ១៣ ​ហិកតា​ហ្នឹង​គ្រប​ដណ្តប់​ដល់​កន្លែង​ណា​ទេ​។ យើង​ឲ្យ​ម្ចាស់​ដី​ចេញ​មុខ​មក​ដើម្បី​ធ្វើការ​បង្ហាញ​ថា​ដី​គាត់​ហ្នឹង​មាន​ប៉ុន​ណា​? ឥឡូវ​ហ្នឹង​គាត់​មាន​គោលបំណង​ចង់​ធ្វើ​អី ហើយ​ឲ្យ​គាត់​សុំ​ច្បាប់​ឲ្យ​ត្រឹមត្រូវ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​»​។ លោក​ចៅ​សង្កាត់​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​កំពុង​តែ​ចាត់ការ​ករណី​នេះ​។

លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ពី​ម្សិលមិញ​ដោយ​និយាយ​ថា លោក​មិន​អាច​និយាយ​បាន​ទេ​នៅ​ពេល​នេះ ពីព្រោះ​ក្រុម​មន្ត្រី​កំពុង​ធ្វើការ​លើ​ករណី​នេះ ហើយ​លោក​ក៏​មិន​បាន​បញ្ជាក់​ ឬ​បដិសេធ​ថា​បាន​ទទួល​របាយការណ៍​ពី​អាជ្ញាធរ ខេត្ត​ឬ​ក៏​មិន​បាន​នោះ​ដែរ​។

នៅ​ក្នុង​ពិធី​បិទ​សន្និសីទ​ជាតិ​ស្តីពី​ការ​កែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កោះពេជ្រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​លោក​ ហ៊ុន សែន អះអាង​ថា​៖ «​នៅ​ខេត្ត​កោះកុង​ត្រូវ​មាន​បញ្ហា​ហើយ​។ ឥឡូវ​ឮថា​គេ​បូម​ខ្សាច់​ដាក់​សមុទ្រ បង្កើត​ទៅ​ជា​ស្ថានភាព​ថា​ចង់​ធ្វើ​ទីក្រុង​។ អាហ្នឹង​អ្នក​ណា​ឲ្យ​ធ្វើ​? ​សួរ​ ១ ​អត់​ដឹង ២ ​អត់​ដឹង​។ អ៊ីចឹង​អស់​លោក​ត្រូវ​ធើ្វ​អី​? នេះ​ជា​ចំណុច​ដែល​យើង​ត្រូវ​និយាយ​»​។

លោក ​ហ៊ុន សែន បន្ត​ថា​ករណី​នេះ​ស្ថិត​ក្នុង​ភារកិច្ច​របស់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី និង​លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ហើយ​បាន​បញ្ជា​ឲ្យ​ពិនិត្យ​មើល​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​។

លោក​ ហ៊ុន សែន បញ្ជាក់​ថា​៖ «​មើល​មើល​អាហ្នឹង​វា​យ៉ាងម៉េច​បាន​ជា​ហ៊ាន​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​តំបន់​ព្រៃកោងកាង​ដែល​ត្រូវ​ការពារ​ហើយ​បូម​ខ្សាច់​យក​ទៅ​ដាក់​ចង់​បង្កើត​ទៅ​ជា​ទីក្រុង​។ ប៉ុន្មាន​ថ្ងៃ​នេះ​អត់​ទាន់​ឃើញ​ស្ថាប័ន​ណា​មួយ​ប្រតិកម្ម​នឹង​ការ​ចុះ​ផ្សាយ​នេះ​ទេ​។ អ៊ីចឹង​ទេ​អភិបាលខេត្ត​កោះកុង​ត្រូវ​ធ្វើ​ការ​ឆ្លើយតប​មើល តើ​វា​យ៉ាង​ម៉េច​រឿង​ហ្នឹង​?»​។

ការ​ប្រតិកម្ម​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​ពី​ការ​បូម​ខ្សាច់​លុប​ដី​តំបន់​ឆ្នេរ និង​សហគមន៍​ទំហំ​ជាង ២ ​ហិកតា​ក្នុង​ចំណោម​ ១៣ ​ហិកតា​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប​។ ដី​នោះ​ត្រូវ​បាន​ស្ត្រី​ឈ្មោះ​ ស៊ីវ ជូ និង​ប្តី​ឈ្មោះ​ សុខ គឹមហុង លក់​ទៅ​ឲ្យ​លោក​ឧកញ៉ា​ ជា លាងហុង កាលពី​ថ្ងៃ​ទី​ ៩ ខែ​មីនា ឆ្នាំ ២០១៧ ដោយ​មាន​អាជ្ញាធរ​ភូមិ និង​សង្កាត់​ជា​អ្នក​ស៊ីញ៉េ​ទទួល​ស្គាល់​ផង​ដែរ​។

លោកស្រី​ មិថុនា ភូថង អភិបាលខេត្ត​កោះកុង​ឲ្យ​ដឹង​ថា ក្រុម​ការងារ​ខេត្ត​បាន​ចុះ​ពិនិត្យ​ទៅ​តាម​ការ​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល ហើយ​សាលា​ខេត្ត​ក៏​បាន​ធ្វើ​របាយការណ៍​ផ្ញើ​ជូន​ក្រសួង​បរិស្ថាន​ហើយ​ផង​ដែរ​។

ភ្នំពេញ​ប៉ុស្តិ៍​ព្យាយាម​ទាក់ទង​សុំ​អត្ថាធិប្បាយ​ពី​លោក​ឧកញ៉ា​ ជា លាងហុង និង​បាន​ទៅ​ជួប​ភរិយា​របស់​លោក​ឧកញ៉ា​នៅ​ក្រុមហ៊ុន​ទៀត​ផង ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយតប​នៅ​ឡើយ​ទេ​។

លោក​​ សុខ សុទ្ធី អ្នក​នាំ​ពាក្យ​សាលាខេត្ត​កោះកុង​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ពី​ម្សិលមិញ ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​ថា កន្លែង​ដែល​គេ​បូម​ខ្សាច់​លុប​នោះ​ជា​តំបន់​សហគមន៍ ហើយ​ការ​បូម​​ និង​ការចាក់​ខ្សាច់​បំពេញ​គឺ​ «​សុទ្ធ​តែ​ខុស​ច្បាប់​ទាំងអស់​» ​ព្រោះ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​បរិស្ថាន និង​ក្រសួង​រ៉ែ​។

ផ្ទៃដី​ ១០៥៣ ​ហិកតា​នៃ​ដែនជម្រក​សត្វព្រៃ​ពាម​ក្រសោប​ត្រូវ​បាន​លោក​ ហ៊ុន សែន ចេញ​អនុក្រឹត្យ​បង្កើត​ជា​តំបន់​សហគន៍​កាលពី​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ ឆ្នាំ​ ២០០៩ សម្រាប់​បម្រើ​ឲ្យ​ការ​អភិវឌ្ឍ​៕