ព្រះវិហារៈ អាជ្ញាធរ​ខេត្ត​ព្រះវិហារ ​ស្នើ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​សកម្មភាព​កាប់​ទន្ទ្រាន​លើដី​មាន​ជម្លោះ​ក្នុងភូមិ​អន្ទិល ​ឃុំយាង ​ស្រុក​ជាំ​ក្សាន្ត ​ដើម្បី​រង់ចាំ​ដំណោះ​ស្រាយ​ដែល​អាជ្ញាធរ​ថា នឹង​ផ្តល់សំណងជូន​តាម​គោល​នយោបាយ​ឆ្វៀ​ល​ស្បែក​ខ្លា ​របស់​រដ្ឋាភិបាល​ ដោយ​ផ្តល់ជូន​តាម​ទំហំ​​នៃ​ផលប៉ះពាល់​ជាក់ស្តែង​របស់​ពលរដ្ឋ។

អភិបាល​ខេត្ត​ព្រះវិហារ​ លោក​ អ៊ុន ចាន់​ដា ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ​អាជ្ញាធរ​ពាក់ព័ន្ធ ​និង​ភាគី​ក្រុមហ៊ុន​មេត្រីភាព​ ធ្លាប់​ព្រម​ព្រៀង​ជាមួយ​ពលរដ្ឋ​ជាង​ ៣០០ គ្រួសារ ​ក្នុងការ​ដោះស្រាយ​តាម​គោល​នយោបាយ​ជូន​ពលរដ្ឋ ​ដែល​កំពុង​អាស្រ័យផល​លើដី​ទាំងនោះ។

ប៉ុន្តែ​មិនទាន់បាន​ដោះស្រាយ​ចប់​ ព្រោះតែ​ពលរដ្ឋ​បាន​កាប់​ទន្ទ្រាន​ដី​បន្ត ​ដែលជា​ហេតុ​នាំឲ្យ​មានការ​ប្តឹងផ្តល់​មក​តុលាការ​ ទើប​បណ្តាល​ឲ្យ​​មានការ​ចាប់ខ្លួន​ពលរដ្ឋ​ទាំង ១៣ នាក់។ ទោះជា​យ៉ាងណា​លោក​អភិបាលខេត្ត ទទូច​ឲ្យ​ពលរដ្ឋ​បញ្ឈប់​សកម្មភាព​កាប់​ទន្ទ្រាន ​ដោយ​រង់ចាំ​ការដោះស្រាយ​បន្ត​ពី​អាជ្ញាធរ​ក្នុងពេល​ខាងមុខ។

លោកបញ្ជាក់ថា៖ «ពេលដែល​ក្រុមការងារ​ចុះទៅ​ពិនិត្យ​ឃើញថា​ ពិតជា​ប្រជាពលរដ្ឋ​ដែលមិនមាន​ដី​ពិត​ប្រាកដ​ ហើយ​ពិតជា​បាន​អាស្រ័យ​ផល​នៅ​នឹងកន្លែង​ អ៊ីចឹង​ក្រុមការងារ​យើង​ នឹង​ធ្វើ​ការឆ្វៀល ​ដោះស្រាយ​កាត់​ចេញពី​ដី​ក្រុម​ហ៊ុន»។

លោក​ អ៊ុន ចាន់ដា ​បានស្នើថា​៖ «សូម​​ឲ្យ​ពលរដ្ឋ ​គោរព​តាម​អ្វីដែល​បាន​ព្រម​ព្រៀង​ជាមួយ​អាជ្ញាធរ​ស្រុក (កុំ) ពង្រីក​ការកាន់​កាប់​ទន្ទ្រាន​យក​ដី​ក្រម​ហ៊ុន។ សូម​ឲ្យ​រក្សា​ប៉ុណ្ណឹង​ចុះ ​ហើយ​កុំ​ពង្រីក​បន្ថែម​ចៀសវាង​ការប្តឹង​ពី​ក្រុមហ៊ុន​ទៅ​តុលាការ​បន្ត​ទៀត។ ថ្ងៃ​ទី ៦ កុម្ភៈ​ខាង​មុខ​នេះ ​យើង​នឹង​ដឹកនាំ​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ ព្រមទាំង​អាជ្ញាធរ​​ពាក់ព័ន្ធ ​ជាពិសេស​ខាង​មន្ទីរ​កសិ​កម្ម ​និង​ខាង​តុលាការ ​ដើម្បី​ពិនិត្យមើល​នីតិវិធី​ នៃ​ការដោះស្រាយ​បញ្ហា​ទាំងនេះ​ និង​ដាក់​ផែនការ​ចុះបញ្ជី​ដី (ក្រុម​ហ៊ុន)។ ព្រោះ​ក្រុមហ៊ុន ​មិនទាន់​ចុះបញ្ជី​ដី​ទេ ​គឺ​មានតែ​សិទ្ធិ​សម្បទាន​ដែល​បាន​ចុះកិច្ចសន្យា​ជាមួយ​រដ្ឋាភិ​បាល ដើម្បី​ក្រុមហ៊ុនមាន​សិទ្ធិ​គ្រប់​គ្រាន់​តាមផ្លូវ​ច្បាប់»។

ការស្នើ​របស់​លោក​បែបនេះ​ ដោយ​លោក​អះអាងថា ​ពលរដ្ឋ​ទាំង​ ៣៣០ ​គ្រួសារ​នេះបាន​កាប់​ទន្ទ្រានលើ​ផ្ទៃដី​ទំហំ​ប្រមាណ​ ១ ពាន់​ហិកតា​ ​ដោយ​មួយផ្នែក​ជា​ដី​របស់​ក្រុមហ៊ុន​មេត្រី​ភាព ​និង​មួយផ្នែក​ទៀត​ជា​ដី​អភិរក្ស ​គូលែន​ព្រហ្មទេព។

លោក​ថា​៖ «ប៉ុន្តែ​មួយរយៈ​ពេល​ដែល​មានប​ញ្ហា ​ក្រុមហ៊ុន​ប្តឹងទៅ​ស្ថា​ប័ន​តុលា​ការ​ហ្នឹង ​ដោយសារ​ប្រជា​ពល​រដ្ឋ​ហ្នឹង មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​មួយ​ចំនួន​ ចូលទៅ​ទន្ទ្រាន​កាន់កាប់​បន្ថែម​ពីអ្វី​ដែល​បាន​ព្រមព្រៀងគ្នា។ ដូច្នេះហើយ​ នៅ​ពេល​ប្រជាពលរដ្ឋ​បន្ត​កាប់​ទន្ទ្រាន ​ទើប​មានការ​ចាប់ខ្លួន​តាម​នី​តិ​វិធី​ច្បាប់»។

ចាប់តាំង​ពី​ថ្ងៃ​ទី ១៩ ​ខែមករា​ មាន​ពលរដ្ឋ​ចំនួន ១៣ នាក់​ហើយ ​ដែល​ត្រូវបាន​តុលាការ​ខេត្ត​នេះចាប់ខ្លួន ​និង​ចោទ​ប្រកាន់​ពីបទ​ទន្ទ្រាន​ដី​អភិរក្ស​គូលែន​ព្រហ្ម​ទេព ​ដែលជា​បទល្មើស​បរិស្ថាន។ នេះ​បើតាម​ព្រះរាជ​អាជ្ញា​អមសាលា​ដំបូង​ខេត្ត​ព្រះវិហារ ​លោក ​ទី សុវិន​ថាល់។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក​ ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម ​ខេត្ត​ព្រះវិហារ​បានទេ​ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

ក្រោយ​មានការ​ចាប់ខ្លួន​ពលរដ្ឋ​ទាំងនេះ ​បាន​ឡើងមក​តវ៉ា​ដាក់​ញត្តិ​នៅ​ខុទ្ទ​កាល័យ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​ស្ថាប័ន​ចំនួន ២ ទៀត ​ដើម្បី​​សុំ​អន្តរា​គម​ន៍ ដោះស្រាយ​បញ្ហា​ដីធ្លី ​និង​ដោះលែង​ពួកគេ​ទាំង​ ១៣ ​នាក់​វិញ។

លោក ឡយ លី​ហ៊ួ​រ តំណាង​ពលរដ្ឋ​ទាំង ៣៣០ គ្រួសារ​ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ​ពួកគេ​ទាំងអស់​គ្នា​ដែល​មួយចំនួន​មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​ក្រសាំង ​ឃុំ​ត្រពាំង​ប្រាសាទ ​ស្រុក​ត្រពាំង​ប្រាសាទ ​ខេត្ត​ឧត្ត​រមានជ័យ ​និង​មួយចំនួន ​បានរស់​នៅ​ក្នុងភូមិ​អន្ទិល ​ឃុំ​យាង​ ស្រុក​ជាំ​ក្សាន្ត ​ខេត្ត​ព្រះវិហារ​ លើដី​មាន​ជម្លោះ​ផ្ទាល់​តែម្តង។ លោក​បន្តថា ​ពលរដ្ឋ​ទាំង ៣៣០ គ្រួសារ​នេះ ​បានរស់នៅ ​និង​អាស្រ័យ​ផល​បង្ក​បង្កើន​ផល​លើ​ដី​នេះជា​បន្ត​បន្ទាប់ ​តាំងពី​ឆ្នាំ ​២០១៣ ​តែ​ពុំមាន​ការហាម​ប្រាម​ពី​អាជ្ញាធរ​ភូមិ​ឃុំ​នោះទេ ​ទើបតែ​នៅក្នុង​ឆ្នាំ ២០១៨​ ដែល​ទាហាន​ការពារ​ដី​ក្រុមហ៊ុន​អះអាងថា ​ជា​ដី​របស់​ក្រុមហ៊ុន។

លោក​បន្តថា​៖ «ចូលមក​កាន់កាប់​ពីដំបូង ​ដី​នោះ​ជា​ព្រៃរបោះ​ សល់​ពី​ក្រុមហ៊ុន​មេត្រីភាពកាប់​យក​ឈើ​អស់ ​ហើយ​បន្ទាប់ពី​ក្រុមហ៊ុន​មេត្រីភាព​កាប់​យក​ឈើ​អស់ ​គឺ​ព្រៃរបោះៗ ​ជា​ព្រៃ​រេច​រឹល។ កាល​ហ្នឹង​ គេ​កាប់​យកតែ​ឈើ មិន​ពាក់ព័ន្ធ​ជាមួយ​ដី​របស់​រដ្ឋ ដល់ពេល​អស់​ឈើ​ទៅ ឮថា​ខាង​ក្រុមហ៊ុន​មេត្រីភាព​ហ្នឹង គេ​វិនិយោគ​យក​ដី​ហ្នឹង​បន្ត​អ៊ីចឹង»។

តំណាង​រូបនេះ​ បាន​អះអាងថា ​ដើមឡើយ​ ក្រុមហ៊ុន​អះអាងថា ​ដី​ដែល​ពួកគាត់​កាន់កាប់​នោះ​ គឺជា​ដី​របស់​ក្រុមហ៊ុន​ ហើយ​បន្ទាប់មក​ក៏​អះអាងថា​ ដី​នោះ​ជា​ដី​អភិរក្ស​គូលែន​ព្រហ្ម​ទេព ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន​វិញ ​ក្រោយ​មានការ​ចាប់ខ្លួន​ពលរ​ដ្ឋ​ចំនួន ១៣ នាក់​ជា​បន្តបន្ទាប់​រួចមក។ ដូច្នេះ​ពលរដ្ឋ​ស្នើ​ឲ្យ​ដោះ​ស្រាយ​ឲ្យ​មាន​តម្លាភាព និង​ប្រគល់​ដី​ដែល​ខ្លួន​កាន់កាប់​នោះ​មកឲ្យ​ពលរដ្ឋ​កាន់កាប់​វិញ ​ហើយ​ពួកគេ​ក៏​មិន​បន្ត​ទន្ទ្រាន​ដី​ក្នុង​តំបន់​នោះ​ទៀត​ដែរ។

ពលរដ្ឋ​ម្នាក់ទៀត​ អ្នកស្រី ​ឈុំ សាវឿន ​អាយុ ៦៦ ឆ្នាំ ​បាន​អះអាងថា ​ខ្លួន​បាន​មក​តាំងទី​លំនៅ​លើដី​នេះ ​រយៈពេល ​៥ ឆ្នាំ​ហើយ ​ដែល​មាន​​ដី​ត្រឹមតែ​ជាង​ ២ ​ហិកតា​ប៉ុណ្ណោះ​ សម្រាប់​បង្ក​បង្កើន​ផល ​ព្រោះតែ​ខ្លួន​គ្មាន​ទី​ជម្រក។

អ្នកស្រី​បញ្ជាក់ថា​៖ «អភិរក្ស​ឯណា បើ​ខ្ញុំ​ធ្វើ ៥ ឆ្នាំ​ហើយ ​បើ​ធ្វើ​តាំង​​ពី​ដំបូង ​គេ​ហាមឃាត់​ខ្ញុំ​ ក៏​មិន​ធ្វើ​ដែរ ​តែ​វា​អត់​មាន (អ្នក​ហាមឃាត់) ។​​​ស្រាប់​ទើបតែ​ទាហាន​គេ​លុក​លុយ​លើក​ក្រោយ​នេះ ​ខ្ញុំ​ដាំដំឡូង ​គាស់​ដំឡូង​ពេញ​ចម្ការ ​ហើយ​ស្រាប់តែ​ដល់ពេល​ឥឡូវ ​ទើបតែ​ប៉ុន្មាន​ខែ ​គេ​ចូលចាប់​ប្រជា​ពលរដ្ឋ​វ៉ៃ​ផង​អី​ផង ហើយ​គេ​ហាម​មិន​ឲ្យ​យើង​ចូល»។

អ្នកស្រី​បន្ត​ទាំង​សំឡេង​តតាក់តតុប​អួលដើមក​ថា​៖ «យើង​រស់​នឹង​អី ​បើ​យើង​រស់​តែ​ប៉ុណ្ណឹង​ហ្នឹង​ ព្រោះ​យើង​ជា​អ្នកស្រែ​អ្នកចម្ការ ​ហើយ​ដូច​ពួក​ខ្ញុំ និយាយ​មុខ​ភ្លើង​សូម្បី​ដី​តែមួយ​ចម្អាម ​ឬមួយ​ម៉ែត្រ ​ខ្ញុំ​គ្មាន។ ម្ល៉ោះហើយ​មិន​ចង់បាន​ច្រើន​ទេ ត្រឹម​តែមួយ​រស់​ចិញ្ចឹម​ខ្លួន​ទម្រាំ​ដល់​ថ្ងៃ​ស្លាប់»។

ប៉ុន្តែពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា ​ក្រុមហ៊ុន​មេត្រីភាព ​ទទួលបាន​សិទ្ធិ​វិ​និ​យោគ​លើដី​នេះ តែ​បែរ​ជា​កាប់​បំផ្លាញ​ព្រៃឈើ​​នោះ ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​ទាហាន​ម្នាក់​ឈ្មោះ ​រីម ខេន​ ហៅ ​លុយ សម្បត្តិ ​ដែល​ពលរដ្ឋ​ចោទ​ថា ​ជា​ទាហាន​ការពារ​ដី​ក្រុមហ៊ុន​បាន​ទេ ​កាល​ពីម្សិលមិញ ​ព្រោះតែ​ទូរស័ព្ទ​ចូល​មិនមាន​អ្នក​ទទួល។

បើតាម​លោក ចាន់ សុវុទ្ធ ​រដ្ឋ​លេខាធិការ ​និង​ជា​ប្រធាន​លេខា​ធិការដ្ឋាន​សម្បទាន​ដី​សេដ្ឋកិច្ច​នៃ​ក្រសួង​កសិកម្ម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ជា​គោល​ការ​ណ៍​ជូន​ក្រុមហ៊ុន ​មេត្រីភាព ​ដែលមាន​ម្ចាស់​ឈ្មោះ ​ឡុង ចន្ទ​វាសនា ​ជនជាតិ​ខ្មែរ​ធ្វើការ​វិនិយោគ​លើ​វិស័យ​ដំណាំ​ក​សិឧស្សាហកម្ម​ និង​ចិញ្ចឹមសត្វ​ក្នុង​តំបន់​នោះ​លើ​ផ្ទៃដី ៨៥២០ ​ហិកតា ( ៧០ ឆ្នាំ) តាមរយៈ​លិខិត​លេខ ៤៨២ ​ចុះ​ថ្ងៃទី ០៤ ​ខែឧសភា​ ឆ្នាំ ២០១២ ​របស់​ទីស្ដីការ​​គណៈរដ្ឋមន្ត្រី ​និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​បន្ត​នីតិវិធី​ជា​ធរមាន​លើ​ផ្ទៃដី​ដែល​បាន​ដោះស្រាយ​ផលប៉ះពាល់​រួចនិង​កែសម្រួល​រយៈពេល​វិនិ​យោគ​ពី ៧០ ឆ្នាំ​ មក ៥០ ឆ្នាំ​វិញ ​តាមរយៈ​លិខិត​លេខ ​១៩៥ ចុះ​ថ្ងៃទី ២៤ ​ខែកុម្ភៈ​ ឆ្នាំ ២០១៥ ​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី។

លោក​ ចាន់ សុ​វុ​ទ្ធ បន្តថា ​ដោយ​​សារតែ​ផ្ទៃដី​មាន​ទំហំ​ធំ ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​បានចេញ​គោលការណ៍​ឲ្យ​ក្រុមហ៊ុន​សហការ​​ជាមួយ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ជូន​ពលរដ្ឋ​នៅ​នឹង​កន្លែង​ជាមុនសិន ​មុននឹង​ចាប់ផ្តើម​សកម្មភាព។

លោក​បញ្ជាក់ថា​៖ «ប្រជាពលរដ្ឋ​គាត់​ចោទថា​ ក្រុមហ៊ុន​កាប់​ឈើ ​គឺជា​រឿង​របស់​គាត់ ​ប៉ុន្តែ​បើតាម​ច្បាប់ យើង​អត់​មាន​ឲ្យ​គាត់​ធ្វើ​អី​ដែល​ខុសពី​ច្បាប់​នោះទេ ​ក្នុងករណី​ដែល​គាត់​មិនទាន់​ដោះស្រាយ​ផលប៉ះពាល់ ​មិនទាន់​ចុះ​បញ្ជីដី​រដ្ឋ​ គឺ​យើង​មិន​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​អី​ទេ។ ជាទូទៅ​បើ​យើង​ស្រាវជ្រាវ​ទៅ​ឃើញថា ​ក្រុមហ៊ុន​នោះ​ពិតជា​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​មែន​ រដ្ឋ​នឹង​ដក​​ហូត​ដី​នោះ​មក​វិញ»។

លោក ​ឡោ ច័ន្ទ ​មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិ​មនុស្សអាដហុក​ប្រចាំខេត្ត​ព្រះវិហារ ​ថ្លែងថា​ តាមរយៈ​ការឃ្លាំមើល​របស់​ខ្លួន ​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៣០០ គ្រួសារ​នោះ ​គឺ​​មួយចំនួន​បានមក​រស់នៅ​ក្នុង​តំបន់​នេះជា​យូរ​មកហើយ ​ខណៈ​មួយចំនួន​ទើបតែ​មកកាន់​កាប់ ​ដូច្នេះ​អាជ្ញាធរ​គួរតែ​ដោះស្រាយ​ឲ្យ​មាន​តម្លាភាពដល់​ប្រជា​ពលរដ្ឋ។

លោក​ក៏អះអាង​ដែរថា​ ការកាន់​​កាប់​ និង​ទន្រ្ទានដី​ក្នុង​តំបន់នោះ​ មិនមែនមានតែ​ពលរដ្ឋ​នោះទេ ​គឺមាន​ក្រុមទាហាន​មួយចំនួន​ផងដែរ ​ដូច្នេះ​លោកស្នើឲ្យ​អាជ្ញាធរ​ដោះស្រាយ​ដោយ​តម្លាភាព។

លោក​បញ្ជាក់ថា​៖ «អាជ្ញាធរ ​គួរតែ​សិក្សា ​និង​ដោះស្រាយ​ក្នុងនាម​កណ្តាល​ដែរ ​បើ​ដោះស្រាយ​តាម​គោលនយោ​បាយ​ស្បែក​ខ្លា គឺ​ត្រូវ​សិក្សា ថា​តើ​ប្រជា​ពលរដ្ឋ​ណា ​ដែល​កាន់កាប់​ដី​របស់​គាត់​មាន​រយៈពេល​យូរ​នោះ ​គួរតែ​ប្រើ​រូបមន្ត​ស្បែក​ខ្លា​ទៅ ​តែ​ប្រជាពលរដ្ឋ​ណា ​ដែល​ទើប​មកកាន់​កាប់ ​ជាគោល​ការណ៍​របស់រ​ដ្ឋា​ភិ​បាល ឬ​ផ្លូវច្បាប់ ​យើង​អាច​ឲ្យ​គាត់​ស្នើ​តាមរយៈ​អាជ្ញាធរ​សុំ​ដី​សម្បទាន​សង្គមកិច្ច​វិញ ​បើសិនជា​គាត់​អត់​ដី​បង្កបង្កើនផល​ ព្រោះ​បើ​ក្រុមហ៊ុន​មាន​ឆន្ទៈ​ពិតមែន ត្រឹម​ដី​ប៉ុន្មាន​ពាន់​ហត្ថ ​គាត់​អាច​ឆ្វៀ​ល​ជូន​ប្រជាពលរដ្ឋ​បាន​ហើយ»៕