មណ្ឌលគិរី: អាជ្ញាធរ​ស្រុក​កែវសីមា​កំពុង​ស្រាវស្រាវ​រក​អ្នកពាក់ព័ន្ធ​នឹង​ឈ្មួញ​ឈើ​ម្នាក់​ដែល​បាន​ដើរ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ជាង​ ២០០ ​នាក់ ​ហើយ​បានដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី​ស្នើឲ្យ​ដកតំណែង​លោក ហឿន សុខណា ពី​អភិបាលរង​ស្រុក​កែវសីមា​ដោយ​ចោទថា ប៉ុនប៉ង​មនុស្សឃាត និង​ពាក់ព័ន្ធ​នឹង​ការស៊ីសំណូក​ពី​ឈ្មួញ​ឈើ​ធំៗ​។

លោក ហឿន សុខណា បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៣ ខែ​សីហា​ ថា អាជ្ញាធរ​កំពុង​ធ្វើការ​ស្រាវជ្រាវ​​រក​អ្នកពាក់ព័ន្ធ​នឹង​ឈ្មួញ​ឈើ​ម្នាក់​រស់នៅ​ភូមិ​ឡាប៉ាខេ ឃុំ​ស្រែខ្ទុម ដែល​បាន​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ចំនួន ២៣០ នាក់​ហើយ​បាន​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការខេត្ត​មណ្ឌលគិរី​ទាមទារ​ឲ្យ​ដកតំណែង​លោក​ចេញ​ពី​អភិបាលរង​ស្រុក​កែវសីមា​។

លោក​បន្តថា ការប្ដឹង​នេះ​ដោយសារ​កាលពី​ថ្ងៃ​ទី​ ២២ ខែ​ កក្កដា ឆ្នាំ​ ២០២០ លោក​បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ដោយ​រឹបអូស​យក​វត្ថុតាង​ជាក់ស្តែង​មាន​រថយន្ត​ ១ ​គ្រឿង ដឹកឈើ ៣ ​ដុំ និង​បន្ត​ចុះមក​ប្រមូល​ឈើ​ដែល​ស្តុក​ទុក​នៅ​ផ្ទះ​ឈ្មោះ ឈាង តៃស្រ៊ីន បាន​ចំនួន ៣៤ ​កំណាត់​បន្ថែមទៀត​។ ដូច្នេះ​ឈ្មួញ​ ឈើ ឈាង តៃស្រ៊ីន នេះ​បាន​ប្រឌិត​រឿង​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ឡាប៉ាខេ ឃុំ​ស្រែខ្ទុម ប៉ុន្ដែ​ប្រជាពលរដ្ឋ​ទាំង​ ២៣០ ​នាក់​នេះ​មិន​បាន​ដឹង​រឿង​អ្វី​ទាំងអស់​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​ចាត់​ឲ្យ​រដ្ឋបាល​ស្រុក និង​រដ្ឋបាល​ឃុំ​ស្រែខ្ទុម​ចុះ​ទៅ​សាកសួរ​ប្រជាពលរដ្ឋ​ផ្ទាល់​ដែល​គាត់​បាន​ផ្តិតមេដៃ សួរ​មូលហេតុ​អ្វី​បាន​ជា​គាត់​ចង់​ដកតំណែង​ខ្ញុំ គឺ​ពួកគាត់​បាន​ឆ្លើយថា ការផ្តិត​ស្នាម​មេដៃ​នេះ​គឺ​ដើម្បី​ស្នើសុំ​បណ្ណ​ក្រីក្រ​ជួយ​ដល់​គ្រួសារ​មួយ​ឈ្មោះ ឈាង តៃស្រ៊ីន ដែល​កូន​គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហើយ​ខ្វះ​លុយ​»​។

លោក​បញ្ជាក់ថា​៖ «​ពលរដ្ឋ​ឆ្លើយថា ពួកគាត់​មិន​នឹកស្មាន​ថា គេ​យក​មេដៃ​គាត់​ទៅធ្វើ​រឿង​បែប​នេះ​ទេ​ព្រោះ​កាល​ដែល​គេ​មក​ឲ្យ​គាត់​ផ្ដិតមេដៃ​នេះ គេ​មិន​បញ្ជាក់​មូលហេតុ​ប្រាប់​ពួកគាត់​ទេ​។ ចំពោះ​ចំណាត់ការ​យ៉ាងណា​នោះ​ខ្ញុំ​នៅ​មិនទាន់​ដឹង​នៅ​ឡើយ ព្រោះ​ថ្នាក់លើ​គាត់​មាន​វិធានការ គឺ​កំពុង​ស្រាវជ្រាវ​អ្នកពាក់ព័ន្ធ​ស្នាម​មេដៃ និង​អ្នកដើរ​ប្រមូល​ហ្នឹង​»​។

លោក ផេង សាវួន នាយប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ស្រែខ្ទុម​ថ្លែងថា តាមរយៈ​ការសាកសួរ​ប្រជាពលរដ្ឋ​ដែល​បាន​ផ្ដិតមេដៃ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ពួកគាត់​ពិតជា​បាន​ផ្ដិតមេដៃ​ឲ្យ​បុគ្គល​ឈ្មោះ​ ឈាង តៃស្រ៊ីន មែន ព្រោះ​គាត់​បាន​មក​សុំ​ឲ្យ​ពលរដ្ឋ​ផ្ដិតមេដៃ​ដើម្បី​ស្នើសុំ​បណ្ណ​ក្រីក្រ ពី​អាជ្ញាធរ​សម្រាប់​យកទៅ​សម្រួល​ដល់​ការព្យាបាល​កូន​នៅ​កំពុង​ដេកពេទ្យ​។

លោក​បន្តថា ប្រជាពលរដ្ឋ​ដែល​បាន​ផ្ដិតមេដៃ​នេះ មិន​បាន​ដឹង​គេ​យក​ស្នាម​មេដៃ​ពួកគាត់​ទៅ​ប្ដឹង​តុលាការ​ឲ្យ​ដកតំណែង​លោក ហឿន សុខណា ទេ ដោយសារ​ពួកគាត់​មិនសូវ​ចេះ​អាន​អក្សរ​។

លោក សាវួន ថា​៖ «​ឈាង តៃស្រ៊ីន បាន​យក​ក្រដាស​ ១ ​សន្លឹក​មក​ឲ្យ​ពលរដ្ឋ​ជួយ​ផ្ដិតមេដៃ ហើយ​ក្នុង​ក្រដាស​ហ្នឹង​អត់​មាន​សរសេរ​អក្សរ​អ្វី​ទេ​ដោយ​គ្រាន់តែ​យក​ហុច​ឲ្យ​ពួកគាត់​ជួយ​ផ្ដិតមេដៃ ទោះបី​ពលរដ្ឋ​សួរ​បញ្ជាក់​ក៏​តៃស្រ៊ីន មិន​ឆ្លើយ​ប្រាប់​ការពិត​ទេ គឺថា​យក​ទៅ​ជួយ​កូន​នៅ​ពេទ្យ​»​។

អ្នកស្រី​ឈាង តៃស្រ៊ីន អាយុ​ ៥៦ ​ឆ្នាំ ​រស់នៅ​ភូមិ​ឡាប៉ាខេ ឃុំ​ស្រែខ្ទុម ស្រុក​កែវសីមា មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណី​នេះ​បានទេ​។ ប៉ុន្តែ​បើ​តាម​ពាក្យបណ្តឹង​របស់​អ្នកស្រី​ តៃស្រ៊ីន ចុះ​ថ្ងៃទី​ ១ ខែសីហា ដែល​ដាក់​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ពី​ថ្ងៃ​ទី​ ៣ ខែ​សីហា ឲ្យ​ដឹងថា​៖ «​នាង​ខ្ញុំ និង​ប្រជាពលរដ្ឋ​ស្រុក​កែវសីមា​ចំនួន​ ២៣០ ​នាក់​ កើតទុក្ខ​មិន​សុខចិត្ត សុំ​ដាក់​ពាក្យបណ្តឹង ប្តឹង​ឈ្មោះ ហឿន សុខណា ភេទ​ប្រុស ជា​អភិបាលរង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ដោយ​អភិបាលរង​រូបនេះ មាន​បំណង​ប៉ុនប៉ង​ធ្វើបាប​ពលរដ្ឋ​ក្នុង​ស្រុក​កែវសីមា​ដែល​មាន​ចេតនា​ប្រើ​អំពើ​ហិង្សា​ទៅលើ​ប្រជាពលរដ្ឋ ដែល​ជា​កូនចៅ​ក្នុង​ស្រុក​របស់ខ្លួន​»​។

ពាក្យបណ្តឹង​បន្តថា​ លោក ហឿន សុខណា នេះ​គាត់​អាង​អំណាច​បាន​យក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​បាញ់សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់ ហើយ​គាត់​បាន​យក​ឡាន​ទៅ​ដេញ​បំបុក និង​ប៉ុនប៉ង​ធ្វើឃាត​ប្រជាពលរដ្ឋ ដែល​គ្នា​ដឹក​ចំនៀរ​ឈើ​បន្តិចបន្តួច យក​ទៅ​លក់​គ្រាន់​បាន​កម្រៃ​ចិញ្ចឹម​គ្រួសារ​។

ពាក្យបណ្តឹង​បញ្ជាក់ថា​៖ «​រូបនាង​ខ្ញុំ ឈាង តៃស្រ៊ីន និង​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កែវសីមា សំណូមពរ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​មេត្តា​ដកតំណែង​ឈ្មោះ​ ហឿន សុខណា ដែល​ជា​មន្ត្រី​ឃោរឃៅ គ្មាន​សីលធម៌​ប្រើ​អំពើហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​។ ម្យ៉ាងទៀត​លោក ហឿន សុខណា នេះ​មើល​ឃើញតែ​អ្នក​ដឹក​ចំនៀរ​ឈើ​បន្តិចបន្តួច ប៉ុន្ដែ​បើ​ឈ្មួញ​ដឹកឈើ​មាន​ឡាន​ធំៗ​គាត់​មិន​ដែល​ចាប់​ទេ ព្រោះ​មន្ត្រី​រូបនេះ​ស៊ីសំណូក​សូកប៉ាន់​ពី​ឈ្មួញ​ធំៗ​ច្រើនណាស់​»​។

លោក មាស ប្រុស អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ថ្លែង​ថា លោក​បាន​ទទួល​ពាក្យបណ្ដឹង​របស់​អ្នកស្រី​ ឈាង តៃស្រ៊ីន រួចហើយ​នៅ​ថ្ងៃទី​ ៣ ​ខែសីហា ហើយ​លោក​កំពុង​ធ្វើការ​ត្រួតពិនិត្យ និង​ចុះ​លេខ​ក្នុង​ពាក្យបណ្ដឹង ដើម្បី​បញ្ជូន​បន្ត​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ពិនិត្យ​ដើម្បី​ចាត់ចែង​តាម​នីតិវិធី​៕