កណ្ដាល: អាជ្ញាធរ​ស្រុក​លើកដែក​កាលពី​ម្សិលមិញ​បាន​ចុះទៅ​ពិនិត្យមើល​ផលប៉ះពាល់​នៃ​ការបាក់​ច្រាំងទន្លេ​ ​ដើម្បី​ផ្តល់ជំនួយ បន្ទាប់ពី​មាន​ករណី​បាក់​ច្រាំងទន្លេ​កាលពី​ថ្ងៃទី​ ២៣ ខែ ឧសភា ឆ្នាំ​ ២០២១ នៅមុខ​វត្ត​ព្រែកដាច់ ស្ថិតនៅ​ភូមិ​ព្រែកដាច់ ឃុំ​ព្រែកដាច់ ស្រុក​លើកដែក ខេត្ត​កណ្តាល​ដែល​ធ្វើឱ្យប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ២៦ ​គ្រួសារ​។

លោក ចាប ច័ន្ទវិទ្យា អភិបាល​ស្រុក​លើកដែក​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ស្រុក និង​កាកបាទ​ក្រហម​ខេត្តកណ្តាល​កំពុង​ចុះ​​ទៅ​ពិនិត្យ​មើល​ផលប៉ះពាល់​​ ដើម្បី​រៀបចំ​ការជួយ​គាំទ្រ​ដល់​ពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយ​ការបាក់​ច្រាំង​ទន្ល នាំឱ្យ​ខូចខាត​ផ្ទះសំបែង​ទាំងនោះ​។

លោក​ថ្លែងថា​៖ «​នៅ​ទីនោះ​មិន​មាន​សំណង់​រឹងមាំ​ទេ គឺជា​ផ្ទះ​តូចៗ ប្រក់​បាំង​ស័ង្កសី​ខ្លះ ឈើ​ខ្លះ មាន​សំណង់​ផ្ទះថ្ម​ខ្លះ​ដែរ តែ​គាត់​ធ្វើ​អត់​រឹងមាំ​ទេ​សំណង់​ហ្នឹង​គាត់​ធ្វើ​តាំងពី​យូរ​ឆ្នាំ​មកហើយ​»​។

បើតាម​លោក ចាប ច័ន្ទវិទ្យា ការបាក់​ច្រាំងទន្លេ​នេះ តែង​កើត​មាន​ជា​រៀងរាល់ឆ្នាំ​។ ជាក់ស្តែង​សម្រាប់​ឆ្នាំនេះ​មាន​ការប្រេះ​ដី​ចូល​ច្រាំងទន្លេ​ដល់​ប្រមាណ​ជាង​ ៣០ ​ម៉ែត្រ ចំណែក​ទទឹង​ដែល​បាន​បាក់​លើក​នេះ​ចូល​ជិត​ ៤​ ម៉ែត្រ​ផងដែរ​។

លោក ហាំ ធូ អធិការ​នគរបាល​ស្រុក​លើកដែក​ឱ្យដឹងថា ការបាក់​ច្រាំងទន្លេ​នេះ​កើតឡើង​នៅក្នុង​ភូមិ​ព្រែកដាច់ ឃុំ​ព្រែកដាច់ ស្រុក​លើកដែក នៅ​វេលា​ម៉ោង​ ២ និង​ ៣០ ​នាទី​រសៀល​។ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​លើកដែក​បាន​ចុះទៅ​ជួយ​យក​សម្ភារ​ចេញពី​កន្លែង​ប្រឈម​ការបាក់ដី និង​ជួយ​រុះរើ​ផ្ទះ​ដែល​ប្រឈម​នឹង​ការបាក់​ស្រុត​នៅ​ទីនោះ​ទៅកាន់​​ទី​មាន​សុវត្ថិភាព​បាន​មុន​ ១ ​ថ្ងៃ ហេតុនេះ​មិនមាន​ពលរដ្ឋ​ណា​ម្នាក់​ជួប​គ្រោះថ្នាក់​នោះទេ​។

លោក​ថ្លែងថា​៖ «​ការប៉ះពាល់​នៅ​ចំណុច​ហ្នឹង​មាន​ ២៦ ​ខ្នង​ផ្ទះ ហើយ​យើង​បាន​ចុះទៅ​ជួយ​អន្តរាគមន៍​ប្រជាពលរដ្ឋ​នូវ​អ្វីដែល​យើង​អាចធ្វើ​បាន គឺ​យើង​ជួយ​ពួកគាត់​រុះរើ​ផ្ទះ និង​យក​របស់របរ​សំខាន់ៗ​ចេញ​ពី​ទីនោះ​។ យើង​អាចជួយ​ពួកគាត់​បាន​ទាន់ពេលវេលា​ដោយសារ​តែ​មុនពេល​បាក់​ ១ ​ថ្ងៃ ពលរដ្ឋ​ប្រាប់ថា មានការ​ប្រេះ​ដី ពេល​យើង​ដឹង​ហេតុ​អ៊ីចឹង ក៏​ប្រាប់​ឱ្យ​ពលរដ្ឋ​ចេញពី​ទីនោះ ដើម្បី​កុំឱ្យ​មាន​គ្រោះថ្នាក់​»​។

បើតាម​លោក ហាំ ធូ ការបាក់​ច្រាំងទន្លេ​នេះ​បាន​បណ្តាល​ឱ្យ​មាន​ការខូចខាត​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដែល​រុះរើ​មិនទាន់​។ ​ករណី​នេះ​កន្លងមក​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ធ្លាប់បាន​ក្រើនរំឭក​ពលរដ្ឋ​នៅ​ទីនោះ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការបាក់​ច្រាំងទន្លេ​ផងដែរ​។

លោក​ថ្លែងថា​៖ «​មូលហេតុ​បាក់​ច្រាំង​ហ្នឹង​គឺ​កន្លែង​ហ្នឹង​វា​ធ្លាប់​បាក់​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ម្តង​ហើយ​។ មួយទៀត​គឺ​ចំណុច​ហ្នឹង​នៅ​ចំ​ផ្លូវទឹក​ហូរ​ដែល​ខ្សែទឹក​បុក​ចំ អ៊ីចឹង​កន្លែង​ហ្នឹង​វា​ចេះតែ​បាក់​បន្តបន្ទាប់​អ៊ីចឹងទៅ ហើយ​យើង​អត់​ដឹង​ពេលវេលា​វា​បាក់​នៅពេលណា​ម៉ោង​ណា​ប្រាកដ​នោះទេ​»៕

វីដេអូ៖