ព្រះវិហារ: អាជ្ញាធរ​មូលដ្ឋាន​បាន​បង្ក្រាប និង​រឹបអូស​ឈើ​ជិត​ ១០ ​ម៉ែត្រគុប​ ដែល​ត្រូវ​បាន​លាក់ទុក​នៅ​ទីកន្លែង​ដោយឡែក​ពី​គ្នា​នៅក្នុង​ឃុំ​ចំនួន​ ២ ក្នុង​ស្រុក​ឆែប ខណៈ​សមត្ថកិច្ច​កំពុង​តាមដាន​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនល្មើស ដែល​បាន​គេច​ខ្លួន​ពី​ទីតាំង​ឈើ​ទាំង​ ២ ​កន្លែង​នោះ​។

លោក សុខ សាន្តតារ៉ា អភិបាល​ស្រុក​ឆែប​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​ស្រុក​ឆែប​កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជុំវិញ​ការលួចលាក់​ឈើ និង​បើក​រោង​កែច្នៃ​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

ជាក់ស្តែង​នៅ​ថ្ងៃទី​ ១៦ ខែ​កក្កដា​​ នេះ​ សមត្ថកិច្ច​បាន​ចុះបង្ក្រាប និង​រឹបអូស​ឈើ​ជាង ៣ ម៉ែត្រគុប​ដែល​ជា​ឈើ​សន្និធិ​ដែល​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​តាម​ច្បាប់ ហើយ​ឈ្មួញ​លាក់ទុក​នៅ​ក្រោយ​ភូមិ​ឆែបលិច ឃុំ​ឆែបមួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។

នៅ​ថ្ងៃទី​ ១៧ ខែកក្កដា អាជ្ញាធរ​បាន​ចុះបង្ក្រាប និង​ដកហូត​ឈើ​ជាង ៥ ​ម៉ែត្រគុប​ទៀត​ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ព្រៃ​ស្ថិត​នៅ​ភូមិ​ពោធិ៍ទាប ឃុំ​ម្លូព្រៃមួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។ ដូច្នេះ​ឈើ​ប្រភេទ​លេខ ២ ​នេះ​មាន​ចំនួន​សរុប​ជិត ១០ ​ម៉ែត្រគុប​ដោយ​វត្ថុតាង​ទាំងអស់​ត្រូវ​បាន​ប្រគល់​ជូន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​ចាត់ចែង​តាមច្បាប់​។

លោក សាន្តតារ៉ា បញ្ជាក់​ថា​៖ «​យើង​កំពុង​ស្រាវជ្រាវ​រក​ជនល្មើស តែ​រហូត​មក​ដល់ពេល​នេះ ខ្ញុំ​មិន​ទាន់​ទទួល​​ដំណឹង​អ្វី​ពី​មន្ត្រី​ជំនាញ​យើង​បន្ថែមទៀត​ទេ​។ ករណីនេះ​គឺ​មិនមែន​ឈ្មួញ​នៅក្នុង​ស្រុក​នេះ​អ្នកប្រព្រឹត្ត​ទេ គឺ​អាចជា​អ្នក​ដែល​ចំណាកស្រុក​ផ្សេង ព្រោះ​ខ្ញុំ​បាន​សាកសួរ​អ្នកភូមិ​យើង​ខ្លះ​ដែរ គាត់​ឆ្លើយថា ម្ដុំ​យើង​ហ្នឹង​អត់​មាន​អ្នកជួញដូរ​ឈើ​ទេ អ៊ីចឹង​មាន​តែ​អ្នក​ក្រៅ​មក​ប្រព្រឹត្ត​បទល្មើស​ហ្នឹង​»​។

លោក នួន សុខុម នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​ពី​ម្សិលមិញ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ​។

លោក ពឹង ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះវិហារ​ពី​ម្សិលមិញ​បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ ដោយ​លោក​បាន​ទទួល​ទូរស័ព្ទ ប៉ុន្ដែ​ចុច​ផ្ដាច់​ទូរស័ព្ទ​វិញ​។

លោក ឈួន ម៉ារឌី អធិការនគរបាល​ស្រុក​ឆែប​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​លោក​មិន​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​ទេ ប៉ុន្ដែ​លោក​គ្រាន់តែ​ទទួល​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ​៕