សៀមរាបៈ អាជ្ញាធរ​ស្រុក​បន្ទាយស្រី​បាន​ចាប់ផ្តើម​ប្រមូលផល​ស្រូវ​ពី «​ស្រែ​សង្គម​» ក្នុង​ជុំ​ទី​ ១ ក្រោយពី​ដាំដុះ​អស់​រយៈពេល​ជិត ៤ ​ខែ​កន្លងមក លើ​​ផ្ទៃដី ៤០ ​ហិកតា ដើម្បី​យក​​ទៅ​ចែកជូន​ពលរដ្ឋ​ក្រីក្រ​ជិត ២ ០០០ ​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ពី​វិបត្ដិ​ជំងឺ​កូវីដ​១៩​។

លោក​ ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ទិន្នផល​ស្រូវ​ពី​ស្រែ​សង្គម​លើ​ផ្ទៃដី ៤០ ​ហិកតា​ដែល​អាជ្ញាធរ​ប្រវាស់​ពី​ពលរដ្ឋ​យក​មក​ដាំដុះ​ប្រភេទ​ពូជស្រូវ​ស្រាល​នេះ​នឹង​ផ្ដល់​ទិន្នផល​ប្រមាណ ១០០ ​តោន ព្រោះ​តាម​មន្ត្រី​ជំនាញ​បច្ចេកទេស​បញ្ជាក់ថា ក្នុង​ ១ ​ហិកតា​អាច​ប្រមូលផល​ស្រូវ​បាន​ចាប់ពី ៣ ​តោន ទៅ ៣,៥ ​តោន​។

លោក​ថ្លែងថា​៖ «​ស្រែ​សង្គម​នេះ​ធ្វើ​ឡើង​ក្នុង​គោលដៅ​ជួយ​ដល់​សង្គម​តាមរយៈ​ការប្រវាស់​ដីស្រែ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដីស្រែ​ដើម្បី​យក​ដីស្រែ​នោះ​មក​ធ្វើស្រែ​ក្នុង​គោលដៅ​ផលិត​អង្ករ​ចែកជូន​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​វិបត្ដិ​កូវីដ​១៩ ក្រោម​ក្របខ័ណ្ឌ ក្រ​ ១ ​ក្រ​ ២»​។

លោក​អភិបាលស្រុក​ឱ្យ​ដឹងថា ការ​ប្រវាស់​ដីស្រែ​នេះ រដ្ឋបាល​ស្រុក​នឹង​ផ្ដល់​ផល​ស្រូវ​ជូន​ពលរដ្ឋ​ជា​ម្ចាស់​ដីស្រែ​តាម​ផល​ស្រូវ​ដូចដែល​ពួកគាត់​ធ្លាប់​បានធ្វើ​កាលពី​ឆ្នាំ​កន្លង​មក​។ ចំណែក​ផល​ស្រូវ​ដែល​នៅសល់​ទើប​រដ្ឋបាល​ស្រុក​យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​។ ការដាំដុះ​ស្រូវ​នេះ​ទទួល​បាន​ការជួយ​ឧបត្ថម្ភ​ទាំងស្រុង​ពី​សប្បុរសជន​នានា​។

លោក​ថ្លែងថា​៖ «​ពូជស្រូវ​យើង​ទទួល​បាន​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ដ ហើយ​ជី​សម្រាប់​ដាំដុះ​ទទួល​បាន​ពី​សប្បុរសជន​។ ចំណែក​កម្លាំង​ពលកម្ម យើង​មាន​អ្នក​ស្ម័គ្រចិត្ដ​ជួយ​ហើយ​ឥឡូវ ស្រូវ​ទុំ​ម៉ាស៊ីន​ច្រូតកាត់​ស្រូវ​ក៏សប្បុរសជន​ឱ្យ​យើង​ខ្ចី​យក​មក​ច្រូត​ដែរ​»​។

អ្នកចូលរួម​ប្រមូលផល​ស្រូវ​ពី​ «​ស្រែ​សង្គម​» នៅ​ស្រុក​បន្ទាយស្រី​កាលពី​ថ្ងៃទី​ ៣១ ​ខែ​សីហា​។ រូបថត រដ្ឋបាល​ស្រុក​បន្ទាយស្រី

លោក​ឱ្យដឹងថា តាមរយៈ​ទិន្នផល​ស្រូវ​ល្អ​បែបនេះ បាន​ផ្តល់​ក្តីសង្ឃឹម​សាជាថ្មី​ដល់​ក្រុម​ការងារ​គម្រោង​​ «​ស្រែ​សង្គម​» ​ក្រោយពី​ខិតខំ​ប្រឹងប្រែង​អស់​រយៈកាល​ជិត​ ៤ ​ខែ​កន្លងមក​។ លោក​បន្ថែមថា ដោយ​ទទួល​បាន​ជំនួយ​របស់​សប្បុរសជន រដ្ឋបាល​ស្រុក​នឹង​បន្ត​ធ្វើស្រែ​សង្គម​នេះ​នៅ​ជុំ​ទី​ ២ ​ម្ដង​ទៀត ក្រោយ​ច្រូតកាត់​រួចរាល់​។

លោក​បញ្ជាក់ថា​៖ «​ក្រុម​ការងារ​នឹង​រៀបចំ​ប្រមូលផល​ស្រូវ​លើ​ផ្ទៃដី​ស្រែ ៤០ ​ហិកតា​នេះ​ជា​ដំណាក់កាលៗ ព្រោះ​ហេតុតែ​ការចាប់ផ្តើម​ដាំដុះ​ដំបូង​មិន​បាន​ស្របពេល​វេលា​គ្នា​។ ប៉ុន្ដែ​ការប្រមូលផល​ស្រូវ​នេះ​នឹង​បញ្ចប់​ទាំងស្រុង​យ៉ាងយូរ​ត្រឹម ២ ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​រួច​ទើប​យើង​យក​ស្រូវ​ទៅ​កិន​ជា​អង្ករ​ចែកជូន​ប្រជាពលរដ្ឋ​»​។

លោក ឡឹក វន់ មេភូមិ​ព្រះដាក់​ថ្លែង​ថា ពលរដ្ឋ​បាន​ស្ម័គ្រចិត្ដ​ប្រវាស់​ដីស្រែ​របស់​ពួកគាត់​ផ្នែក​ខ្លះ​មកឱ្យ​អាជ្ញាធរ​ដើម្បី​ធ្វើស្រែ​សង្គម​នេះ​។ លោក​បន្តថា​៖ «​កាលពី​មុន​នៅក្នុង​ភូមិ ឃុំ​យើង​មិន​ដែល​មាន​ការដាំដុះ​ស្រូវ​បែប​សហគមន៍​ដើម្បី​ទុក​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​បែបនេះ​ទេ​។ ពលរដ្ឋ ពួកគាត់​សប្បាយ​ចិត្ដ​ក្នុង​ការចូលរួម​ប្រវាស់​ដីស្រែ​ពួកគាត់​ជាមួយ​លោក​អភិបាលស្រុក​។ ពួកគាត់​ប្រវាស់​ដីស្រែ​របស់​គាត់​ខ្លះ​ និង​ទុក​ខ្លះ​ដើម្បី​ធ្វើស្រែ​ដោយ​ខ្លួនឯង​»​។

លោក សួស ណារិន មន្ដ្រី​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ដ​សៀមរាប​បាន​សាទរ ចំពោះ​សកម្មភាព​របស់​អភិបាលស្រុក​បន្ទាយស្រី​បែបនេះ​។ លោក​ថា សកម្មភាព​នេះ​នឹង​អាច​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​សហគមន៍ ជាពិសេស​នៅក្នុង​ពេល​កើតមាន​វិបត្ដិ​ជំងឺ​កូវីដ​ ១៩​ នេះ​។

លោក​បាន​ថ្លែងថា​៖ «​កន្លងមក បណ្ដា​ស្រុក​ផ្សេងៗ​នៅក្នុង​ខេត្ដ​សៀមរាប មិន​ដែល​មាន​សកម្មភាព​បែបនេះ​ទេ​។ បើ​គ្រប់​ស្រុក​ទាំង​ ១១ និង​ក្រុង​ ១ ​ក្នុង​ខេត្ដ​សៀមរាប​បាន​ធ្វើ​ដូច​ស្រុក​បន្ទាយស្រី គឺ​វា​អាច​កាត់បន្ថយ​ភាពក្រីក្រ ហើយ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​លើ​អាជ្ញាធរ​»៕