សៀមរាប: អាជ្ញាធរស្រុកបន្ទាយស្រីបានប្រកាសធ្វើការដោះស្រាយបញ្ហាទំនាស់ដីធ្លីជាទ្រង់ទ្រាយធំ ដោយឲ្យប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី ប្រញាប់ប្រមូលឯកសារពាក់ព័ន្ធទៅដាក់នៅសាលាស្រុក ដើម្បីឲ្យអាជ្ញាធរមានមូលដ្ឋានធ្វើការដោះស្រាយ ដើម្បីឈានទៅបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃដែលករណីខ្លះបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានថ្លែងពីថ្ងៃទី ២៨ ខែកក្កដា ថា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងសិក្សាពីលទ្ធភាពកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំនៅលើដីសាធារណៈរបស់រដ្ឋ រដ្ឋបាលស្រុកបន្ទាយស្រី ចាំបាច់ត្រូវប្រុងប្រៀបប្រមូល និងគ្រប់គ្រងរាល់ទិន្នន័យពាក់ព័ន្ធនឹងបញ្ហាដីធ្លីពីថ្នាក់មូលដ្ឋានផ្ទាល់ឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ដើម្បីចៀសវាងការឆ្លៀតឱកាសពីជនខិលខូច និងសកម្មជនដីធ្លីមួយចំនួនយកលេសទាមទារចំណែកឲ្យអាជ្ញាធរដោះស្រាយជូនដែរ។
លោកបន្តថា រដ្ឋបាលស្រុកត្រូវតែគ្រប់គ្រងឲ្យបានក្នុងពេលនេះ គឺកំណត់មុខសញ្ញាជនឱកាសនិយម និងសកម្មជនដីធ្លីដែលក្លែងបន្លំជាជនក្រីក្រ ឬគ្រាន់តែសំអាងមូលហេតុផ្សេងៗ ហើយបានកាប់រានទន្ទ្រានវាតទីយកដីរដ្ឋ រួចទាមទារឲ្យអាជ្ញាធរទទួលស្គាល់ និងទប់ស្កាត់ការរុករានទន្ទ្រានយកដីរដ្ឋថ្មីៗបន្ថែម។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា៖ «ចំពោះទិន្នន័យ ឬចំនួនពលរដ្ឋដែលមានទំនាស់ដីធ្លីនេះអាចមានរហូតដល់រាប់ពាន់គ្រួសារ ប៉ុន្ដែយើងនៅមិនទាន់កំណត់តួលេខជាក់លាក់នៅឡើយ ព្រោះយើងទើបតែប្រកាសដំណឹងនេះ ហើយក៏មិនទាន់មានពលរដ្ឋយកលិខិត ឬឯកសារពាក់ព័ន្ធទំនាស់ដីធ្លីមកដាក់នៅសាលាស្រុកទេ។ ជារួម គឺខ្ញុំមានទិន្នន័យក្នុងដៃហើយ តែខ្ញុំមិនទាន់អាចបង្ហាញបានទេ គឺយើងនៅរង់ចាំមើលពួកគាត់យកឯកសារបន្ថែមមកដាក់ឲ្យយើងមើលសិន»។
លោកបន្ថែមថា រដ្ឋបាលស្រុកនឹងបន្តប្រកាន់ជំហរតឹងរ៉ឹងបំផុតព្រមទាំងនឹងមានចំណាត់ការខាងផ្លូវច្បាប់ចំពោះជនល្មើសទាំងនោះ ដើម្បីជាការត្រៀមលក្ខណសម្បត្តិទុកជាមុន ក៏ដូចជាអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តសៀមរាប។ រដ្ឋបាលស្រុកបានតម្រូវឲ្យមេភូមិ មេឃុំទាំងអស់នៅក្នុងស្រុកបន្ទាយស្រី រួសរាន់សហការជាមួយតំណាងរដ្ឋបាលព្រៃឈើ និងតំណាងក្រសួងបរិស្ថានចុះស្រង់ទិន្នន័យនៃប្រជាពលរដ្ឋដែលអាចនឹងត្រូវបានកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិដីជូនពីសំណាក់រាជរដ្ឋាភិបាល។
អ្នកស្រី ជឹម ម៉ាលី ពលរដ្ឋម្នាក់រស់នៅឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រីបាននិយាយពីថ្ងៃទី ២៨ កក្កដាថា អ្នកស្រីមិនមានបញ្ហាទំនាស់ដីធ្លីជាមួយអ្នកផ្សេងទេ។
អ្នកស្រីបន្តថា ចាប់តាំងពីអភិបាលស្រុកថ្មីចូលកាន់តំណែងមក អ្នកស្រីបានកត់សម្គាល់ឃើញថា មានការអភិវឌ្ឍច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រ។
អ្នកស្រី ជឹម ម៉ាលី បញ្ជាក់ថា៖ «អភិបាលស្រុកថ្មីនេះគាត់ជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋបានច្រើន គឺទាំងការងារស្រែចម្ការ និងការងារសង្គមនានា ហើយឥឡូវខ្ញុំឮថា គាត់ប្រកាសជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនពលរដ្ឋទៀត អ៊ីចឹងខ្ញុំសាទរចំពោះចំណាត់ការនេះ ហើយបើបងប្អូនមានបញ្ហានេះ គួរប្រញាប់ដាក់ឯកសារពាក់ព័ន្ធទៅគាត់ជួយដោះស្រាយ»។
លោក ចាន់ ចំរើន មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តសៀមរាបបានថ្លែងកាលពីថ្ងៃទី ២៨ ខែកក្កដាថា កន្លងមកលោក ឃឹម ហ្វីណង់ ក៏ធ្លាប់បានសន្យាជំរុញការដោះស្រាយបញ្ហាទំនាស់ដីធ្លីនេះឲ្យបានឆាប់ចប់ដែរ ប៉ុន្ដែនៅមិនទាន់ដោះស្រាយបានដាច់ស្រេចទេ។ ទីតាំងតំបន់ស្រុកបន្ទាយស្រីនេះមានបញ្ហាទំនាស់ដីធ្លីច្រើនដែលមានករណីខ្លះ នៅបន្តអូសបន្លាយរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ។
លោកបានបញ្ជាក់ថា៖ «ក្នុងនាមខ្ញុំជាសង្គមស៊ីវិល ខ្ញុំស្វាគមន៍ចំពោះការតាំងចិត្តរបស់លោកអភិបាលស្រុកនេះ ប៉ុន្ដែខ្ញុំនៅតែជំរុញឲ្យមានការដោះស្រាយតាមច្បាប់ ដែលមានតម្លាភាព យុត្តិធម៌ដែលភាគីទាំងអស់អាចទទួលយកបានដោយសន្ដិវិធី។ លើសពីនេះ ធ្វើយ៉ាងណាសម្របសម្រួលបញ្ចប់ទំនាស់ទាំងនេះឲ្យចប់ត្រឹមនេះតែម្ដង ព្រោះករណីខ្លះនៅអូសបន្លាយជាច្រើនឆ្នាំមកហើយ»៕