សៀមរាប៖ អភិបាលស្រុកបន្ទាយស្រីលោក ឃឹម ហ្វីណង់ ឱ្យដឹងថា «ដំណើរការសាកល្បងឡដុតសំរាមរួមរបស់ស្រុកជាលើកដំបូង» ត្រូវបានដាក់ដំណើរការ ដោយក្នុងនោះសំរាមជាង ១០ តោន ត្រូវបានប្រមូលមកពីគ្រប់ទិសទី ដើម្បីដុតកម្ទេចចោលក្រោយពីសំរាមទាំងនោះ ត្រូវបានគេទុកចោលនៅតាមទីសាធារណៈជាយូរមកហើយ។
លោក ឃឹម ហ្វីណង់ បានឱ្យភ្នំពេញ ប៉ុស្តិ៍ ដឹងពីថ្ងៃព្រហស្បតិ៍ថា ដំណើរការសាកល្បងឡដុតសំរាមរួមរបស់ស្រុកបន្ទាយស្រី ដែលស្ថិតនៅក្នុងឃុំរំចេក បានធ្វើឡើងនៅថ្ងៃទី ២៣ កញ្ញាហើយសំរាមទាំងជាង ១០ តោននេះ ត្រូវបានហាលសម្ងួត និងញែកយកសំរាមដែលអាចលក់អេតចាយ និងអាចកែច្នៃបានមុននឹងយកទៅដុតកម្ទេចចោល។
សំរាមដែលត្រូវដុតមានចំនួនច្រើនដោយត្រូវប្រមូលមកពីតាមភូមិ និងតាមដងផ្លូវនានា ជាពិសេសសំរាមថ្មី ដែលបានបន្សល់ទុកក្រោយថ្ងៃសម្រាកនៃបុណ្យភ្ជុំបិណ្ឌ ខណៈតាមការប៉ាន់ប្រមាណនៅក្នុងមួយថ្ងៃ សំរាមប្រមាណពី ៣ ទៅ ៤ តោន ត្រូវបានប្រមូលពីទូទាំងស្រុក។
លោក ហ្វីណង់ បញ្ជាក់ថា៖ «ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋនៅគ្រប់ភូមិទាំងអស់ នៅក្នុងស្រុកបន្ទាយស្រីអាចដឹកជញ្ជូនយកសំរាមប្រចាំថ្ងៃរបស់ខ្លួនទៅដាក់ដោយខ្លួនឯងនៅ កន្លែងរក្សាទុកសំរាមបណ្តោះអាសន្ន ដែលត្រូវបានរៀបចំរួចជាស្រេចជាច្រើនកន្លែងនៅតាមភូមិនីមួយៗ»។
នៅស្រុកបន្ទាយស្រី សេវាសំរាមនេះ គឺជាសេវាមិនគិតថ្លៃសម្រាប់ប្រជាពលរដ្ឋទូទៅ តែតម្រូវឱ្យមានការញែកសំរាម និងវេចខ្ចប់ត្រឹមត្រូវមុននឹងយកទៅរក្សាទុករង់ចាំក្រុមការងាររបស់ឃុំ និងស្រុកធ្វើការប្រមូលបន្តយកទៅកាន់ទីលានឡដុតសំរាមជាប្រចាំ។ ជាមួយនឹងយន្តការថ្មីនេះ លោក ហ្វីណង់ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋកុំឱ្យដុតសំរាមដែលមិនចាំបាច់នៅតាមផ្ទះរៀងៗខ្លួនទៀត ឬដឹកយកទៅចាក់ចោលតាមដីទំនេរបែបអនាធិបតេយ្យ។
នៅក្រោយពេលដែលយន្តការថ្មីនេះដំណើរការទៅបានរលូន រដ្ឋបាលស្រុកនឹងរៀបចំឱ្យមានការផាកពិន័យចំពោះការចោលសំរាមរាយប៉ាយនៅតាមទីសាធារណៈ ក៏ដូចជាការហាមឃាត់មិនឱ្យមានការដុតសំរាមនៅតាមផ្ទះរៀងៗខ្លួនជាបន្តទៅទៀត ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងគុណភាពខ្យល់ដកដង្ហើមនៅក្នុងភូមិផងដែរ។
អ្នកស្រី វី ងិក ពលរដ្ឋរស់នៅក្នុងឃុំខ្នារសណ្តាយ ក្នុងស្រុកបន្ទាយស្រី បានលើកឡើងថា ការទុកដាក់សំរាម នៅក្នុងស្រុករបស់អ្នកស្រី នៅតែមានបញ្ហាចោទ ព្រោះតែមិនមានការចូលរួមពីពលរដ្ឋមួយចំនួន ដែលធ្វើឱ្យបញ្ហាសំរាមនៅតែជាបញ្ហាប្រឈម។
ពលរដ្ឋរូបនេះលើកឡើងថា បើសិនជារដ្ឋបាលស្រុកបន្ទាយស្រី អាចអនុវត្តយន្តការនេះបានដោយជោគជ័យនោះ គឺជាការប្រសើរ ខណៈនៅតំបន់មួយចំនួននៅមិនទាន់មានរបៀបរៀបរយនៅឡើយ ចំពោះការទុកដាក់សំរាមនេះ។
អ្នកស្រីនិយាយថា៖ «កន្លែងខ្ញុំនេះ គឺល្ងាចឡើង ខ្ញុំតែងតែយកសំរាមទៅដាក់មួយរ៉ឺម៉កៗ នៅកន្លែងគេដាក់សំរាមរួមហ្នឹង ហើយបើបានស្រុកគេរៀបចំអ៊ីចុះ ខ្ញុំជួយអរដែរ កុំឱ្យលំបាកពេលយកសំរាមទៅដាក់គ្មានអ្នកមកយកទុកឱ្យសំរាមស្អុយរលួយពេញហ្នឹង។ បើយើងទាំងអស់គ្នាចេះជួយសម្អាតគ្នា គឺនឹងស្អាតហើយ»។
ដោយសារតែស្រុកបន្ទាយស្រីជាតំបន់ទេសចរណ៍ លោក ឃឹម ហ្វីណង់ បានសំណូមពរទៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ គួរតែទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមលើកកម្ពស់ការរក្សាអនាម័យ និងបរិស្ថាននៅតាមទីសាធារណៈ និងនៅតាមផ្លូវខាងមុខផ្ទះឱ្យបានគ្រប់ៗគ្នា។
បើតាមលោក ហ្វីណង់ បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី នៅមិនទាន់ចេះបែងចែកសំរាមដែលអាចប្រើប្រាស់បានឱ្យបានត្រឹមត្រូវនោះទេ ដែលជាហេតុនាំឱ្យអាជ្ញាធរត្រូវចំណាយពេលញែកសំរាមទាំងនេះ មុនយកទៅដុតនៅក្នុងឡ។ ដើម្បីសម្រួលដល់បញ្ហានេះ អាជ្ញាធរនឹងបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី៕