សៀមរាបៈ អភិបាល​ស្រុក​បន្ទាយស្រី​នៃ​ខេត្ដ​សៀមរាប លោក ឃឹម ហ្វីណង់ ប្រើប្រាស់​រូបមន្ត​ «​សហគមន៍​ស្វ័យគ្រប់គ្រង​» ដើម្បីឱ្យ​ពលរដ្ឋ​ម្ចាស់ការ​អនុវត្ដ​ការគ្រប់គ្រង​សំរាម​ក្នុង​មូលដ្ឋាន​នៃ​ភូមិ​ព្រះដាក់ ដោយ​ជោគជ័យ បន្ទាប់ពី​បាន​អនុវត្ដ​រយៈពេល​ ៥ ​ខែ​កន្លងមក និង​ឈាន​មកដល់​ខែ​ឧសភា​នេះ​។

លោក​ ឃឹម ហ្វីណង់ ថ្លែង​ពី​ម្សិលមិញ​ថា ការខិតខំ​ប្រឹងប្រែង​បង្កើត​សេវា​ប្រមូល​សំរាម​នៅ​តាម​ភូមិ ក្រោម​រូបមន្ត​ «​សហគមន៍​ស្វ័យគ្រប់គ្រង​» ​ក្នុង​រយៈពេល​កន្លងមក​បានផ្តល់​ផ្លែផ្កា​ឱ្យ​ជា​វិជ្ជមាន​ដែល​ក្នុងនោះ​សូចនាករ​សំខាន់ៗ​ដូចជា ភាពស្អាត​ស្ថិតស្ថេរ​ជាប្រចាំ​នៅក្នុង​ភូមិ និង​ការបង់​កម្រៃ​សេវា​បាន​ទៀងទាត់​ពី​សំណាក់​អ្នកភូមិ​បាន​ស្តែង​ចេញ​ពី​ភាពជោគជ័យ​បឋម​ក្នុង​ជំហាន​ដំបូងៗ​នេះ​។

លោក​អភិបាលស្រុក​ថ្លែងថា​៖ «​ទីបំផុត​អ្នកភូមិ​ព្រះដាក់​អាច​ម្ចាស់ការ​លើ​ការងារ​គ្រប់គ្រង​សំរាម​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដោយ​ខ្លួនឯង​ផ្ទាល់​បាន​ទាំងស្រុង​ហើយ បន្ទាប់ពី​ដាក់ឱ្យ​ដំណើរការ​សាកល្បង​បាន​យ៉ាង​រលូន​អស់​រយៈពេល​ ៥ ​ខែ​រួចមក​»​។

បើតាម​លោក​អភិបាលស្រុក​ «​សហគមន៍​ស្វ័យគ្រប់គ្រង​» គឺជា​ទម្រង់​ប្រមូល​សំរាម​មិនមែន​ ដើម្បី​ប្រាក់ចំណេញ​មួយ ដែល​រដ្ឋបាល​ស្រុក​បន្ទាយស្រី​បាន​ព្យាយាម ជំរុញ​លើកទឹកចិត្ត​។ រដ្ឋបាល​ស្រុក​ជឿជាក់ថា តាមរយៈ​រូបមន្ត​នេះ នឹង​អាច​មាន​ប្រសិទ្ធភាព និង​មានការ​ទទួលខុសត្រូវ​ច្បាស់លាស់​ប្រកបដោយ​និរន្តរភាព​យូរអង្វែង​ជំនួស​ឱ្យ​ការប្រមូល ដោយ​ក្រុមហ៊ុន​ឯកជន ដែល​ពិបាក​នឹង​អនុវត្ត​បាន​សម្រាប់​ស្រុក​បន្ទាយស្រី​។ ដោយហេតុតែ​ការប្រមូល​សំរាម​នៅតាម​ទីជនបទ​នៅ​មាន​ទំហំ​តូច​ពេក មិន​ងាយ​នឹង​រក​ក្រុមហ៊ុន​ដែល​ចាប់អារម្មណ៍​ចង់​មក​ដាក់ទុន​វិនិយោគ​បានឡើយ​។

លោក​ថ្លែងថា​៖ «​សហគមន៍​ត្រូវ​បានផ្តល់​ស្វ័យភាព​ក្នុង​ការគ្រប់គ្រង និង​ប្រមូល​ថ្លៃ​សេវា​ក្នុង​អត្រា​ទាប​សមរម្យ តែ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​របស់​អាជ្ញាធរ​មូលដ្ឋាន​ដដែល​។ តំណាង​សហគមន៍​បាន​ប្រមូល​ថ្លៃ​សេវា​ប្រមូល​សំរាម​ពី​ពលរដ្ឋ​សម្រាប់​គ្រួសារ​ធម្មតា ក្នុង​ ១ ​គ្រួសារ ៤ ​ពាន់​រៀល​។ ចំណែក​ពលរដ្ឋ​ជា​អាជីវកម្ម ឬ​អ្នកលក់ដូរ​ខ្នាត​ធំ ថ្លៃ​សេវា​ចាប់ពី ១ ​ម៉ឺន​រៀល ទៅ​ ៣ ​ម៉ឺន​រៀល​»​។

លោក​ ហ្វីណង់ បញ្ជាក់ថា​ប្រតិបត្តិការ​របស់​សហគមន៍​ត្រូវធ្វើ​ឡើង​ក្នុង​គោលដៅ​មិនមែន​ ដើម្បី​ប្រាក់ចំណេញ​។ នៅពេល​អនាគត​ប្រាក់ចំណូល​ដែល​នៅ​សេសសល់​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ក្នុង​ការពង្រឹង​ប្រសិទ្ធភាព និង​យន្តការ​នៃ​ការប្រមូល​សំរាម ដូចជា​ការដាក់​ពង្រាយ​ធុងសំរាម​បន្ថែម ទិញ​ឧបករណ៍​សម្ភារ​ប្រមូល ពង្រីក​កម្លាំង​អ្នកប្រមូល​សំរាម និង​រៀបចំ​ឯកសណ្ឋាន​សម្រាប់​កម្មករ​របស់​សហគមន៍​ជាដើម​។

លោក​អភិបាលស្រុក​ឱ្យដឹង​ទៀត​ថា សហគមន៍​មាន​កាតព្វកិច្ច បន្ថែម​ខ្លះទៀត ដូចជា​ធ្វើការ​ញែក​សំរាម ដើម្បី​កែច្នៃ​បោសសម្អាត​ថ្នល់ និង​រើស​សំរាម​គ្មាន​ម្ចាស់​ដែល​រាយប៉ាយ​ពាសវាល​ពាសកាល​។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​បន្ត​ដើរតួនាទី​សំខាន់​ក្នុងការ​ត្រួតពិនិត្យ​វាយតម្លៃ កៀរគរ​ការចូលរួម និង​លើកទឹកចិត្ត​ផងដែរ​។

លោក​អភិបាលស្រុក​រំពឹង​ថា នឹង​អាច​ពង្រីក​វិសាលភាព​នៃ​ការប្រមូល​សំរាម​ក្រោម​ទម្រង់​បែបនេះ​ទៅ​កាន់​ភូមិ​ចំនួន​ ៦ ​ទៀត​នៅក្នុង​ឃុំ​ព្រះដាក់ និង​ជំហាន​បន្ទាប់ គឺ​បន្ត​ធ្វើ​នៅក្នុង​ភូមិ​នានា​នៃ​ឃុំ​បន្ទាយស្រី ខណៈ​គោលដៅ​ក្នុង​ការពង្រីក​នេះ​ធ្វើ​ចំពោះ​ភូមិ​ដែល​មាន​ពលរដ្ឋ​នៅ​ច្រើន និង​ជា​ទីប្រជុំជន​។ បើតាម​លោក​អភិបាលស្រុក ស្រុក​បន្ទាយស្រី​មាន​ឃុំ​ចំនួន​ ៦ ​ឃុំ និង​ភូមិ​ចំនួន​ ៣៦ ​ភូមិ មាន​ប្រជាពលរដ្ឋ​សរុប​ជាង ៥ ​ម៉ឺន​នាក់​។

លោក​ ឡឹក វន់ មេភូមិ​ព្រះដាក់​ឱ្យ​ដឹងថា អាជ្ញាធរ​ភូមិ​បាន​រៀបចំ​តំណាង​សហគមន៍​សម្រាប់​ធ្វើការ បណ្ដុះបណ្ដាល​ដល់​ប្រជាពលរដ្ឋ​ចំពោះ​ការ​ទុកដាក់ និង​ការបែងចែក​សំរាម មុនពេល​រៀបចំ​ទុកដាក់​ឱ្យ​អ្នកប្រមូល​សំរាម​យកទៅ​ដុតចោល​នៅ​ឡ​ដុត​សំរាម​។

លោក​ប្រាប់ថា​៖ «​បច្ចុប្បន្ន យើង​មាន​ពលរដ្ឋ​ ៤ ​នាក់ ដែលជា​អ្នកប្រមូល​សំរាម​។ យើង​បានផ្ដល់​កម្រៃ​សេវា​ប្រមូល​សំរាម​ដល់​ពួកគាត់ ដែលជា​ថវិកា​បាន​ពី​ប្រជាពលរដ្ឋ​ផ្ដល់ឱ្យ​លើ​សេវា​ប្រមូល​សំរាម​នេះ គឺ​ក្នុង​ ១ ​នាក់​ ១ ​លាន​រៀល​»​។

ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សំរាម​នៅ​មូលដ្ឋាន​នេះ ក្រសួង​បរិស្ថាន​កំពុង​អនុវត្ដ និង​គាំទ្រ​លើ​សកម្មភាព​នេះ​តាមរយៈ​ការផ្ដល់​រថយន្ត និង​ម៉ូតូ​ដឹក​សំរាម​រួម​នឹង​សម្ភារ​ទុកដាក់​សំរាម​ជាច្រើន​ទៀត​ដល់​រដ្ឋបាល​រាជធានី-ខេត្ដ​នៅ​ទូទាំងប្រទេស​ ដើម្បី​គាំទ្រ​លើ​ការផ្ដល់សេវា​ប្រមូល​សម្អាត និង​ដឹកជញ្ជូន​សំរាម​សំណល់​រឹង​នៅ​តាម​មូលដ្ឋាន​ឱ្យ​ទាន់​ពេលវេលា​។ ធានា​និរន្តរភាព និង​ភាពជា​ម្ចាស់​ក្នុង​ការគ្រប់គ្រង​សំណល់​សំរាម ដើម្បី​ឱ្យមាន​សោភណភាព​ស្អាត និង​បរិស្ថាន​ល្អ​។ នេះ​បើតាម​លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​។

លោក​ថ្លែងថា​៖ «​តាមរយៈ​គម្រោង​នេះ​នឹងចូលរួម​គាំទ្រ​ផ្តល់​សេវា​ប្រមូល​សម្អាត ដឹកជញ្ជូន​សំរាម​សំណល់​រឹង​នៅក្នុង​មូលដ្ឋាន​នៃ​រដ្ឋបាល​រាជធានី-ខេត្ត ដើម្បី​ពង្រីក​សេវា​ប្រមូល​ដោយ​ខ្លួនឯង​ឱ្យ​ស្អាត​ឱ្យ​អស់​ទាន់ពេល និង​ធានា​និរន្តរភាព និង​ធ្វើ​ភាព​ជា​ម្ចាស់​ក្នុង​ការគ្រប់គ្រង​សំរាម​សំណល់​រឹង ដោយ​រៀបចំ​ធ្វើការ​ប្រមូល​សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និង​ទាញយក​ធនធាន​ពី​សំរាម​»​។

លោក​បញ្ជាក់ថា​៖ «​គម្រោង​នេះ យើង​ក៏បាន​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ផងដែរ​»​។

លោក​ ហែម ឧត្តម អ្នកជំនាញ​ផ្នែក​បរិស្ថាន បាន​លើកឡើង​ថា កិច្ចការងារ​គ្រប់គ្រង​សំរាម​នេះ ដើម្បី​ធ្វើទៅ​ទទួលបាន​ប្រសិទ្ធភាព គឺ​ត្រូវ​ធ្វើ​ពី​ថ្នាក់ក្រោម ថ្នាក់មូលដ្ឋាន​ឡើងមក ហើយ​រាជរដ្ឋាភិបាល​ត្រូវមាន​ផែនការ​ទម្លាក់​ថវិកា​សម្រាប់​អនុវត្ដ​កិច្ចការងារ​នេះ​។

លោក​ថ្លែងថា​៖ «​ពលរដ្ឋ​នៅតែ​ត្រូវឱ្យ​មាន​ការពន្យល់​ណែនាំ ឬ​ដាក់ចេញ​ជា​កម្មវិធី​អប់រំ តាមរយៈ​ក្រសួង​អប់រំ ក្រសួងបរិស្ថាន ឬ​តាមរយៈ​មន្ដ្រី​មូលដ្ឋាន គឺ​វា​ជា​ការចាំបាច់​។ យើង​មិនអាច​ទម្លាក់​កិច្ចការងារ​នេះ​ទៅ​ឱ្យតែ​ក្រុមហ៊ុន​ប្រមូល​សំរាម ឬ​អ្នក​ដែល​ទទួលបន្ទុក​លើ​កិច្ចការងារ​នេះ​ទេ​។ ប៉ុន្ដែ​យើង​ជា​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​គឺ​ត្រូវតែ​ចូលរួម​ទាំងអស់​គ្នា​»៕

វីដេអូ៖