សៀមរាបៈ អាជ្ញាធរ​ស្រុក​សូទ្រនិគម​ព្រមាន​ពលរដ្ឋ​ដែល​លក់​ក្រឡាន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៦ នឹង​បញ្ឈប់​លែង​ឱ្យ​ប្រកបរបរ​លក់ដូរ​បន្ត​ទៀត ចំពោះ​អាជីវករ​ណា​ដែល​មិន​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ឱ្យបាន​ល្អ​។

លោក​ ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៤ កុម្ភៈ ថា​អាជ្ញាធរ​ស្រុក​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការធ្វើ​យ៉ាងណា​សម្រួល​ឱ្យ​ប្រជាពលរដ្ឋ​អាចធ្វើ​ការលក់ដូរ​បាន​ស្រួល និង​ណែនាំ​ពួកគេ​ឱ្យមាន​អនាម័យ​ល្អ​ធ្វើ​ក្រឡាន​ឱ្យមាន​គុណភាព​មាន​រសជាតិ ព្រមទាំង​ធ្វើ​តូប​យ៉ាងណា​ឱ្យមាន​ភាពទាក់ទាញ​ដល់​ភ្ញៀវទេសចរ​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការថែរក្សា​អនាម័យ​បរិស្ថាន​នឹង​ត្រូវ​បញ្ឈប់​លែងឱ្យ​លក់ដូរ​តទៅទៀត​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​បរិយាកាស​នៃ​ការលក់ដូរ​របស់​អ្នក​ផ្សេងទៀត​។

លោក​អភិបាលស្រុក​បញ្ជាក់ថា​៖ «​ខ្ញុំ​បញ្ឈប់​មែន​! បញ្ឈប់​រឿង​អី ប្រសិនបើ​អត់​ថែរក្សា​បរិស្ថាន​ទេ ហើយ​ស្បោង​សំរាម ឬក៏​នៅ​ជុំវិញ​ហ្នឹង​សុទ្ធ​តែព្រៃ អាហ្នឹង​ខ្ញុំ​អត់ឱ្យ​លក់​ទេ​»​។

បើតាម​លោក​អភិបាលស្រុក​សូទ្រនិគម​ចំពោះ​ការលក់ដូរ​នៅ​ទីនោះ អាជ្ញាធរ​កំណត់​ឱ្យមាន​ការលក់ដូរ​ត្រឹម​ត្រូវមាន​របៀបរៀបរយ ហើយ​ងាយស្រួល​សម្រាប់​ការឈប់​ចត​របស់​យានជំនិះ​ផ្សេងៗ​ដែល​ឈប់​ទិញ​ក្រឡាន​។

លោក​បន្តថា​៖ «​ខ្ញុំ​កំណត់​ឱ្យ​គាត់​ថា​បាន​ ៤ ​ម៉ែត្រ​យ៉ាងតិច​ពី​ចិញ្ចើមផ្លូវ ព្រោះ​ដើម្បីឱ្យ​ឡាន​ម៉ូតូ​ឈប់​កុំ​ឱ្យមាន​គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង​»​។

លោក​ សយ សីហា មេឃុំ​ត្រពាំង​ធំ​បាន​ថ្លែងថា ដើមឡើយ​អ្នកលក់​ក្រឡាន​គឺជា​មុខរបរ​របស់​អ្នក​នៅ​ភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម​។ ក្រោយមក​ការលក់ដូរ​ក៏​មាន​ជា​បន្តបន្ទាប់​គ្នា​តាមផ្លូវ ក៏​រាលដាល​មកដល់​ទឹកដី​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង​។ ហេតុនេះ​ទើប​អាជ្ញាធរ​ឃុំ​ត្រពាំងធំ និង​ស្រុក​ប្រាសាទបាគង​រៀបចំ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ទៅធ្វើ​ការលក់ដូរ​ឱ្យចំ​ទីតាំង​របស់​ខ្លួន​វិញ​។

«​ប្រជាពលរដ្ឋ​គាត់​លក់​មកដល់​ខាងយើង​អ៊ីចឹងទៅ វា​ធ្វើ​ឱ្យ​សណ្តាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន​របស់ខ្ញុំ​ហ្នឹង វា​មាន​បញ្ហា​ដូចជា​គ្រោះថ្នាក់​ចរាចរណ៍​អ៊ីចឹង​ទៅ​។ សិស្ស​ធ្វើដំណើរ​ចុះឡើងៗ ហើយ​ការឈប់​ឡាន​ទិញ​ក្រឡាន​អីហ្នឹង​នៅលើ​ដងផ្លូវ អ៊ីចឹងទៅ​វា​មាន​គ្រោះថ្នាក់​ជាច្រើន​លើក​ច្រើនសា អ៊ីចឹង​ខ្ញុំ​ក៏​សម្រេច​ឱ្យ​ដក​ទៅ​ទឹកដី គាត់​វិញ​»​។ នេះ​ជា​ការបញ្ជាក់​របស់​មេឃុំ​។

បើតាម​លោក​ សយ សីហា ការដែល​ឱ្យ​ប្រជាពលរដ្ឋ​លើក​ត្រឡប់​ទៅ​លក់​នៅ​ទឹកដី​ឃុំ ស្រុក​ដើម​របស់ខ្លួន​វិញ គឺ​ដោយសារ ទី​១ ដើម្បី​រក្សា​សញ្ញា​ផលិតផល​ភូមិ​ ១ ​ផលិតផល​ ១ និង​មួយទៀត គឺ​ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា​។ ព្រោះ​អាជ្ញាធរ​ឃុំ​ត្រពាំង​ធំ​មិនទាន់​បានរៀបចំ​របៀប​រៀបរយ​ឱ្យ​ពលរដ្ឋ​ធ្វើការ​លក់ដូរ​នោះទេ​។

កញ្ញា​ គីម សំណាង អ្នកលក់​ក្រឡាន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៦ ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប​បាន​ឱ្យដឹងថា អាជ្ញាធរ​បាន​ចុះ​ធ្វើការ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នកលក់​ក្រឡាន​តាមផ្លូវ​នោះ​ទាំងអស់​គ្នា​ត្រូវ​រក្សា​អនាម័យ សម្អាត​បរិស្ថាន​ឱ្យបាន​ស្អាត​ព្រមទាំង​រៀបចំ​តុបតែង​តូប​របស់ខ្លួន​ធ្វើយ៉ាងណា​ឱ្យមាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​។ បើ​មិន​ដូច្នោះ​ទេ​អាជ្ញាធរ​នឹង​មិន​អនុញ្ញាត​ឱ្យ​លក់ដូរ​ទៀតឡើយ​។

កញ្ញា​សំណាង​និយាយថា​៖ «​គេ​ឱ្យ​យើង​លក់​ហើយ​ប្រមូល​សំរាម​ដុត​ឱ្យ​ស្អាត អត់ឱ្យ​ពង្រាយ​សំរាម​រញ៉េរញ៉ៃ ហើយ​ឱ្យ​យើង​ថយ​ឱ្យ​ឆ្ងាយ​ពី​ថ្នល់​ ៤ ​ម៉ែត្រ ហើយ​ទិញ​រោង​ដែក​ដាក់​ថែមទៀត​ដើម្បីឱ្យ​មើលទៅ​មាន​របៀបរៀបរយ​។ ចំណែក​ឆត្រ គេ​លែង​ឱ្យ​ដាក់​ជាប់​ផ្លូវ​ទៀតហើយ បើ​ដាក់​អាចដាក់​បាន​ពី​ចំហៀង​រោង ឬ​ក្រោយ​រោង​»៕

វីដេអូ៖