ព្រះសីហនុ/កោះកុងៈ អាជ្ញាធរ​ស្រុក​ស្ទឹងហាវ​បាន​កាយ​អាចម៍ដី​ដែល​ត្រូវបាន​គេ​ចាក់​លុប​ចូលទៅក្នុង​សមុទ្រ​កាលពី​ដើម​ខែមីនា​នោះ ចេញ​វិញ​អស់​ហើយ ខណៈ​នៅឯ​ខេត្តកោះកុង​អាជ្ញាធរ​បាន​ទុកពេល​ ១ ​សប្ដាហ៍​ទៀត ដល់​អ្នកស្រី​ លាង ហ៊ីម ដែល​ចេញមុខ​ទទួល​ខុសត្រូវ​ក្នុង​ការកាយ​អាចម៍ដី​ដែល​បាន​ចាក់​លុប​ព្រៃកោងកាង​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាម​ក្រសោប​នោះ​វិញ​។

លោក​ ឆាយ សុគន្ធដា អភិបាលស្រុក​ស្ទឹងហាវ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា នៅពេលនេះ អាចម៍ដី ដែល​ជន​អនាមឹក​បាន​លួច​ចាក់​លុប​ចូល​ទៅក្នុង​សមុទ្រ​ក្នុង​ទំហំ​ ៦០ ​គុណ​ ៤០ ​ម៉ែត្រ​ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​កម្ពុជា​តេលា (TELA) ស្ថិតនៅ​ភូមិ​ ៤ ឃុំ​អូរត្រេះ កាលពីដើម​ខែមីនា​កន្លង​ទៅ​ត្រូវ​បាន​រដ្ឋបាល​ស្រុក​ស្ទឹងហាវ​កាយ​ចេញ​វិញ​អស់ហើយ​។

លោក​ថ្លែងថា​៖ «​មកទល់​ពេល​នេះ យើង​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនប្រព្រឹត្ត​បទល្មើស​នៅឡើយ​ទេ​។ ករណីនេះ ជនប្រព្រឹត្ត​មិនមែន​ជា​ពលរដ្ឋ​ឬ​អ្នកជំនួញ​នៅក្នុង​មូលដ្ឋាន​ស្រុក​ស្ទឹងហាវ​យើង​ទេ​»​។

បើតាម​លោក​ សុគន្ធ ​ដា នៅពេល​នេះ​រដ្ឋបាល​ស្រុក​ស្ទឹងហាវ​កំពុង​បន្ត​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជន​ប្រព្រឹត្ត​បទល្មើស​ចាក់ដី​លុប​ឆ្នេរសមុទ្រ​នេះ ដើម្បី​ចងក្រង​សំណុំ​ឯកសារ បញ្ជូន​ទៅ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង គណៈកម្មាធិការ​ការពារ​តំបន់ឆ្នេរ​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​។

សកម្មជន​បរិស្ថាន​លោក សាន់ ម៉ាឡា បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ស្វែងរក​ឲ្យ​ឃើញ​នូវ​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​ចាក់ដី​លុប​ចូល​ឆ្នេរ​នៅ​ចំណុច​ទីតាំង​ខាងលើ ដើម្បី​ចាត់វិធានការ​ទៅតាម​នីតិវិធី​ច្បាប់​។

លោក​ថា​៖ «​ប្រសិនបើ​អាជ្ញាធរ​មាន​សុឆន្ទៈ​ពិតប្រាកដ​នោះ​ករណីនេះ​ជន​ប្រព្រឹត្ត​បទល្មើស គេច​មិន​រួច​ពី​សំណាញ់​ច្បាប់​ឡើយ ព្រោះ​អាចម៍ដី​ដែល​ពួកគេ​បាន​ចាក់​លុប​នៅក្នុង​តំបន់​នោះ មិនមែន​ ១០ ​ទៅ​ ២០ ​ឡាន​នោះទេ គឺ​រាប់រយ​ឡាន​ឡើង​ទៅ ដូច្នេះ​មិនអាច​បិទបាំង​ភ្នែក​ត្រចៀក​អ្នកភូមិ​ ឬ​អាជ្ញាធរ​មូលដ្ឋាន​នោះទេ​»​។

ប៉ុន្តែ​លោក សុគន្ធដា បាន​ថ្លែងថា កន្លងមក​រដ្ឋបាល​ស្រុក​ស្ទឹងហាវ​ធ្លាប់បាន​ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង​នោះ​ចំនួន​ ២ ​ដង តែ​មិនឃើញ​វត្តមាន​ក្រុម​អ្នក​លួច​ចាក់ដី​នៅលើ​ទីតាំង​នោះ ហើយ​សមត្ថកិច្ច​ក៏​ធ្លាប់បាន​សាកសួរ​ក្រុម​អ្នកម៉ៅការ​សាងសង់​ផ្លូវ​នៅក្បែរ​តំបន់​នោះ​ផងដែរ តែ​គ្មាន​អ្នកណាម្នាក់​ដឹង​ឡើយ​។ បើតាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច ពួក​អ្នក​លួច​ចាក់ដី​នៅក្នុង​តំបន់​នោះ ទំនង​ជា​ធ្វើ​សកម្មភាព​ពេលយប់​។

ដោយឡែក​ការចាក់ដី​លុប​ចូល​ចំណី​ព្រែក និង​គ្រប​លើ​ព្រៃ​កោងកាង​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោម​ក្នុង​ខេត្ត​កោះកុង​វិញ មាន​ស្ត្រី​ជា​ពាណិជ្ជករ​ម្នាក់​បាន​ចេញមុខ​ទទួល​ខុសត្រូវ និង​កំពុង​អនុវត្តតាម​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋបាល​ខេត្តកោះកុង​ក្នុង​ការកាយ​អាចម៍ដី​ឲ្យ​អស់​ចេញពី​តំបន់​នោះ ព្រមទាំង​ដាំ​កូន​កោងកាង​ឡើងវិញ​ផងដែរ​។ ប៉ុន្តែ​មកទល់​ពេលនេះ ដំណើរការ​កាយ​អាចម៍ដី​ចេញ​វិញ​នោះ នៅ​មិនទាន់​អស់​នៅឡើយ​ទេ​។

លោក សុខ សុទ្ធី អភិបាលរង ខេត្តកោះកុង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា យោងតាម​កិច្ចព្រមព្រៀង អ្នកស្រី​ លាង ហ៊ីម ដែល​បានទទួល​ស្គាល់​ថា​បាន​ចាក់ដី​លយ​ចូល​ដី​ចំណី​ព្រែក និង​គ្រប​លើ​ព្រៃ​កោងកាង​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប​ក្នុង​ទំហំ​ជាង ​៣ ៣០០ ម៉ែត្រការ៉េ​នោះ​គឺ​ត្រូវ​កាយ​អាចម៍ដី​ចេញពី​តំបន់​នោះ​ឱ្យ​អស់​ក្នុង​រយៈពេល​ ១ ​សប្ដាហ៍ ប៉ុន្តែ​នៅពេលនេះ ក្រុមការងារ​របស់គាត់​នៅ​មិនទាន់​កាយ​អស់​នោះទេ​។

លោក​ សុទ្ធី ថ្លែងថា​៖ «​ជា​ការពិត​ក្រុម​គណៈកម្មការ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្តកោះកុងរ​បស់​យើង​បាន​ពិនិត្យ​ឃើញ​ថា គាត់​ពិត​ជា​បាន​អនុវត្ត​យ៉ាងសកម្ម​នៅក្នុង​ការកាយ​អាចម៍ដី​ចេញពី​តំបន់​នោះ​វិញ ប៉ុន្តែ​ដោយសារ​គាត់​មាន​គ្រឿងចក្រ​កាយ​ដី​តែ ​១ ​គ្រឿង ដូច្នេះ​គាត់​មិនអាច​ធ្វើ​បាន​សម្រេច​តាម​កិច្ចព្រមព្រៀង​នោះទេ​។ យើង​បាន​ទុក​រយៈពេល​ ១ ​សប្ដាហ៍​បន្ថែមទៀត ដើម្បី​ឲ្យ​គាត់​កាយ​ដី​ឲ្យ​អស់​ដើម្បី​រៀបចំ​ដាំ​កោងកាង​ឡើងវិញ​»​។

អ្នកស្រី លាង ហ៊ីម មិនអាច​ទាក់ទង​សុំ​ការពន្យល់​បានទេ​។ ប៉ុន្តែ​តាមរយៈ​លោកស្រី​ គឹម សុភេម មេឃុំ​គគីរ​នៃ​ស្រុក​មណ្ឌល​សីមា​ថ្លែងថា ក្រៅពី​ការងារ​ជីកកាយ​អាចម៍ដី​ចេញ​វិញ​នោះ​ក្រុម​ការងារ​របស់​អ្នកស្រី ហ៊ីម បាន​ចុះ​ដើររក​ប្រមូល​ទិញ​កូន​ដើម​កោងកាង​ពី​ប្រជាសហគមន៍​ក្នុង​តំបន់​នោះ​ផងដែរ ប៉ុន្តែ​អ្នកភូមិ​មិន​បាន​បណ្ដុះ​វា​ទុក​នោះទេ​។

«​កូនដើម​កោងកាង​ភាគច្រើន​គេ​បណ្ដុះ​វា​នៅ​ខែកក្កដា ឬ សីហា ព្រោះ​ដល់​ខែ​នោះ​ទើប​មាន​ផ្លែ​វា​ទុំ​ជ្រុះ​អាច​រើស​មក​បណ្ដុះ​បាន​»៕