The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ស្រុក​ស្នួល ​ដក​ហូត​ដី​​សម្បទាន​សង្គម​កិច្ច​ ១០០​ ហិក​តា​ពី​ពល​រដ្ឋ​ ៣ ​គ្រួសារ​ទៅ​ចែក​ឲ្យ​ពល​រដ្ឋ​ ៣៦ ​គ្រួសារ​

អាជ្ញាធរ​ស្រុក​ស្នួល ​ដក​ហូត​ដី​​សម្បទាន​សង្គម​កិច្ច​ ១០០​ ហិក​តា​ពី​ពល​រដ្ឋ​ ៣ ​គ្រួសារ​ទៅ​ចែក​ឲ្យ​ពល​រដ្ឋ​ ៣៦ ​គ្រួសារ​

Content image - Phnom Penh Post
ទី​តាំង​ដី​ដែល​អាជ្ញា​ធរ​ បាន​ចុះ​វាស់​វែង​ចែក​ជូន​ប្រជា​ពល​រដ្ឋ​​ ​នៅ​ថ្ងៃ​ទី ៤ ខែ​តុលា ឆ្នាំ ២០១៨។ រូប​ថត សហការី

អាជ្ញាធរ​ស្រុក​ស្នួល ​ដក​ហូត​ដី​​សម្បទាន​សង្គម​កិច្ច​ ១០០​ ហិក​តា​ពី​ពល​រដ្ឋ​ ៣ ​គ្រួសារ​ទៅ​ចែក​ឲ្យ​ពល​រដ្ឋ​ ៣៦ ​គ្រួសារ​

ក្រចេះ៖ អាជ្ញាធរ​ស្រុក​ស្នួល​ នៅ​ថ្ងៃ​ទី៤ ​ខែ​តុលា​ បាន​សម្រេច​ដកហូត​ដី​សម្បទាន​សង្គម​កិច្ច​​ ជាង​ ១០០​ ហិកតា ពីប្រជា​ពល​រដ្ឋ​ចំនួន​បី​គ្រួសារ ដើម្បី​យកមក​បែង​ចែក​និង​ផ្ដល់​ជូន​ពលរដ្ឋ​ចំនួន​ ៣៦​ គ្រួសារ នៃសហ​គមន៍​ក្រីក្រ​ក្នុងភូមិ​ស្រែនាម​ ឃុំ​ខ្សឹម បន្ទាប់​​ពី​គ្រួសារ​ទាំង​បីនោះ​ បាន​លួចដាំដុះដោយ​ខុសច្បាប់​ នូវ​ដំណាំស្វាយ​ចន្ទី​ អស់​រយៈពេល​ជាច្រើន​ឆ្នាំមក​ហើយ​​។

លោក សាម ណាល់ អភិបាល​រង​ស្រុក​ស្នួល បាន​ឲ្យ​ដឹង​​ថា ដីចំការស្វាយ​ចន្ទី​ជាង​ ១០០ ហិកតា ដែល​អាជ្ញាធរបាន​សម្រេច​ដក​ហូត ពី​ប្រជា​ពលរដ្ឋ​ចំនួន​បី​គ្រួសារ ដែល​រួមមាន​ឈ្មោះ វ៉ា បូរ៉ាន់, ហាប់​ រី និង ឈ្មោះ ម៉ី ការី​ជីង​ នោះគឺ​ជា​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ ដែល​បាន​ផ្ដល់​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ក្រី​ក្រ នៅ​ក្នុង​ភូមិ​ស្រែ​នាម ឃុំ​ខ្សឹម តាំង​ពី​ឆ្នាំ​២០១៦ ​មក​ម្លេ៉ះ តែ​ពេល​នោះ​ គ្រួសារ​ទាំង​បី​ខាង​លើ​នេះ បាន​ស្នើ​សុំ​ពន្យារពេល​ ដើម្បី​ប្រមូល​ផល ប៉ុន្តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពួក​គាត់​ មិន​បាន​ផ្ដល់​ដី​នោះ​ ជូន​មក​ឲ្យ​អាជ្ញាធរ ដើម្បី​ផ្ដល់​ជូន​ទៅ​ប្រជា​សហគមន៍​ក្រី​ក្រ​នោះ​ទេ។

លោក​​​បញ្ជាក់​ថា៖«​យើង​បាន​ផ្ដល់​សេចក្ដី​ជូន​ដំណឹង​ដល់​ពួក​គាត់​បីបួនលើកមកហើយ អំពី​តម្រូវ​ការរបស់​រដ្ឋ ដែល​ចាំ​បាច់​ត្រូវ​ដក​ហូត​ដី​នោះ​ទៅ​បែង​ចែក​ឲ្យ​សហគមន៍​គ្រួសារក្រី​ក្រ ប៉ុន្តែ​ពួកគាត់​ហាក់​ដូចជាមិន​អើ​ពើ​អ្វី​ទាំង​អស់ ខណៈ​ប្រជាពលរដ្ឋ​៣៦​ គ្រួសារ បាន​រង់​ចាំ​មួយឆ្នាំ​ហើយ​មួយឆ្នាំ​ទៀត ដើម្បី​ទទួល​បាន​ដី​សម្រាប់​បង្កបង្កើន​ផល​ដោះ​ស្រាយ​សេដ្ឋ​កិច្ច​គ្រួសារ​»។

ប៉ុន្តែ​បើ​តាម លោក ហាប់ ម៉ូសើរ ដែល​ជាកូនប្រុស​របស់​លោក ហាប់​ រី ពួកគាត់​បាន​ស្នាក់​នៅ​ និង អាស្រ័យ​​ផល​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​ ២០១២​ ដោយ​ពុំ​មាន​ការរេរាំង​ណាមួយ​ពី​អ្នកភូមិ​ឬ​អាជ្ញាធរមូល​ដ្ឋាន​នោះ​ទេ។

លោក​ថ្លែង​ថា កាលពីដើម​​ឆ្នាំ​២០១៦ មាន​​ចលនា​ប្រជាពលរដ្ឋ​ មកពី​ខេត្ត​ផ្សេងៗ​ ចូល​មក​​កាប់​ទន្ទ្រាន​ដី​ព្រៃសាធារណៈរបស់​​រដ្ឋ នៅ​ក្នុង​តំបន់​​នេះយក​ធ្វើ​ជាកម្មសិទ្ធិដោយ​ខុសច្បាប់ បើ​ទោះ​ជា​មាន​ការ​បង្ក្រាប​ និង​ទប់​ស្កាត់​ពី​អាជ្ញាធរ​ជាបន្តបន្ទាប់​ក្ដី។ ក្រោម​លេស ​«ក្រី​ក្រ» ពល​រដ្ឋ​ទាំងនោះ បាន​លើក​គ្នា​ទៅ​តវ៉ា​ សុំកិច្ច​អន្តរា​គមន៍ ​ពី​ប្រមុខដឹក​នាំរដ្ឋាភិបាល ឲ្យ​ជួយផ្ដល់​ដី​ដល់​ពួកគេ ហើយ​ជាលទ្ធផល​នៅ​ចុង​ខែ​សីហា​ ឆ្នាំ​ ២០១៦​ រដ្ឋាភិបាល ​បាន​សម្រេច​កាត់​ដី​ទំហំ​ជាង​ ៣៧០ ហិកតា ​ទៅ​ឲ្យ​ពួក​គេ ប៉ុន្តែប្រមាណ​ជាមួយ​ភាគបី នៃ​ផ្ទៃ​ដី​នោះ​ ត្រូវ​បាន​គ្រប​ដណ្ដប់​លើ​ដី​ចំការស្វាយ​ចន្ទីរបស់​គ្រួសារ​គាត់ និង អ្នក​ភូមិ​ផ្សេង​ទៀត​។

លោក ម៉ូសើរ បាន​បញ្ជាក់​ថា៖«គ្រួសារ​ខ្ញុំ​បានរស់​នៅ​និង​អាស្រ័យ​ផល​នៅ​លើ​ដី​នេះ មុនពេល​មានចលនា​ប្រជាពលរដ្ឋ​ទាំង​នោះ​​មក​ដល់។ យើង​ចិញ្ចឹម​សត្វ ធ្វើ​ស្រូវ និង​ដាំដំណាំ​ហូប​ផ្លែ មាន​ស្វាយ​ចន្ទី ដូង ខ្នុរ​ ចេក​ជាដើម ប៉ុន្តែ​ឥឡូវ​នេះ អ្វី​ៗ​ត្រូវ​បាន​អ្នក​ភូមិ​ចំណូល​ថ្មី​នោះ​ កាប់​បំផ្លាញ​ស្ទើរអស់​ទៅ​ហើយ។ មិនតែប៉ុណ្ណោះ ​អាជ្ញាធរ​ចង់​បណ្ដេញ​គ្រួសារ​យើង​ខ្ញុំ​ចេញ​ពីភូមិ​ទៀត។ វា​ពិតជា​អយុត្តិធម៌​ណាស់​ សម្រាប់​គ្រួសារ​យើ​ងខ្ញុំ»។

លោក​ម៉ូសើរ​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ក្រុម​អ្នកភូមិ​ចំណូល​ថ្មី​ជាង​ ៣០​ គ្រួសារ ដែល​គាំទ្រ​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ខេត្តក្រ​ចេះ​ បាននាំគ្នា​ចុះរុះរើខ្ទមចាំចំការ​ និង​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ដំណាំស្វាយ​ចន្ទីរបស់​ពួក​គាត់​ហើយ​ ថែមទាំង​បាន​ប្រើ​ពាក្យ​សម្ដី​ ប្រមាថ​មក​លើ​ពួក​គាត់​ដែល​ជាម្ចាស់​ចំការ​ទៀត។

លោក​បាន​និយាយ​ថា៖«ខ្ញុំពិត​ជាហួសចិត្ត​ នៅ​ពេល​ដែល​ឃើញ​ពួកគេ​ កាប់​និង​ឈូសឆាយ​ដំណាំយើង​ខ្ញុំ ហើយ​ថែម​ទាំង ចោទ​ប្រកាន់​មក​លើ​យើង​ខ្ញុំ​ថា អាហ្នឹង​ហើយ ​ជា​លទ្ធផល​នៃការ​រស់​នៅ​រំលោភ​លើដី​សង្គម​កិច្ច​របស់រដ្ឋ»។

ជុំវិញ​ករណី​នេះ លោក គឹម សារិន តំណាង​ប្រជាសហគមន៍​ក្រី​ក្រ ក្នុង​ភូមិ​ស្រែនាម បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ខែសីហា​ឆ្នាំ ២០១៦ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​ចំនួន ​៣៧៤,៧៧ ហិកតា ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែ​នាម ឃុំខ្សឹម ស្រុក​ស្នួល​ ខេត្ត​ក្រចេះ ជូន​ដល់​ពួកគាត់​ ដែល​ជា​គ្រួសារជន​ក្រី​ក្រពិត​ប្រាកដ​ចំនួន​១៣៦​ គ្រួសារ ដើម្បី​សង់​លំនៅ​ឋាន និង​បង្ក​បង្កើន​ផល​ផ្គត់​ផ្គង់​ជីវភាព​រស់​នៅ។

លោក សារិន បាន​បន្តថា នៅ​ពេល​នោះ អាជ្ញាធរ បាន​ធ្វើ​ការ​វាស់​វែង និង​បាន​ចែក​​ដី​ដល់​ពួក​យើង​ ក្នុង​មួយគ្រួសារ​ទទួលបាន​ដី​សម្បទាន​សង្គម​កិច្ច​ពីរដ្ឋ នូវ​ដី​លំនៅឋាន ទំហំ ២០ ម៉ែត្រ​គុណ​នឹង​៤០ម៉ែត្រ និង ដី​កសិកម្ម ទំហំ​២ហិកតា។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នោះ អាជ្ញាធរ​ បាន​បែង​ចែក​និង​ផ្ដល់​ជូន​បាន​តែ​ ១០០ គ្រួសារ​ប៉ុណ្ណោះ​ ចំណែក​ ៣៦ ​គ្រួសារ​ទៀត គឺ​ នៅ​មិន​ទាន់​ប្រគល់​ជូន​ទេ ដោយ​សារតែ​ពលរដ្ឋ​ចំនួន​បីគ្រួសារខាង​លើ​នេះ បានធ្វើ​ការ​ដាំដុះ​ដំណាំស្វាយ​ចន្ទី ​នៅ​លើដី​នោះ ហើយ​ពួក​គេ​សុំ​ទុក​ពេល​មួយ​ឆ្នាំ​ទៀត សម្រាប់​ធ្វើ​ការ​ប្រមូល​ផល​របស់​វា។

លោក​សារិន បាន​បញ្ជាក់​ថា៖«ពួកយើង​បាន​យល់​ព្រម​ តាមការ​ស្នើ​សុំ ប៉ុន្តែ​មួយ​ឆ្នាំ​ហើយ​មួយ​ឆ្នាំ​ទៀត គ្រួសារទាំង​បី​នេះ មិន​​អើ​ពើ​ផ្ដល់​ដីឲ្យប្រជាសហគមន៍​ក្រីក្រយើងខ្ញុំ​វិញ​ទេ ដូច្នេះ​ពួកយើង​ ក៏​នាំគ្នា​ដាក់​បណ្ដឹង​សុំកិច្ច​អន្តរាគមន៍​ ​ពី​អាជ្ញាធរមូល​ដ្ឋាន រ​ហូត​ដល់​ប្រមុខ​រាជ​រដ្ឋាភិបាល​ជាថ្មី​ទៀត​ ដើម្បី​ស្នើ​សុំដក​ហូត​យក​ដីពីពួ​កគេមក​បែង​ចែក​និង​ផ្ដល់​ជូន​ពលរដ្ឋ​ក្នុង​សហ​គមន៍​​យើង​ខ្ញុំ​ ដែល​នៅ​សេស​សល់​ចំនួន​៣៦​គ្រួសារ​នេះ»។

យ៉ាង​ណា​ក៏ដោយ ​លោក សាម ណាល់ អភិបាល​រង​ស្រុក​ស្នួល បាន​ថ្លែង​ថា នៅ​ពេល​នេះ ​ដំណោះ​ស្រាយ​ចំពោះ​មុខ អាជ្ញាធរ​បាន​ធ្វើ​ការ​វាស់​វែង បែង​ចែក​ដី​ និង​ផ្ដល់​ជូន​ពល​រដ្ឋ​ក្រី​ក្រ​ទាំង ​៣៦ ​គ្រួសារ​នោះ​ហើយ ព្រមទាំង​ដាក់​កម្លាំង​ចាំ​ជួយ​ការពារ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ជូន​ពួកគេ នៅ​ក្នុង​ការ​រៀប​ចំសង់​លំនៅ​ឋាន ព្រមទាំង​កំពុង​ទាក់​ទង​ជំនួយពី​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ ដើ​ម្បី​ជួយ​ដល់​ពួក​គេ​ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍