
អាជ្ញាធរស្រុកឯកភ្នំបានកំពុងស្តារឡើងវិញនូវបឹងតាគម ដែលជាបឹងបុរាណមួយមានទំហំប្រមាណ ១០ ហិកតាស្ថិតនៅក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំនៃខេត្តបាត់ដំបង។ រូបថត ក្រសួងវប្បធម៌
បាត់ដំបងៈ អាជ្ញាធរស្រុកឯកភ្នំបានចាប់ផ្ដើមអនុញ្ញាតឱ្យស្តារឡើងវិញនូវបឹងតាគម ដែលជាបឹងបុរាណមួយមានទំហំប្រមាណ ១០ ហិកតាស្ថិតនៅក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំនៃខេត្តបាត់ដំបង ដើម្បីរៀបចំជារមណីយដ្ឋាន និងអាងស្តុកទឹកបម្រើផលប្រយោជន៍ និងបង្កើតសេវាដល់ពលរដ្ឋក្នុងមូលដ្ឋាន។
លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីខែឧសភា ឆ្នាំ ២០២០ បានសម្រេចឱ្យអាជ្ញាធរមូលដ្ឋានចាប់ផ្ដើមស្ដារបឹងតាគម ទំហំ ៧ ហិកតាក្នុងផ្ទៃដីសរុប ១០ ហិកតាក្នុងនោះផ្ទៃដី ៣ ហិកតាសម្រាប់ដាំដើមឈើចំនួន ២ ពាន់ដើមដូចជាឈើគ្រញូងឈើបេង ឈើធ្នង់ និងដើមក្ងោក ធ្វើជាសួនសម្រាប់ភ្ញៀវទេសចរមកកម្សាន្ត។ គម្រោងស្ដារបឹងនេះនឹងត្រូវបញ្ចប់ដើមឆ្នាំ ២០២១។
លោក ម៉ិល សុផល បានឱ្យដឹងថា បឹងតាគមគឺជាបឹងបុរាណដែលស្ថិតនៅក្នុងតំបន់ប្រាសាទឯកភ្នំក្រោមការគ្រប់គ្រងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បឹងបុរាណបានប្រែក្លាយជាសភាពគោក និងគ្មានទឹកសម្រាប់ប្រើប្រាស់។ ដូច្នេះការស្តារបឹងតាគមនេះមិនបានចាយលុយរដ្ឋបាលស្រុកនោះទេ ដោយបានប្តូរជាមួយក្រុមហ៊ុនគេយកអាចម៍ដី ហើយមកដល់ពេលនេះសកម្មភាពនៃការស្តារសម្រេចបានប្រមាណ ៧០ ភាគរយ។
លោក សុផល បានថ្លែងថា៖ «ក្រសួងអនុញ្ញាតឱ្យស្តារជម្រៅតែ ៥ ម៉ែត្រវាស្ទើរពេកយើងក៏ថែមឱ្យដល់ ៦ ម៉ែត្រសម្រាប់ក្រាលបាតបឹង។ បន្ទាប់ពីស្តាររួចរាល់ បឹងតាគមនេះក៏នឹងអាចស្តុកទឹកសម្រាប់ប្រើប្រាស់បានប្រមាណជាង ៤២០ ម៉ឺនម៉ែត្រគុប សម្រាប់ពលរដ្ឋនៅមូលដ្ឋានជាច្រើនរយគ្រួសារ ដែលរស់នៅក្នុងភូមិព័ទ្ធជុំវិញ និងពលរដ្ឋមកពីតំបន់ផ្សេងទៀតដែលអាចដឹកយកទៅប្រើប្រាស់បានដែរ»។
លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបងបានឱ្យដឹងថា តាមការស្នើសុំរបស់រដ្ឋបាលស្រុកគឺស្តារតែជម្រៅ ៥ ម៉ែត្រនោះទេ ប៉ុន្តែនៅពេលស្តារគឺហួសពីអ្វីដែលបានស្នើសុំ គឺ ៦ ម៉ែត្រ គឺខាងមន្ទីរបានចុះទៅធ្វើកំណត់ហេតុ និងធ្វើការណែនាំកុំឱ្យលើសពីនេះទៀត។
លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ចំពោះការស្តារឡើងវិញនូវស្រះ ឬបឹងបុរាណក្នុងន័យផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋ និងអភិរក្ស និងការពារ និងមិនធ្វើឱ្យប៉ះពាល់ដល់សំណង់បេតិកភណ្ឌ ក្រសួងអនុញ្ញាតឱ្យធ្វើ។ លោកថ្លែងថា៖ «បើវាពាក់ព័ន្ធនឹងបេតិកភណ្ឌ ក្រុមការងារនឹងហាមឃាត់ ប៉ុន្តែបើមិនមានបញ្ហាប៉ះពាល់ដល់សំណង់បេតិកភណ្ឌអ្វីទេ យើងអនុញ្ញាតឱ្យមានការស្តារឡើងវិញ»៕