បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​សាងសង់​ផ្នូរ​កប់​សព ធ្វើ​ចេតិយ​ ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ​ក្នុង​ក្រុង​សិរីសោភ័ណ​ទៀត​ឡើយ ដោយសារ​តែ​វា​ធ្វើឲ្យ​ខូច​ដល់​សោភណភាព​ភ្នំ​ធម្មជាតិ​ដែល​ជា​ទី​ទៅ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ឆ្នាំ​ ២០១៨​។

លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្នុង​ក្រុង​សិរីសោភ័ណ​ពិសេស​តំបន់ភ្នំ​ស្វាយ​ត្រូវ​ចូលរួម​ទប់ស្កាត់​ការសាងសង់​ផ្នូរ ម៉ុង ឬ​ចេតិយ​នៅ​តាម​តំបន់​ជើងភ្នំ ឬ​ចង្កេះភ្នំ​ស្វាយ​។ លោក​ថ្លែង​ថា​៖ «​អ្វី​ដែល​មាន​ហើយ​យើង​រក្សាទុក​សិន​ និង​ហាម​មិន​ឲ្យ​បន្ត​ការសាងសង់​សំណង់​ផ្សេងៗ​នៅ​នឹង​ជើង​ភ្នំ​ជា​ដាច់ខាត​។ មន្ទីរធម្មការ និង​សាសនា​ត្រូវ​ស្រង់​ស្ថិតិ​ចេតិយ ផ្នូរ ឬ​ម៉ុង កប់​សព ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៅក្នុង​ខេត្ត​ដើម្បី​រៀបចំ​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់​»​។

បើ​តាម​លោក​ សារី ការ​ទប់ស្កាត់​នេះ​ធ្វើ​ឡើង​ទៅ​តាម​ការស្នើសុំ​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ភ្នំ​ស្វាយ និង​ក្រុង​សិរីសោភ័ណ​ដែល​បច្ចុប្បន្ន​មាន​មនុស្ស​មួយ​ចំនួន​តូច​កំពុង​សាងសង់​ផ្នូរ​ និង​ម៉ុង​សព​ជា​បន្ដបន្ទាប់ ដោយ​មិន​មាន​ការអនុញ្ញាត​ច្បាស់លាស់​។ លោក​ថា​៖ «​ការទប់ស្កាត់​នេះ​យើង​ធ្វើ​ឡើង​ដើម្បី​ថែរក្សា​ការពារ​បរិស្ថាន​ឲ្យ​បាន​ល្អ​បង្កើន​សោភណភាព​ឲ្យ​មាន​ពណ៌​បៃតង​ស្រស់បំព្រង និង​កាត់បន្ថយ​ការសាងសង់​ផ្នូរ ឬ​ម៉ុង​សព​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជើងភ្នំ​ដែល​ជា​រមណីយដ្ឋាន សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទស្សនា​កម្សាន្ត​»​។

លោក​ សារី សង្កត់​ធ្ងន់​ថា​មន្ទីរ​ធម្មការ និង​សាសនា​ត្រូវ​ធ្វើ​លិខិត​សុំ​គោលការណ៍​ទៅ​ក្រសួង​ធម្មការ និង​សាសនា​ជាបន្ទាន់ ហើយ​មន្ទីរ​ត្រូវ​ធ្វើ​ការប្រជុំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ពិសេស​ប្រជាពលរដ្ឋ​ទូទៅ​។ ចំណែក​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ត្រូវ​បង្កើត​គណកម្មការ​មួយ​ជាបន្ទាន់ ដើម្បី​ចុះ​ត្រួតពិនិត្យ​ទៅ​លើ​បញ្ហា​ដែល​ប្រឈម​ទាំង​នេះ​។

លោក ឱអួង សម្ភស មន្ដ្រី​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ដ​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ពី​​ម្សិលមិញ​ថា នៅ​ជើងភ្នំ​ស្វាយ​ពិតជា​មាន​ព្រះសង្ឃ​ដែល​មាន​វត្ដ​នៅ​ជិត​នោះ និង​គណៈកម្មការ​អាចារ្យ​មួយ​ចំនួន​បាន​សហការ​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​ផ្នូរ ឬ​ម៉ុង​កប់​សព និង​ចេតិយ​មែន​។ លោក​អះអាង​ថា​៖ «​ទាក់ទង​ចំពោះ​ច្បាប់ គតិយុត្ដ​អី ខាង​ក្រសួង​បាន​មាន​សង្ឃប្រកាស​ជា​យូរ​មក​ហើយ ចំពោះ​ការសាងសង់ ចេតិយ​ឬ​ម៉ុង​នៅ​តំបន់​ភ្នំ​ស្វាយ​នេះ​។ ប៉ុន្ដែ​ករណី​ដែល​នៅតែ​មាន​ការធ្វើ​នេះ​មកពី​ពុទ្ធបរិស័ទ​ខ្លះ​គាត់​មាន​ការ​សហការ​ជាមួយ​ចៅអធិការ និង​ជា​បរិស័ទ​ដែល​ធ្លាប់​មាន​គុណបំណាច់​លើ​វត្ដ​អី​ទៅ ទើប​ចេះ​តែ​មាន​ការ​សាងសង់​»៕