ព្រះសីហនុៈ ទូក​នេសាទ និង​​ទូកទេសចរណ៍​តូចៗ​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​ចាកចេញ​ពី​ផែ ខណៈ​អាកាសធាតុ​នៅតែ​បន្ត​​អួអាប់ និង​មាន​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង​លើ​ផ្ទៃសមុទ្រ​។ នេះ​​បើតាម​លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​។

លោក​ស្នងការ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បម្រាម​នេះ​ត្រូវ​បាន​ធ្វើឡើង​តាំងពី​ព្រឹក​ថ្ងៃ​អាទិត្យ ក្រោយពី​ទូក​នេសាទ​ ១ ​គ្រឿង​ដែល​ចត​នៅ​មាត់​កំពង់ទូក​របស់​លោក អៀ សុងឃៀង មេភូមិ​សុខសាន្ត​ក្នុង​សង្កាត់-ក្រុង​កោះរ៉ុង​ត្រូវបាន​ខ្យល់​កន្ត្រាក់​បោក​ពន្លិច​។

លោក ណារិន្ទ បាន​ថ្លែង​ថា​៖ «​កាលពី​ថ្ងៃ​អាទិត្យ យើង​បាន​ហាមឃាត់​ទូក​គ្រប់​ផែ​នាវា​ដឹកទំនិញ ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​ផែ​នេសាទ​ទាំងអស់​មិន​ឲ្យ​ចេញ​ធ្វើ​អាជីវកម្ម​ទេ ព្រោះ​នៅលើ​ផ្ទៃ​​សមុទ្រ​មាន​ភ្លៀងខ្យល់​បក់បោក​ខ្លាំង ហើយ​រលក​សមុទ្រ​មាន​កម្ពស់​រហូត​ដល់​ ១,៥០ ​ម៉ែត្រ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​ពួកគេ​។ ​ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ [​ម្សិលមិញ​] ​លំហ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​បាន​ស្ងប់ខ្យល់​បន្តិច​ដែល​អាច​ឲ្យ​ទូក​ទេសចរណ៍ និង​ទូក​ដឹកទំនិញ​ធំៗ​ចេញ​ធ្វើ​អាជីវកម្ម​បាន​»​។

លោក​បាន​បន្តថា ពេលនេះ​នគរបាល​ជើង​ទឹក​កំពុង​បន្ត​ពិនិត្យ​ជាប្រចាំ​អំពី​ស្ថានភាព​អាកាសធាតុ​ក្នុង​លំហសមុទ្រ និង​ត្រៀមកម្លាំង​ជួយ​អន្តរាគមន៍​ពេលណា​មាន​នាវា​ជួប​ឧបទ្ទវហេតុ​។

ជុំវិញ​ករណី​នេះ​អ្នកស្រី វ៉ាន់ អេង អាយុ​ ២០ ​ឆ្នាំ​ជា​ប្រជានេសាទ​ក្នុង​​តំបន់​កោះ​ខ្យង​នៃ​ស្រុក​ព្រៃនប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយសារ​អាកាសធាតុ​មាន​ភ្លៀងខ្យល់​បក់បោក​ខ្លាំងពេក ធ្វើ​គ្រួសារ​អ្នកស្រី និង​អ្នកភូមិ​ផ្សេងទៀត​មិន​ហ៊ាន​ចេញ​ទូក​ទៅ​នេសាទ​ទេ ដែល​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ​មាន​រយៈពេល​ ២ ​ថ្ងៃ​មកហើយ​។

ទិដ្ឋភាព​អាកាសធាតុ​មិន​ល្អ​នៅ​ចំណតទូក​នៃ​សមុទ្រ​ខេត្ត​ព្រះសីហនុ​។ រូបថត ប៉ូលិស

អ្នកស្រី​បាន​ថ្លែងថា​៖ «​ជាទូទៅ​នៅពេល​មាន​អាកាសធាតុ​អាប់អួ​បែបនេះ​ពួកយើង​មិន​ចេញ​ទូក​នេសាទ​នោះទេ​។ ​ពេលខ្លះ​អាកាសធាតុ​បែបនេះ បាន​អូសបន្លាយ​រហូត​ដល់​ ១ ​សប្ដាហ៍​ឯណោះ​»​។

ចំណែក​លោក ម៉ម រី អ្នក​ប្រកបរបរ​​រត់​ទូក​ទេសចរណ៍​ខ្នាតតូច​នៅ​ភូមិ​កោះតូច សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អាកាសធាតុ​អាប់អួ​ច្រើន​កើតឡើង​នៅពេល​ព្រឹក​ និង​ពេល​ល្ងាច​។ ​

លោក​បាន​បន្តថា នៅ​ចន្លោះ​ម៉ោង​ ១១ ​ព្រឹក​រហូត​ដល់​ម៉ោង​ ២ ​រសៀល អាកាសធាតុ​តែងតែ​ស្រឡះ​ហើយ​ស្ងប់ខ្យល់​ដែល​អាច​ឲ្យ​គាត់​ឆ្មក់​ដឹក​អ្នកដំណើរ​ទៅលេង​តាម​កោះ​បាន​ ១ ​ជើង​សម្រាប់​ដោះស្រាយ​ជីវភាព​​ប្រចាំថ្ងៃ​។

លោក រី បាន​បញ្ជាក់ថា​៖ «​វា​ជា​រឿង​ប្រសើរ​ខ្លាំង​ណាស់​ដែល​បច្ចុប្បន្ននេះ​​សមត្ថកិច្ច​បាន​ជូនដំណឹង​យើង​រៀងរាល់​ ១​ ​ម៉ោង​ម្ដង​អំពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដែល​អាច​ឲ្យ​យើង​បាន​ដឹង​ជាមុន​អំពី​ហេតុការណ៍​ដែល​នឹង​កើតមាន​នៅលើ​ផ្ទៃសមុទ្រ​»​។

លោក រី បាន​បន្ថែមថា​៖ «​យើង​ត្រូវ​គោរព​តាម​ការណែនាំ​របស់​អាជ្ញាធរ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​»​។

កាលពី​ម្សិលមិញ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម បាន​អំពាវនាវ​ជាថ្មី​ម្ដង​​ទៀត​ដល់​ប្រជានេសាទ និង​អ្នកធ្វើ​ដំណើរ​កម្សាន្ត​តាម​កោះ​នានា​ក្នុង​តំបន់​មាត់សមុទ្រ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​អាកាសធាតុ​ដែល​បង្ក​ឡើង​ដោយ​ឥទ្ធិពល​នៃ​ប្រពន្ធ​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូស​កាត់​លើ​​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​អាង​ទន្លេមេគង្គ​កំពុង​បន្តដំណើរ​ដោយ​រំកិល​ឆ្ពោះ​ទៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​ដែល​ក្នុង​ស្ថានភាព​បែបនេះ​នឹង​ធ្វើឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​លើ​ផ្ទៃ​ប្រទេស​ក្នុង​កម្រិត​ពី​​មធ្យម​ទៅ​ច្រើន ពិសេស​ខេត្ត​នៅ​តំបន់​ភាគខាងត្បូង ភាគ​ពាយព្យ និង​បណ្ដា​ខេត្ត​ក្នុង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។

លោក​ យុត្ថា បាន​បញ្ជាក់​ថា​៖ «​យោងតាម​ការ​ព្យាករ​អាកាសធាតុ ភ្លៀង​នឹង​​បន្ត​ធ្លាក់​យ៉ាង​ជោកជាំ​នៅ​ទូទាំង​ប្រទេស​ចាប់​ពីថ្ងៃ​ [​ចន្ទ​] ​នេះ​រហូត​ដល់​ថ្ងៃ​​ចន្ទ​សប្ដាហ៍​ក្រោយ​»​។

ជាមួយ​គ្នា​នេះ​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​ផងដែរ ដោយ​លោក​និយាយ​ថា បាតុភូត​ទាំងនេះ​កើតមាន​នៅពេល​មេឃ​រកកល់ភ្លៀង និង​ក្នុង​អំឡុង​ពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង​ខ្លាំង ពិសេស​ក្នុង​តំបន់​មាត់សមុទ្រ​។ ចំណែក​រលក​សមុទ្រ​អាច​នឹង​មាន​កម្ពស់​ចាប់​ពី​ ១,៥០ ​ម៉ែត្រ​ទៅ ២ ម៉ែត្រ​៕