ព្រះសីហនុ: ដោយខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិត អាជ្ញាធរពាក់ព័ន្ធបានចុះទៅហាមឃាត់ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខណៈពួកគេបាននាំគ្នាផ្អើលទៅជីកយកដុំថ្មនៅភ្នំមួយដោយសង្ស័យថាជារ៉ែមាសចាប់តាំងពីថ្ងៃទី ១២ និង ១៣ ខែមិថុនា។
លោក យស មុន្នីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពលថ្លែងពីម្សិលមិញថា ក្រុមអ្នកជំនាញនៃក្រសួងរ៉ែ និងថាមពលបានចុះទៅពិនិត្យដល់ទីតាំងដែលពលរដ្ឋសង្ស័យជារ៉ែមាសនោះ។ «យើងបានពិនិត្យមើលជាក់ស្ដែង ដុំថ្មទាំងនោះគឺមានលាយជាមួយបណ្ដុំរ៉ែដែក ទង់ដែង និងស្ពាន់ធម៌ដែលវាកើតឡើងជាដុំៗគ្រាប់ ដូចថ្មអ៊ីចឹង ហើយពេលយើងមើលទៅគឺឃើញផ្លេកៗចាំងដូចមាសអ៊ីចឹងដែរ។ ក្រោយពីអ្នកជំនាញពិនិត្យហើយយើងបានយកទៅពិសោធបន្ថែមតាមរយៈម៉ាស៊ីនទំនើប ប៉ុន្ដែរយៈពេល ៣ ថ្ងៃទៀត ទើបចេញលទ្ធផល»។
លោកបន្ថែមថា រ៉ែប្រភេទនេះមិនសូវមានច្រើនទេ ដោយមានបន្ដិចបន្ដួចតាមតំបន់ភ្នំ និងមិនអាចទាញយកមកប្រើប្រាស់ជាប្រយោជន៍ ឬលក្ខណៈអាជីវកម្មធំដុំបានទេ។ បើទោះបីជាអាជ្ញាធរពន្យល់បែបណាក៏ពលរដ្ឋ មិនជឿលើមន្ត្រីជំនាញឡើយ ហើយពួកគាត់នៅតែនាំគ្នាទៅជីកយកទៀតដែលអាចនឹងបង្កគ្រោះថ្នាក់ដូចជាបាក់ដីជាដើម។
លោក ប្រាក់ សមប្រាថ្នា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះសីហនុថ្លែងពីម្សិលមិញថា មន្ត្រីមន្ទីររ៉ែសហការជាមួយអាជ្ញាធរស្រុកព្រៃនប់បានចុះទៅហាមឃាត់ និងទប់ស្កាត់សកម្មភាពរបស់ប្រជាពលរដ្ឋរស់នៅភូមិគគីរដែលផ្អើលតៗគ្នាទៅជីកយកដុំថ្មថា ជារ៉ែមាសនោះ។
លោកបន្តថា ពលរដ្ឋទាំងចាស់ ទាំងក្មេងបានកាន់ចបកាប់ ចបជីក និងបង្គីទៅជីកកកាយថ្មភ្នំនោះ យកមកទុកនៅក្នុងផ្ទះ ប៉ុន្ដែគ្មានឈ្មួញណាគេទិញទេ។ «យើងបានហាមឃាត់តាំងពីពេលភ្លាមៗ យើងបានចុះទៅណែនាំគាត់ដល់ទីតាំង កុំឲ្យគាត់ជីកយកអ៊ីចឹង។ ក្រសួងរ៉ែ និងថាមពលបានចាត់ក្រុមការងារមកយកសំណាកពីទីតាំងហ្នឹង ដើម្បីយកទៅពិសោធនៅភ្នំពេញរួចរាល់ហើយ»។
លោក សរ កក្កដា អភិបាលស្រុកព្រៃនប់បានថ្លែងពីម្សិលមិញថា សកម្មភាពជីកកកាយរករ៉ែមាសនៅតំបន់ភ្នំនោះត្រូវបានបញ្ឈប់ហើយ។ លោកឲ្យដឹងថា ភ្នំដែលប្រជាពលរដ្ឋសម្រុកទៅជីករករ៉ែមាសនោះ គឺជាការដ្ឋានដែលអាជ្ញាធរបានកាយដីយកមកធ្វើផ្លូវចំនួន ៣៧ ខ្សែនៅក្នុងក្រុងព្រះសីហនុតាមគម្រោងរបស់រាជរដ្ឋាភិបាល។
លោកបន្តថា នៅពេលត្រាក់ទ័រកាយដីភ្នំនោះមានពលរដ្ឋខ្លះបានផ្សព្វផ្សាយតៗគ្នាថា មានរ៉ែមាសនៅក្នុងភ្នំ ទើបពួកគាត់ផ្អើលនាំគ្នាមកជីកកកាយយ៉ាងអនាធិបតេយ្យ។ អាជ្ញាធរចុះទៅហាមឃាត់ ដោយសារខ្លាចមានគ្រោះថ្នាក់ដល់ពួកគាត់ ម្យ៉ាងទៀតពួកគាត់មិនអាចទៅជីកទាំងអនាធិបតេយ្យបែបនេះបានទេ ពីព្រោះវាខុសច្បាប់ស្ដីពីធនធានរ៉ែ និងថាមពល។ «ពួកគាត់នាំគ្នាមួយប្រាវអ៊ីចឹងទៅ ហើយក្រោយមកក៏នាំគ្នាឈប់ទៅវិញ ព្រោះមានអ្នករើសដុំថ្មដែលសង្ស័យថា មាសហ្នឹងបានហើយគាត់យកទៅលក់នៅផ្សារ ហើយអ្នកទិញមាសក៏មិនទិញដែរដោយសារគេមិនដឹងថ្មអ្វីឲ្យប្រាកដ»។
លោក អ៊ឹង សារ៉ុម មេឃុំបិតត្រាំង ថ្លែងពីម្សិលមិញថា៖ «យើងបានហាមឃាត់ និងពន្យល់ពួកគាត់ថា ថ្មហ្នឹងមិនមែនរ៉ែមាសទេ កុំនាំគ្នាទៅជីកទៀត វាខុសច្បាប់ផង ខ្លាចគ្រោះថ្នាក់បាក់ដី បាក់ថ្ម ត្រូវពួកគាត់ផង»។
ភ្នំពេញប៉ុស្ដិ៍មិនទាន់អាចស្វែងរកប្រភពប្រជាពលរដ្ឋដែលទៅជីកកកាយយកថ្មភ្នំនេះ ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះបានទេពីម្សិលមិញ៕