ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ហាម​មិនឱ្យ​លក់ដូរ ទិញ និង​ប្រើប្រាស់​សម្លៀកបំពាក់​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ឯកសណ្ឋាន​កងកម្លាំង​ប្រដាប់អាវុធ​ដែល​មាន​អក្សរ POLICE, PM, ARMY ជាមួយ​គ្នា​នោះ ក៏​ហាម​មិន​ឲ្យ​ប្រើប្រាស់​វិទ្យុ​ទាក់ទង ឬ​ឧបករណ៍​ផ្សេងៗ​ដោយ​គ្មាន​ការអនុញ្ញាត ក្នុង​ឱកាស​ព្រះរាជពិធី​បុណ្យអុំទូក និង​បុណ្យ​ឯករាជ្យ​ជាតិ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ និង​របៀបរៀបរយ​សង្គម​។ នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​។

សេចក្ដី​ជូនដំណឹង​នេះ​បាន​ឲ្យ​ដឹងថា​៖ «​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជួយ​ពិនិត្យ​តាមដាន​ការលក់ដូរ ការប្រើប្រាស់​សម្លៀកបំពាក់​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ឯកសណ្ឋាន​កងកម្លាំង​ប្រដាប់អាវុធ និង​ការប្រើប្រាស់​វិទ្យុទាក់ទង​ដែល​មិន​ប្រក្រតី ដើម្បី​ចៀសវាង​ធ្វើឱ្យ​មហាជន​មាន​ការភ័ន្តច្រឡំ​ថា​ជា​កម្លាំង​សមត្ថកិច្ច ហើយ​អាច​បន្លំ​ខ្លួន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​បង្ក​ចលាចល​ក្នុង​សង្គម​»​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ព្រមាន​ផងដែរ​ថា ប្រសិន​បើ​ពិនិត្យ​ឃើញ​ថា មាន​សកម្មភាព​នេះ​កើតឡើង​ត្រូវ​ចាត់វិធានការ​អប់រំ​ណែនាំ​ឱ្យ​បញ្ឈប់​ការលក់ដូរ ការទិញ និង​ការប្រើប្រាស់​ជាបន្ទាន់​។ ក្នុងករណី​ទង្វើ​នេះ​បង្ក​ជា​បទល្មើស​ជាក់ស្តែង​ត្រូវ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

ក្នុង​ពិធីបុណ្យ​នេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ប្រកាស​ផ្អាក​ដំណើរការ​សេវា​ដឹកជញ្ជូន​តាម​កាណូត (Taxi Boat) រយៈពេល ៥ ​ថ្ងៃ​ក្នុង​ឱកាស​ព្រះរាជពិធីបុណ្យ​អុំទូក និង​ណែនាំ​ទៅ​ខណ្ឌ​ចំនួន​ ៤ ឲ្យ​ត្រៀមកម្លាំង​ចូលរួម​ជួយ​ការងារ​ប្រមូល និង​ដឹកជញ្ជូន​សំរាម ខណៈ​ទូក​ដែល​ចុះឈ្មោះ​ប្រឡង​ប្រណាំង​ក្នុង​ឆ្នាំ​នេះ​មាន​ជិត ៣០០ ទូក​។ ការផ្អាក​ដំណើរការ​នូវ​សេវា​ដឹកជញ្ជូន​តាម​កាណូត (Taxi Boat) នឹង​ត្រូវ​ផ្អាក​គិត​ចាប់ពី​ថ្ងៃទី​ ៨ ដល់​ថ្ងៃទី​ ១២ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ក្នុង​ការធ្វើ​នាវាចរ​តាម​ដង​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​បញ្ជាក់​ដែរថា សេវា​ដឹកជញ្ជូន​តាម​កាណូត​នឹង​ដាក់ឱ្យ​ដំណើរការ​ជាធម្មតា​វិញ​នៅ​ថ្ងៃទី​ ១៣ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ ដោយ​បាន​បញ្ជា​ឲ្យ​រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ មន្ទីរ​អង្គភាព​ជំនាញ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ និង​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​សាធារណជន​ទាំងអស់​។

លោក ប៊ុន វាសនា មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្នុង​ឆ្នាំ​នេះ​មាន​ទូក​ចំនួន ២៩៧ ​ទូក​មកពី​ ១៩ ​រាជធានី-ខេត្ត និង​មាន​កីឡាករ​សរុប ១៩ ២១៤ នាក់​ ចូលរួម​ប្រកួតប្រជែង​។

លោក ប៊ុន វាសនា បាន​អះអាង​ថា​ការផ្អាក​ចរាចរ​ហាម​មិន​ឲ្យ​កាណូត សាឡង់​នានា បើកបរ​ក្នុង​អំឡុងពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ជា​វិធានការ​មួយ​ដែល​ល្អ​បំផុត ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​កីឡាករ និង​ដើម្បី​បង្ការ​ឧបទ្ទវហេតុ​ផ្សេងៗ​។

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹងថា ក្រសួង​បាន​ត្រៀម​រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន ៦៦ ​គ្រឿង និង​រៀបចំ​ស្តង់​ចំនួន ១២ និង​គ្លីនិក​ចល័ត​ជាច្រើន​ដែល​មាន​មន្ត្រី​ប្រមាណ​ ១ ០០០ ​នាក់ ​ត្រៀម​ប្រចាំការ ដើម្បី​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​ទូទៅ​ដែល​មាន​បញ្ហា​សុខភាព​៕