ភ្នំពេញៈ អាជ្ញា​ធរ បាន​កោះហៅ​អ្នក​ទិញ​​រថយន្ត​​បង់​រំលស់​ពី​ឃ្លាំង សេង ហួត ជាង​ ១០០​ នាក់​​ និង​ម្ចាស់​ឃ្លាំង​នេះ ឲ្យ​ចូល​ទៅ​ជួប​តទល់​មុខ​គ្នា​ដើម្បី​ដោះ​ស្រាយ​នៅ​សាលា​សង្កាត់​​ចោម​ចៅ ​២ នៅ​ថ្ងៃ​ពុធ​នេះ ពាក់​ព័ន្ធ​នឹង​អ្វី​​ដែល​អ្នក​ទិញ​រថយន្ត​បង់​រំលស់​ទាំង​នោះ​​អះ​អាង​ថា ម្ចា​ស់​ឃ្លាំង​បាន​ឆបោក​ប្រាក់​ពួកគេ។

ការ​កោះ​ហៅ​របស់​អាជ្ញា​ធរ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​​អ្នក​ទិញ​រថ​យន្ត​​បង់​រំលស់​ទាំង​នោះ​ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​ការ​តវ៉ា​តាំងពី​ចុង​ខែ​មីនា​មក និង​បាន​តវ៉ា​ជាថ្មីទៀត កាលពី​ម្សិលមិញដើ​ម្បី​ទាមទារ​ឲ្យ​ម្ចាស់​ឃ្លាំង លោក សេង សុភ័គ ដោះស្រាយ​ជូន​ពួកគេ​ឲ្យ​បាន​ឆាប់​រហ័សប​ន្ទាប់​ពី​ការចរចា​ជា​មួយ​ម្ចាស់​ឃ្លាំង​កា​លពី​ថ្ងៃ​ចន្ទ​មិនមាន​លទ្ធផល។

អ្នក​ទិញ​រថ​យន្ត​បង់​រំលស់​ទាំងនេះ​បាន​អះអាងថា ពួកគេ​បាន​ចាញ់​បោក​ម្ចាស់​ឃ្លាំង សេង ហួត ខណៈ​ដែល​​អ្នកខ្លះ​ត្រូវ​បាន​ដកហូត​រថយន្ត​វិញ អ្នកខ្លះ​បាន​បង់ប្រាក់​កក់​រួចហើយ តែ​មិនទាន់​ទទួលបាន​រថយន្ត និង​អ្នក​ខ្លះទៀត កំពុង​ភ័យ​ខ្លាចការ ដកហូត​រថ​យន្ត​ ដោយ​ក្រុមហ៊ុន​បាន​ប្រើ​ហេតុ​ផល​ផ្សេង​ៗ​ដូច​ជា​ថា ត្រូវ​យក​រថ​យន្ត​មក​ជួស​ជុល​ ប៉ុន្តែ​នៅ​ទី​បំផុត​ក្រុមហ៊ុន​មិន​បាន​ប្រគល់​រថ​យន្ត​ឲ្យ​វិញ​ឡើយ។

លោក លឿង ស៊ីវ​ម៉េង អ្នក​ទិញ​រថយន្ត​បង់​រំលស់​​ម្នាក់ ក្នុង​ចំណោម​អ្នក​តវ៉ា​ទាំង​នោះ​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការជួប​ជាមួយ​ម្ចាស់​ឃ្លាំង កាលពី​ថ្ងៃ​ចន្ទគឺ​ពុំមាន​លទ្ធផ​ល​​អ្វី​ទេ ព្រោះតែ​ភាគី​ម្ចាស់​ឃ្លាំង បានស្នើ​សុំ​ពន្យា​រពេល ក្នុងការដោះស្រាយដោយ​និយាយថា នឹង​ដោះស្រាយ​ផ្តល់​សំណង​តាម​ការទាមទារ​ ហើយ​​ការដោះស្រាយ នឹង​ត្រូវធ្វើ​បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ហើយ។

លោក​​បាន​បញ្ជាក់ថា៖ «គាត់ ​(ម្ចាស់​ឃ្លាំង) ថា ដំណោះ​ស្រា​យ អ្នក​ដែល​ចង់បាន​ឡាន គាត់​នឹង​ប្រគល់​ឡាន​​ឲ្យ​វិញ ចំពោះ​អ្នក​ដែល​ចង់បាន​លុយ គាត់​ប្រគល់​លុយ​ឲ្យ​វិញតាម​ដំណា​ក់កាល។ តែ​ខ្ញុំ​មិនអាច​រង់ចាំ​បាន​ទៀត​ទេ ខ្ញុំ​ចំណាយពេល​យូរ​ណាស់ ក្នុងការ​រង់ចាំ បើសិន​រង់ចាំ​ដល់​ចូលឆ្នាំ​ខ្មែរ​ទៀត អ៊ីចឹ​ង​​ដំណើរការ​រកស៊ី​របស់​ពួក​ខ្ញុំ ដែ​ល​រក​មួយថ្ងៃ បាន​មួយថ្ងៃ នឹង​ជួប​ផល​លំបាក ហើយ​មិន​ប្រាកដ​ថា គាត់​គោរព​តាម​សន្យា​នោះ​ទេ ព្រោះ​កន្លងមក ពន្យារ​ពេល និង​គេចវេះ​រហូត»។

ចំណែក​លោក វុ​ធ ឆោ​វ័​ន្ត អាយុ ២៧ ឆ្នាំ រស់នៅ​ខេត្ត​តា​កែវ ដែល​ចូល​រួម​តវ៉ា​ដែរ​នោះ​​​និយាយថា រហូត មក ដល់​ពេល​នេះ ពួក​លោក​​បាន​បំបែក​គ្នា​ជា ​២ ​ក្រុម ដោយ​ ១ ក្រុម ស្វែង​រក​​កិច្ច​អន្តរាគម​ន៍​ពី​ភាគី​ពាក់ព័ន្ធ និង ១ ក្រុម​ទៀតរង់ចាំ​នៅ​កន្លែង​ឃ្លាំង​សេង ហួត ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់។

លោកថា បើ​មិន​មាន​​ដំណោះ​ស្រាយ​ទេ លើក​នេះ ពួកគេនឹង​ទៅ​តវ៉ានៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី។

លោក​បញ្ជាក់​ថា៖ «មិន​​ដឹង​ថា អាច​ជឿ​បាន​ឬ​អត់ នៅ​ពេល​ម្ចាស់​ឃ្លាំងចេញ​មុខ​មក​អះអាង​ផ្តល់​សំណងដល់​ពួក​យើង​ដែល​ជាអ្នក​រត់​តាក់​ស៊ី​បន្ទាប់​ពីបាត់​ចំណូលដែល​បណ្តាល​មក​ពីការ​តវ៉ា​ក្នុង​អំឡុ​ងពេល​រង់​ចាំ​ដំណោះ​ស្រាយ​នេះ។ តែ​ខ្ញុំគិ​តថា មិន​អាច​ទៅ​រួច​ទេ ព្រោះ​គ្រាន់​តែ​សំណ​ង​រប​ស់​ពួ​ក​ខ្ញុំ មិន​ទាន់​សង​ផង»។

បើ​តាម​អ្នក​ទិញ​រថ​យន្ត​បង់​រំលស់​ទាំង​នោះ​ អ្នក​ដែល​បាន​ចាញ់បោក​ឃ្លាំង​ សេង ហួត​ នេះ គឺ​កើន​ជាង ១០០ នាក់ហើយ ដោយ​បានធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ឃ្លាំង​នេះ ដើម្បី​ទិញ​​រថ​​យន្ត​បង់​រំលស់​ ដោយ​ក្នុងម្នាក់​ៗ ត្រូវ​បង់ប្រាក់​កក់​មុន ពី​ ៣០ ទៅ ៤០ ភាគរយ គឺ​ចន្លោះ​ពី ៣ ពាន់ ទៅ ៨ ពាន់​ដុល្លារ ទៅ​តាម​​ប្រភេទ​រថយន្ត​​ដែល​មាន​តម្លៃ​ពី​​​ជាង​ ១ ម៉ឺន ទៅ​​ជិត​ ២ ម៉ឺន​ដុល្លារ មាន​ម៉ាកព្រុស ម៉ា​ក​ហាយ​ឡែ​ន​​​ឌ័​រ និង​ម៉ាក​បាឡែ​ន​​ជាដើម ដោយ​ត្រូវ​​បង់​ប្រាក់​​ជា​រៀង​​រាល់ខែ ជា​ថ្នូរ​នឹង​ការ​យក​​ឡាន​មក​ប្រើប្រាស់។

លោក សេង សុភ័គ អគ្គនា​​យក​ឃ្លាំង សេង​ ហួត មិនអាច​​សុំ​ការ​បំភ្លឺ​បាន​ទេ កាលពី​ម្សិលមិញ ដោយ​លោកពុំ​លើក​ទូរ​ស័ព្ទ​។ ប៉ុន្តែ ​លោក ម៉ាន់ សុផ​ល មេធាវី​លោក សេង សុភ័គ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា លោក​​កំពុង​ប្រមូល​តួ​លេខ និង​​ប្រមូ​ល​ព័ត៌មាន​​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​សិន ដើម្បី​ពិចារណាដោះស្រាយ​ទៅតាម​សំណង​ ដែល​​អ្នក​ទិញ​រថ​យន្ត​ទាំង​នោះ​បាន​ទាមទារ។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​ចង់តែ​បញ្ឈប់​ឲ្យ​បានឆាប់ៗហ្នឹង ព្រោះ​​​ជារួម​វា​រញ៉េរញ៉ៃ​ណាស់ ព្រោះ​មាន​ក្រុម​ច្រើន ខ្ញុំ​សុំ​ពេលវេលា​ប្រមូល និង​ពិនិត្យ​ឯកសារ​រួច​អស់​សិន ហើយ​យើង​នឹងដោះស្រាយ​ភ្លាម ជាពិសេស​អ្នក​ចាំបាច់ »។

ជាងនេះទៅទៀតលោក សុផ​ល ក៏​​បាន​អះអាង​​ផង​ដែរ​ថា ចាប់ពី​ថ្ងៃនេះ​ទៅ ​អ្នក​ដែល​កំពុង​ប្រើ​ប្រាស់​​រថយន្ត​ដែល​ត្រូវ​​បាន​បង់​រំលស់​សូម​កុំ​ឲ្យមានការ​ព្រួយ​បារម្ភ ពី​ព្រោះ​ខាង​ឃ្លាំង​សេង ហួត បាន​ចរចា​ជាមួយ​ភាគី​ពាក់ព័ន្ធ​បញ្ឈប់​កា​រ​ដកហូត​​រថ​​យន្ត​​ហើយ រហូត​ទាល់​តែមាន​ដំណោះ​ស្រាយ។

​លោក វ៉ា សា​រ៉ង ចៅសង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែនជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា អាជ្ញាធរ បាន​កោះហៅ​ម្ចាស់​ឃ្លាំង​ ព្រមទាំង​​អ្នក​ទិញ​រថ​យន្ត​បង់​រំលស់​ឲ្យ​ចូលខ្លួន​ទៅ​ជួប​គ្នា​ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ នៅ​សាលា​សង្កាត់​ ដើម្បី​​ចរចា​ស្វែងរក​ដំណោះស្រាយ។ ដូច្នេះ លោក​សង្ឃឹម​ថា អ្នកមាន​ជាប់​ពាក់ព័ន្ធ​ទាំង​អស់ គួរតែ​ចូលរួម​ទាំង​អស់​គ្នា។

បើ​តាម​​ម្ចាស់​ឃ្លាំង ​សេង ហួត ដែល​បាន​ឡាយ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ កាល​ពី​ថ្ងៃ​អាទិត្យ រូបលោក​ ក៏​ជា​ជនរងគ្រោះ​ដែរ ព្រោះ​​​រថ​យន្ត​​ចំនួន​ ៤៣ គ្រឿង​ ដែល​ខ្លួន​បាន​បង់រំលស់​ឲ្យ​ពលរដ្ឋ គឺជា​​រថ​យន្ត​ដែល​​ខ្លួន​បាន​បង់​រំលស់​បន្ត​ពី​សមាគម​អភិវឌ្ឍន៍​អ្នកបើកបរ ដោយមាន​បុគ្គល​ឈ្មោះ ផង់ សុគា ជា​ប្រធាន។

ប៉ុន្តែ នៅ​ពេល​ក្រោយមក បុគ្គល​រូបនោះក៏ត្រូវ​បាន​តុលា​ការ​​ចាប់​ឃុំខ្លួន​បណ្តោះអាសន្ន​ ក្នុង​ពន្ធនាគារ ទាក់ ទង​នឹង​រឿង​បោក​លុយ​ពី​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ ៣ លាន​ដុល្លារ ហើយ​រថ​យន្ត​​ទាំងនោះ ក៏ត្រូវ​បាន​សមាគម​នេះ ប្រកាស​ដកហូត ដែល​ធ្វើ​ឲ្យ​​អតិថិជន​ខ្លួន​មាន​ការ​ភ័យ​ព្រួយ។

ប៉ុន្តែ​បើ​តាម​ក្រុម​ពល​រដ្ឋ​ដែ​ល​​ទិញ​រថ​យន្ត​បង់​រំលស់​ រហូតមក​ដល់​ពេលនេះ គឺមាន​អ្នក​ទិញ​រថ​យន្ត​បង់​រំលស់​​លើសពី ១០០ នាក់ឬ​ស្មើ ១០០ ​រថយន្ត​ បាន​ទាម​ទារ​ឲ្យ​ម្ចាស់​​ឃ្លាំង​សេ​ង ហួត​ ត្រូវ​ដោះ​ស្រាយ​ផ្តល់​ប្រាក់​សំណ​​​ង ឬ​ផ្តល់​រថ​យន្ត​ទៅ​ឲ្យ​ពួកគេ៕