ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​នឹង​អនុញ្ញាតឱ្យ​ជួបជុំ​គោរព​វិញ្ញាណ​ក្ខន្ធ​នៅ​ទីតាំង​រូប​សំណាក​លោក ជា វិជ្ជា មុខ​វត្ត​លង្កា​ដូច​ដែល​ធ្លាប់​បាន​អនុញ្ញាត​ឱ្យធ្វើ​ពិធី​បែប​នេះ​រាល់​ឆ្នាំ ប៉ុន្តែ​មន្ត្រី​សាលា​រាជធានី​ព្រមាន​ប្រើ​វិធាន​ការ​ច្បាប់​ប្រសិន​បើ​ការ​ជួប​ជុំ​នោះ​ធ្វើ​ផ្ទុយ​អំពី​អត្ថន័យ​ក្នុង​លិខិត​ជូន​ដំណឹង។

ក្រុម​សហជីព កម្មករ និង​សាច់ញាតិគ្រោង​ជួបជុំគ្នា​នៅ​ថ្ងៃទី ២២ មករា ខាង​មុខ​នេះ​ដើម្បី​ធ្វើ​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាល​ពី ១៥ ឆ្នាំ​មុន។ នេះ​បើ​តាម​លិខិត​ជូន​ដំណឹង​មួយ​របស់​សហជីព ដែល​បាន​ផ្ញើ​ជូន​សាលា​រាជធានី​ភ្នំពេញ។

លោក ម៉េ​ត មាស​ភក្ដី មន្ត្រី​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ក្រុម​ការងារ​របស់​លោក​បាន​ទទួល​លិខិត​ជូន​ដំណឹង​នេះ​រួច​ហើយ និង​កំពុង​រៀបចំ​ដើម្បី​សុំ​ការ​សម្រេច​ពី​លោក ឃួង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ។

លោក​បាន​បន្តថា ក្នុង​លិខិត​នោះគ្រាន់តែ​បញ្ជាក់​ពី​ការជួបជុំ​ដាក់​កម្រង​ផ្កា​នៅ​កន្លែង​រូប​សំណាក​លោក ជា វិជ្ជា ប៉ុណ្ណោះ និង​មិន​បាន​បញ្ជាក់​អំពី​ការ​ដើរ​ដង្ហែ​ក្បួន​អ្វី​ឡើយ ដូច្នេះ​សាលា​រាជធានី​ភ្នំពេញ​នឹង​ឯកភាព​ដូច​អ្វី​ដែល​ធ្លាប់​អនុញ្ញាត​កន្លង​មក ប៉ុន្តែ​បើ​ខុស​ពី​នោះ​គឺ​មិន​បាន​ទេ។

លោក​បាន​បញ្ជាក់ថា៖ «ជាធម្មតា​ទេ ប្រសិន​ធ្វើ​អ្វី​ខុសពី​សំណើសុំ​ឬ​ជូន​ដំណឹង​មក​ក្រុង​នេះ​យើង​មិន​អាច​អនុញ្ញាត​ជូន​បាន​ទេ យើង​ធ្លាប់​ដឹង​ហើយ​នៅ​ក្នុង​ច្បាប់​របស់​យើង ការ​ជួប​ជុំ​លើស​ពី​គ្នា ២០០ នាក់ សាលា​ក្រុង​គ្មាន​សិទ្ធិ​សម្រេច​ទេ ទាល់​តែ​ក្រសួង​មហាផ្ទៃ​ទើប​មាន​សិទ្ធិ​សម្រេច។ មួយ​វិញ​ទៀត ការ​ហែក្បួន​និង​ការ​ដើរ​ផ្សេងៗ នៅ​តាម​ដង​ផ្លូវ​របស់​យើង​ក្នុង​ចំនួន​មនុស្ស​ដ៏​ច្រើន​អ៊ីចឹង ជា​ទម្លាប់​គឺ​យើង​មិន​អនុញ្ញាត​ជូន​ទេ ព្រោះ​វា​ប៉ះពាល់​ទៅ​ដល់​បញ្ហា​សណ្ដាប់​ធ្នាប់ និង​ចរាចរណ៍​ផ្សេងៗ ហើយ​ប្រសិន​បើ​ធ្វើ​ខុស គឺ​វា​ជាការ​ទទួល​ខុស​ត្រូវ​ផ្លូវ​ច្បាប់​របស់​ម្ចាស់​សំណើ​តែ​ម្ដង»។

លោក ម៉េ​ត មាស​ភក្ដី បន្ថែមថា វិធានការ​ច្បាប់​នេះ គឺ​ត្រូវអនុវត្ត​ទៅតាម​ទំហំ​នៃ​អំពើ​ខុស​ឆ្គង ប្រសិន​បើ​កើត​ឡើង ដែល​លោក​មិន​អាច​ជម្រាប​ជូន​លម្អិត​ជា​មុន​បាន​ទេ។ ខណៈ​មិនទាន់​ឃើញ​លិខិត​នៅឡើយ​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​យ៉ាង​ខ្លី​កាល​ពី​ម្សិលមិញ​ថា សាលា​ក្រុង​មិន​ដែល​រារាំង​ចំពោះ​ការ​ជួបជុំ​ប្រារព្ធ​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធ​លោក ជា វិជ្ញា ឡើយ។

លោក​ថា៖ «ទាល់តែ​សំណើ​ហ្នឹង​ដល់ខ្ញុំ​បាន​ខ្ញុំ​ឆ្លើយ​កើត​ថា​ខ្ញុំ​ឱ្យ​កម្រិត (ជួបជុំ) នេះ​ម៉េច។ ប៉ុន្តែ​យើង​មិន​ដែល​រារាំង​ទេ គ្រាន់​តែ​ឱ្យ​មាន​សណ្ដាប់​ធ្នាប់​ទៅ ព្រោះ​អ្នក​គោរព​វិញ្ញាណ​ក្ខន្ធ ជា វិជ្ជា ហ្នឹង​មាន​មិន​ប៉ុន្មាន​ទេ តែ​អ្នកធ្វើ​ដំណើរ​ជាង ៣ លាន​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ អ៊ីចឹង ត្រូវ​គោរព​អ្នក​ដំណើរ​តែ​ប៉ុណ្ណឹង​ទេ»។

សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ថា សម្រាប់​ឆ្នាំ ២០១៩ នេះ ថ្នាក់​ដឹកនាំ​និង​សមាជិក​សមាជិកា​របស់​ខ្លួន ព្រមទាំង​ក្រុម​គ្រួសារ សាច់​ញាតិ មិត្តភក្ដិ​ចំនួន ១៥០ នាក់​នឹង​ជួបជុំ​គ្នា​នៅ​ម៉ោង ៨ និង៣០ នាទី​ព្រឹក ថ្ងៃ​ទី ២២ ខែ​មករា ដើម្បី​ដាក់​កម្រ​ផ្កា​គោរព​វិញ្ញាណ​ក្ខន្ធ​លោក​ជា វិជ្ជា ក្នុង​ការ​ចង​ចាំ និង​ដឹង​គុណ​របស់​វីរជន​កម្មករ​ដ៏​ឆ្នើម​រូប​នេះ។

គិតដល់​ឆ្នាំ ២០១៩ នេះ គឺជា​គម្រប់​ខួប ១៥ ឆ្នាំ​ហើយ ដែល​លោក ជា វិជ្ជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ក្បែរ​តូប​លក់​កាសែត ១ ជិត​របង​វត្ត​លង្កា ប៉ុន្តែ​មក​ទល់​ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​អាច​រក​មុខ​ឃាតករ​ពិត​ឃើញ​នៅ​ឡើយ​ទេ។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធសហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា យល់​ឃើញ​ថា ករណី​បាញ់​សម្លាប់​លោក ជា វិជ្ជា ដែល​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ក្នុង​រយៈពេល ១៥ ឆ្នាំ​មក​នេះ គឺ​នៅ​តែ​ជា​រូបភាព​មួយ​គំរាម​គំហែង​ដល់​ចលនា​សហជីព ដែល​នាំ​ឱ្យ​សហជីព​ខ្លាច​រអា​និង​បាក់​ស្បាត។

លោក​ថា៖ «ខ្ញុំ​គិតថា ការដែល​ឃាតករ​បាញ់សម្លាប់​គាត់ (ជា វិជ្ជា) នេះ​គឺជា​ការ​គំរា​មកំហែង​មក​លើ​ចលនា​សហជីព ឬក៏​រំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​សហជីព​ខ្លាំង​ណាស់ ដែល​ធ្វើ​ឱ្យ​មាន​ការ​ខ្លាច​រអា​និង​បាក់​ស្បាត​អ្វី​ដែល​យើង​ចង់​បាន គឺ​ទី១ រដ្ឋ​ត្រូវ​ធានា​អំពី​សេរីភាព​ឡើង​វិញ​ទី២ រដ្ឋ​ត្រូវ​ធានា​ថា ប្អូន​របស់ ជា វិជ្ជា (លោក ជា មុនី) និង​អ្នក​ផ្សេង​ទៀត ដែល​ធ្វើ​ការងារ​ជា​សហជីព​មិន​ត្រូវ​រង​ការ​គំរាម​កំហែង​ទៀត​ទេ»។

ទាំង​លោក អាត់ ធន់ និង ជា មុនី រួមទាំង​សហជីព​ចំនួន ៤ នាក់​ទៀត ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាត់​ទោស​កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន ឱ្យ​ជាប់​ពន្ធនាគារ ២ ឆ្នាំ​កន្លះ តែ​ត្រូវ​ព្យួរ​និង​ត្រូវ​សង​ជំងឺ​ចិត្ត​ជិត ៩ ពាន់​ដុល្លារ​ទៅ​ដើម​ចោទ ២ នាក់​ពាក់​ព័ន្ធ​នឹង​ករណី​ហិង្សា​នៅ​លើ​ផ្លូវ​វេង​ស្រេង​កាល​ពី​ចុង​ឆ្នាំ ២០១៣។ ប៉ុន្តែ​ក្រុម​សហជីព​ចាត់​ទុក​ចំណាត់​ការ​តុលាការ​នេះ​ជា​រឿង​អយុត្តិធម៌​ហើយ​បាន​សម្រេច​ប្ដឹង​ឧទ្ធរណ៍។

លោក ជា មុនី មិនអាច​ទាក់ទង​សុំ​ការឆ្លើយតប​តាម​ទូរស័ព្ទ​បានទេ កាល​ពី​ម្សិលមិញ ព្រោះ​លោក​បាន​ចាក​ចេញ​ទៅ​ប្រទេស​ថៃ​ក្រោយ​ការ​កាត់​ទោស​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក អាត់ ធន់។

លោក ខៀវ សុភ័គ មន្ត្រី​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់ថា សហជីព​គួរ​ឈប់​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​ខ្លួន​ទៀត ព្រោះ​លោក​ថា ករណី​ឃាតកម្ម​លើ​លោក ជា វិជ្ជា បាន​កើត​ឡើង​តាំង​ពី ១៥ ឆ្នាំ​មក​ម្ល៉េះ។

លោក​ថា៖ «តាំងពី​ពេលនោះ​មក​វា​ស្ងាត់ឈឹង​ហើយ វា​មានអី​ទៀត ពី​ដើម​វា​មាន​អ៊ីចឹង ប៉ុន្តែ ១៥ ឆ្នាំ​ហើយ ឈប់​ព្រួយ​បារម្ភ​អី​ទៅ ហើយ​ខិតខំ​ធ្វើ​ការងារ​ទៅ។ ចង់​បញ្ជាក់​ថា សំណុំ​រឿង (ឃាតកម្ម​លើ​លោក ជា វិជ្ជា) មិន​ទាន់​ចប់​ទេ»។

ចំពោះ​សំណួរ​ថា តើ​ការស៊ើបអង្កេត​អស់​រយៈ ១៥ ឆ្នាំ​ជុំវិញ​ឃាតកម្ម​លើ​លោក ជា វិជ្ជា បាន​រក​ឃើញ​ភ័ស្ដុតាង​បន្ថែម​ដែរ​ទេ? លោក ខៀវ សុភ័គ ឆ្លើយ​ថា រដ្ឋាភិបាល​បាន​បង្កើត​គណៈ​កម្មការ​មួយ​រួច​ហើយ ដើម្បី​ស៊ើប​អង្កេត​ពី​ករណី​នេះ៕