ត្បូងឃ្មុំៈ អាជ្ញាធរខេត្តត្បូងឃ្មុំកាលពីព្រឹកម្សិលមិញបានដឹកនាំកម្លាំងជាង ១០០ នាក់ ចុះអនុវត្តសាលដីការក្សាការពាររបស់តុលាការ ដោយបានឃាត់ខ្លួនពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនហាម៉ឹនី វីន អ៊ិនវេសមេន ស្ថិតក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ប្រមាណ ២០ នាក់ និងបានរុះរើរោង និងតង់ជាច្រើនខ្នង។
លោក ម៉ៅ ឌុន នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំថ្លែងថា នៅព្រឹកព្រលឹម ថ្ងៃទី ៣ ខែសីហា កងកម្លាំងសមត្ថកិច្ចចម្រុះជាច្រើនឡានដោយមានគ្នាប្រមាណជាង ១០០ នាក់បានចុះអនុវត្តតាមដីការក្សាការពាររបស់តុលាការនៅសហគមន៍ភូមិស្រែប្រាំង ឃុំត្រពាំងព្រីង។
លោកថា ក្នុងពេលចុះអនុវត្តនោះសមត្ថកិច្ចបានឃាត់ខ្លួនពលរដ្ឋប្រមាណ ២០ នាក់ដែលនៅរឹងទទឹងមិនព្រមចាកចេញពីលើដីរបស់ក្រុមហ៊ុន។ លោកបន្តថា ពួកគេទាំងនោះត្រូវបាននាំខ្លួនមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ហើយរោងឈើ និងតង់ជាច្រើនដែលពលរដ្ឋទាំងនោះបានសាងសង់នៅលើដីក្រុមហ៊ុន ក៏ត្រូវបានរុះរើចេញផងដែរ។
«មុននឹងឈានដល់ដំណាក់កាលចុះអនុវត្តដីការក្សាការពារនេះ អាជ្ញាធរបានចុះអប់រំ ណែនាំ និងបានផ្សព្វផ្សាយដល់ពលរដ្ឋជាច្រើនលើកច្រើនសារួចមកហើយ ព្រោះពលរដ្ឋទាំងនោះមកកាន់កាប់ដីរបស់ក្រុមហ៊ុនឯកជនដែលគេមានប្លង់ត្រឹមត្រូវ ហើយនាំឲ្យមានការប្តឹងផ្តល់ជាច្រើនឆ្នាំ។ យើងនាំពួកគាត់មកស្នងការប្រមាណ ២០ នាក់យកមកសួរនាំទេ មិនបានធ្វើអ្វីគាត់ទេ។ នៅពេលគេសួរនាំចប់ យើងដោះលែងពួកគាត់វិញទេ កុំបារម្ភអី យើងមិនបានយកគាត់ មកធ្វើអ្វីទេ»។
បើតាមលោក ម៉ៅ ឌុន ជម្លោះដីធ្លីនេះបានកើតឡើងរុំារ៉ៃជាយូរឆ្នាំមកហើយតាំងពីឆ្នាំ ២០១៤ ដោយពលរដ្ឋទាំងនោះបានមករស់នៅកាន់កាប់លើដីរបស់ក្រុមហ៊ុន។
ប៉ុន្តែយ៉ាងណាលោក សែម ចំណាន ពលរដ្ឋម្នាក់នៃសហគមន៍ស្រែប្រាំង អះអាងប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីម្សិលមិញថា ពលរដ្ឋប្រមាណ ១២៩ គ្រួសារបានកាន់កាប់អាស្រ័យផលលើដីមានជម្លោះប្រមាណជិត ១០០០ ហិកតានេះជាយូរឆ្នាំមកហើយ។ លោកបន្តថា ស្រាប់តែខាងក្រុមហ៊ុនបានឃុបឃិតជាមួយអាជ្ញាធរដោយបណ្តេញពលរដ្ឋចេញពីដី និងបានចោទប្រកាន់ថា ពលរដ្ឋរស់នៅលើដីក្រុមហ៊ុនទៅវិញ។
«ការចុះមកឃាត់ខ្លួនពលរដ្ឋនេះ គឺអាជ្ញាធរ បានមកហ៊ុមព័ទ្ធសហគមន៍ក្នុងភូមិស្រែប្រាំងក្នុងន័យការពារដីឲ្យក្រុមហ៊ុន ប្រដាប់ដោយដំបងឆក់ និងកាំភ្លើងដែលជាការគំរាមកំហែងមកលើពលរដ្ឋ។ ការពិតទៅពួកយើងមិនបានធ្វើអ្វីទេ ស្រាប់តែមកចាប់ពួកយើងតែម្តង»។
លោកស្រី ធីម ណារិន មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តត្បូងឃ្មុំ ថ្លែងថា អាជ្ញាធរគួរតែមានដំណោះស្រាយដែលល្អជាងនេះជាជាងការចាប់ចង និងប្រើប្រាស់ហិង្សាលើពលរដ្ឋ។
លោកស្រីបញ្ជាក់ថា៖ «ចំណុចនេះបើទោះជាគ្រាន់តែការឃាត់ខ្លួន ប្រជាពលរដ្ឋ ដើម្បីសាកសួរ និងកុំឲ្យមានចលនាចូលទៅលើដីមានជម្លោះក៏ហាក់ដូចជា មានការបិទសិទ្ធិសេរីភាពរបស់ពួកគាត់ ព្រោះពលរដ្ឋមានសិទ្ធិក្នុងការតវ៉ា និងទៅលើដីដែលមានជម្លោះដែលពួកគាត់ធ្លាប់អាស្រ័យផលហ្នឹង»៕