សៀមរាបៈ ចាប់តាំងពី​ខែ​សីហា ឆ្នាំ​ ២០១៨ មកដល់​ខែ​មករា​ឆ្នាំ​នេះ​គម្រោង PAAGERA នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​ចូល​ប្រាក់​បដិភាគ​ ៤០ ​ភាគរយ បាន​សាងសង់​បង្គន់​អនាម័យ​បាន​ ១ ១១០ ​បង្គន់​ជូន​ដល់​ពលរដ្ឋ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ខណៈ​ការខ្វះខាត​បង្គន់​អនាម័យ​នៅតែ​ជា​បញ្ហា​ប្រឈម​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នេះ​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​អប្សរា​បន្ថែម​ថា ត្រឹម​ខែ​មករា ឆ្នាំ​​ ២០២០ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្តល់​បដិភាគ​សាងសង់​បង្គន់​អនាម័យ​ជូន​ប្រជាពលរដ្ឋ​ចំនួន ២៩ ​គ្រួសារ​ ដែល​នៅ​ភូមិ​ត្មាតពង ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី ហើយ​បង្គន់​ទាំងនេះ​ធ្វើ​ឡើង​តាមរយៈ​ការប្រើប្រាស់​ថវិកា​បដិភាគ​របស់​គម្រោង​សុវុឌ្ឍិកម្ម​នៃ​ការសម្អាត​ទឹក និង​ការគ្រប់គ្រង​ទឹក​ក្នុង​តំបន់​អង្គរ PAAGERA នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន ៤០ ​ភាគរយ​ និង​ម្ចាស់​សំណើ​ ៦០ ​ភាគរយ​។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា​៖ «​ការចូលរួមចំណែក​នេះ គឺ​ដើម្បី​ឱ្យ​ប្រជាជន​ដែល​រស់នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​មាន​បង្គន់​អនាម័យ​សម្រាប់​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្នា ចៀសវាង​ការបន្ទោរបង់​ពាសវាល​ពាសកាល កាត់បន្ថយ​ជំងឺឆ្លង​ផ្សេងៗ​ជំរុញ​ឱ្យ​អ្នកស្រុក​អង្គរ​ចេះ​រស់នៅ​ស្អាត​មាន​អនាម័យ​ និង​ចូលរួម​លើកកម្ពស់​បរិស្ថាន​តំបន់​អង្គរ​ទាំងមូល​ផងដែរ​»​។

លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្នុង​មួយថ្ងៃៗ​ការផ្តល់​ការអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​សាងសង់​បង្គន់​អនាម័យ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃនេះ​គឺ​មាន​ច្រើន​។ ប៉ុន្តែ​លោក​ថា ចំពោះ​តួលេខ​នេះ​គឺជា​ការសាងសង់​ដោយ​ទទួល​បាន​ប្រាក់​បដិភាគ​ពី​អាជ្ញាធរ​អប្សរា ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​មួយ​ចំនួន​ដែល​មិនមាន​លទ្ធភាព​អាច​សាងសង់​បង្គន់​អនាម័យ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។

លោក​បន្តថា ​ដោយ​បញ្ហា​បង្គន់​អនាម័យ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នៅ​តែ​មាន​ការខ្វះខាត​ដូច្នេះ​អាជ្ញាធរ​អប្សរា នៅតែ​បន្ត​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូលរួម​តាមរយៈ​ការស្នើ​មក​អាជ្ញាធរ​អប្សរា​ក្តី តាមរយៈ​ថវិកា​ផ្ទាល់ខ្លួន​ក្តី ដើម្បី​សាងសង់​បង្គន់​អនាម័យ​នៅតាម​គេហដ្ឋាន​ឲ្យ​បាន​គ្រប់ៗ​គ្នា​។

លោក​បន្ថែមថា​៖ «​នេះ​ជា​ការងារ​មួយ​ចាំបាច់​សម្រាប់​យើង ដូច្នេះ​យើង​នៅតែ​បន្តធ្វើ​អ៊ីចឹង​ដោយ​ធ្វើយ៉ាងណា​ឲ្យ​ការរស់នៅ​របស់​ពលរដ្ឋ​យើង​មាន​ការងាយស្រួល ព្រោះ​ពួកគាត់​ជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ ហើយ​បញ្ហា​បង្គន់​អនាម័យ​នេះ​នៅតែ​ជា​ចំណុច​ប្រឈម​នៅឡើយ​បើទោះ​ជា​ពលរដ្ឋ​មួយចំនួន គាត់​បាន​ងាក​មក​ខ្វល់ខ្វាយ​ពី​បញ្ហា​សុខភាព បញ្ហា​បរិស្ថាន​នៃ​ការរស់នៅ​ជុំវិញខ្លួន​គាត់​ក្តី​»​។

លោក​ រួន សិទ្ធី ពលរដ្ឋ​រស់នៅ​ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី​ដែល​ទទួលបាន​ប្រាក់​បដិភាគ​ពី​អាជ្ញាធរ​អប្សរា ដើម្បី​សាងសង់​បង្គន់​អនាម័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការផ្តល់​ប្រាក់​បដិភាគ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ ដើម្បី​ធ្វើការ​សាងសង់​បង្គន់​អនាម័យ​នេះ​គឺជា​រឿង​ល្អ​។

លោក​បន្តថា​៖ «​បង្គន់​អនាម័យ​ភូមិ​ខ្ញុំ​រស់នៅ​នេះ​គឺ​មាន​ការខ្វះខាត​ដែរ​ដោយសារ​តែ​ប្រជាជន គាត់​មិនសូវ​មាន​សមត្ថភាព​ក្នុង​ការដាក់​បង្គន់​អនាម័យ​នេះ​។ នៅពេល​មាន​ការជួយ​ដាក់​ដោយ​អាជ្ញាធរ​អប្សរា​នេះ ឃើញ​ថា​គាត់​ក៏​សប្បាយចិត្ត​ម្យ៉ាងដែរ ព្រោះ​បើ​ប្រៀបធៀប​ពី​សម័យមុន​មាន​លក្ខណៈ​ធូរ​ថ្លៃ​ជាង​មុន​។ ពីមុន​យើង​អាច​បត់ជើង បត់​ដៃ​តាម​ព្រៃ​បាន តែ​សម័យ​នេះ​មិនអាច​ទេ​»​។

លោក សិទ្ធី រំពឹង​ថា​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ទាំងអស់​ចេះ​ឲ្យ​តម្លៃ​ទៅលើ​ការប្រើប្រាស់​បង្គន់​អនាម័យ​ដើម្បី​ទទួល​បាន​នូវ​សុខភាព​ល្អ បរិស្ថាន​ស្អាត​មាន​អនាម័យ​ហើយ​វា​គឺជា​ទម្លាប់​មួយ​ល្អ​ផងដែរ ព្រោះថា​បញ្ហា​នេះ បើ​គ្មាន​ការចូលរួម​ពី​ពលរដ្ឋ​ផ្ទាល់​ក៏​មិនអាច​សម្រេច​បាន​ ១០០ ភាគរយ​ដែរ​។

បើ​តាម​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ប្រជាពលរដ្ឋ​អាច​មាន​ជម្រើស​ច្រើន​ក្នុង​ការជ្រើសរើស​បង្គន់​អនាម័យ​ដែល​មាន​តម្លៃ​សមរម្យ​ចន្លោះ​ពី ២៦ ម៉ឺន​រៀល​ ដល់​ ៥៨ ម៉ឺន​រៀល​ ដើម្បី​សាងសង់​នៅតាម​គេហដ្ឋាន ខណៈ​ដែល​សម្ភារ​មួយចំនួន​សម្រាប់​សាងសង់​ក៏​អាច​រកបាន​នៅ​តាម​ផ្ទះ​ដោយ​ពុំ​ចាំបាច់​ចំណាយ​ថវិកា​ដើម្បី​ទិញ​នោះដែរ​៕