សៀមរាបៈ ​​អាជ្ញាធរ​ជាតិ​អប្សរា​បានសម្រេច​ទុកពេល​ ២ ​ថ្ងៃ​ ឲ្យ​ពលរដ្ឋ​ចំនួន​ ៣ ​គ្រួសារ​ ដែល​បាន​សាងសង់​សំណង់​រំលោភ​លើ​ខ្នង​ទំនប់​ត្រពាំង​ហែ​ផ្កា​ផ្នែក​ខាងត្បូង ក្នុង​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង និង​ខេត្ត​សៀមរាប បន្ទាប់ពី​ភាគី​ទាំង​ ២ បាន​ជួប​ពិភាក្សាគ្នា​កាលពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ​។

កាលពី​ដើម​ខែ​នេះ​លោក ហង់ ពៅ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្ញើលិខិត​ជា​បន្តបន្ទាប់​ទៅ​បុគ្គល​ ៣ ​រូប ​រួមមាន​ឈ្មោះ ឈិត សុឌាំង​, យន់ សុខន និង ពុម សុគន្ធា ដើម្បី​ឲ្យ​រុះរើ​សំណង់ និង​ការរំលោភ​ដោយ​ខុសច្បាប់​លើ​ខ្នង​ទំនប់​ត្រពាំង​ហែ​ផ្កា​ផ្នែក​ខាងត្បូង​។ ជាមួយនឹង​ការ​ឲ្យ​រុះរើ​នេះ អាជ្ញាធរ​មួយ​នេះ​ក៏បាន​​ព្រមាន​ចាត់វិធានការ​រដ្ឋបាល​រួមទាំង​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​តុលាការ​ផងដែរ​។

លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្រោយពី​មានការ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ទាំងនោះ​រួចមក ពួកគេ​បាន​ស្នើសុំ​ទុកពេល​ឲ្យ​ ២ ​ថ្ងៃ​បន្ថែមទៀត ដើម្បី​ឲ្យ​ពួកគេ​ត្រៀម​រៀបចំ​រុះរើ​សំណង់​ដែល​ពួកគេ​បាន​សង់​ទាំងនោះ​ចេញ​វិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការជួប​នេះ ពួកគាត់​បាន​ទទួល​ស្គាល់​នូវ​អ្វីដែល​ពួកគាត់​បាន​ធ្វើ​គឺ​ខុសច្បាប់ ហើយ​គាត់​ក៏​​បានបង្ហាញ​នូវ​ទឹកចិត្ត​ក្នុង​ការចូលរួម​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​នេះដែរ​។ ដូច្នេះ​គាត់​ស្នើសុំ​ទុក​រយៈពេល​ ២ ​ថ្ងៃ​ឲ្យ​ពួកគាត់​សម្រេច​ថា​គាត់​នឹងត្រូវ​រុះរើ​ខ្លួនឯង​ ឬ​ត្រូវ​ប្រឈមមុខ​នឹង​តុលាការ​»​។

យ៉ាងណា​ក៏ដោយ​លោក ​កុសល បាន​អះអាង​ថា​នៅពេល​ថ្ងៃ​កំណត់​បាន​មក​ដល់ ប្រសិន​បើ​ពួកគាត់​មិន​ព្រម​រុះរើ​ចេញ​ដូច​ការកំណត់​ទេ​នោះ អាជ្ញាធរ​អប្សរា​នឹង​បន្ត​នីតិវិធី​ដោយ​ប្តឹងទៅ​តុលាការ​ឲ្យ​មាន​ចំណាត់ការ​បន្តទៅ​តាម​ផ្លូវ​ច្បាប់ និង​លែង​ទុកពេល​ឲ្យ​បន្ត​ទៀតហើយ​។

លោក​បញ្ជាក់ថា​៖ «​គឺ​នៅ​ថ្ងៃ​​ទី​ ២៤ ​ខាងមុខ​នេះ យើង​នឹង​ដឹងថា គាត់​សម្រេច​យ៉ាងម៉េច ហើយ​យើង​នឹង​អនុវត្ត​កិច្ចការងារ​របស់​យើង​ដោយ​មិន​បន្ត​ពន្យារពេល​អី​ទៀត​ទេ គឺ​នឹង​ត្រូវដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​តែម្តង​។ ចំណែក​សំណង់​ដែល​រំលោភ​នេះ​ក៏​យើង​នឹង​ចុះទៅ​រុះរើ​ដែរ​»​។

ត្រពាំង​ហែ​ផ្កា​ស្ថិត​ក្នុង​ភូមិ​បុស្សក្រឡាញ់ ត្រូវ​បាន​កំណត់​ជា​បុរាណ​ដ្ឋាន​មួយ​ក្នុង​ចំណោម​​បុរាណដ្ឋាន​ជាច្រើន​នៅក្នុង​ខេត្ត​សៀមរាប​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​មាន​កាតព្វកិច្ច​ថែរក្សា​ការពារ និង​អភិរក្ស​ទុក​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ ហើយ​រាល់​សកម្មភាព​រុករាន សាងសង់​សំណង់​ថ្មី ជីក​គាស់​កកាយ បំផ្លិចបំផ្លាញ កែប្រែ​រូបរាង​នៅ​តាម​បុរាណដ្ឋាន​ទាំងនោះ​ដោយ​គ្មាន​ការអនុញ្ញាត​គឺ​​ជា​បទល្មើស​បំផ្លិចបំផ្លាញ​សម្បត្តិ​​បេតិកភណ្ឌ​វប្បធម៌​។ នេះ​បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក យន់ សុខន ជា​ម្ចាស់ដី និង​សំណង់​ដែល​តម្រូវ​ឲ្យ​រុះរើ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ បន្ទាប់ពី​ជួប​ជាមួយ​អាជ្ញាធរ​អប្សរា​ថា​លោក​នឹង​រុះរើ​សំណង់​នេះ​ដោយ​ខ្លួនឯង បើ​ទោះ​ដី​នេះ​ជា​ដី​ដូនតា​របស់លោក​ក៏ដោយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ប្រសិន​បើ​មាន​ការប៉ះពាល់​ដល់​ផ្នែក​ដែល​គេ​តម្រូវ​ខាន​មិនបាន​ទេ យើង​ក៏​ធ្វើការ​រុះរើ​តាម​គេ កុំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់​យើង ព្រោះ​ខ្ញុំ​បាន​ធ្វើ​បុណ្យ​ច្រើន​ហើយ​តាមរយៈ​យើង​ធ្វើ​ផ្លូវ​ធ្វើ​អី ដូច្នេះ​ពិបាក​ដោះស្រាយ យើង​ដោះស្រាយ​តាម​នីតិវិធី​ទៅ ហើយ​ក៏​មិនដឹងថា​ម៉េច​ដែរ ព្រោះ​ជា​ដី​ដូនតា​យើង បើ​មិន​អាច​ធ្វើ​អី​បានទេ គេ​ដាក់​ជា​បុរាណដ្ឋាន​ហើយ ក៏​យើង​ធ្វើតាម​គេ​ទៅ​»​។

លោក ស៊ន់ សុជាតិ មេធាវី​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុម​មេធាវី​បាន​ត្រៀម​ឯកសារ​រួចរាល់​ហើយ​ដោយ​រង់ចាំ​តែ​នីតិវិធី ចុងក្រោយ​របស់​អាជ្ញាធរ​ជាតិអប្សរា​ដែល​ទុកពេល​ឲ្យ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។

លោក សុជាតិ បន្តថា​ក្នុង​ករណី​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ដាក់​ពាក្យ​ប្តឹង​តុលាការ នោះ​ពួកគេ​នឹង​យក​មាត្រា​ដែល​​មាន​ចែង​នៅក្នុង​ច្បាប់​ភូមិបាល និង​ច្បាប់​ការពារ​បេតិកភណ្ឌ​ដែល​អាច​ប្រឈម​ទោស​ជាប់ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ករណី​ដែល​ពួកគេ​បាន​បំផ្លិចបំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ​៕