សៀមរាបៈ ក្រោយពី​កម្លាំងចម្រុះ​ខេត្ត​សៀមរាប​បាន​ចុះ​វាយកម្ទេច​សំណង់​ខុសច្បាប់​ចំនួន​ ២ ​កន្លែង ដែល​សាងសង់​នៅលើ​ទំនប់​ត្រពាំង​ហែផ្កា និង​ទួលគោក​គូ​នៃ​តំបន់​ការពារ​បុរាណដ្ឋាន​ត្រពាំង​ហែផ្កា ដោយ​ខុសច្បាប់​កាលពី​សប្ដាហ៍​កន្លងមក​ក៏ដោយ ក៏​ម្ចាស់​សំណង់​នៅតែ​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់​ដដែល​។

លោក​ ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ម្ចាស់​សំណង់​ទាំង​ ២ ​នាក់​នៅតែ​ប្រឈមមុខ​ចំពោះ​ច្បាប់​ដែល​អាជ្ញាធរ​អប្សរា​នៅតែ​បន្ត​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​។

លោក កុសល បាន​ថ្លែង​ថា​៖ «​បន្ទាប់ពី​យើង​បាន​រើ​សំណង់​ខុសច្បាប់​ហ្នឹង​រួចរាល់​ហើយ អាជ្ញាធរ​អប្សរា​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅលើ​បុគ្គល​ ២ ​រូប​ដែលជា​ម្ចាស់​សំណង់​ខុសច្បាប់​ផងដែរ​»​។

ទោះយ៉ាងណា​ក៏ដោយ​លោក កុសល កាលពី​ម្សិលមិញ​មិនទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​អំពី​នីតិវិធី​នៃ​ការដាក់ពាក្យ​ប្ដឹង​នៅឡើយ​ទេ​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា សំណង់​ខុសច្បាប់​ចំនួន​ ២ ​កន្លែង​ដែល​បាន​សង់​រំលោភបំពាន​លើ​ទួលគោក​គូ និង​លើ​ខ្នង​ទំនប់​ត្រពាំង​ហែ​ផ្កា សង់​ឡើង​ក្នុង​ ស.វ.ទី​ ៩ ស្ថិតក្នុង​ភូមិ​បុស្សក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ត្រូវ​បាន​កម្លាំងចម្រុះ​រួមមាន អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ក្រុង​សៀមរាប សាលាសង្កាត់​ជ្រាវ នគរបាល និង​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប បាន​ចុះ​ប្រតិបត្តិ​ការធ្វើការ​រុះ​រើស​ម្រេច​ជា​ស្ថាពរ​។

ចំពោះ​សំណង់​ខុសច្បាប់​ទី​ ១ ​ដែល​ត្រូវ​រុះរើ​ជា​របស់​លោក ឃន់ សុខន ជា​ប្រភេទ​សំណង់​របង​បេតុង​ធ្វើ​រំលោភបំពាន​លើ​ខ្នង​ទំនប់​ត្រពាំង​ហែ​ផ្កា​ខាងត្បូង​មាន​កម្ពស់​ ២,៥០ ​ម៉ែត្រ (​ចាក់​ក្រវាត់ ឥដ្ឋ​) បណ្តោយ​ ៨៧ ​ម៉ែត្រ គុណ​នឹង ៣៨ ​ម៉ែត្រ រួម​នឹង​សំណង់​ក្យូស​មួយ​ខ្នង​ធ្វើ​ពី​ថ្ម​ប្រក់​ក្បឿង​មាន​ទំហំ​ប្រហែល​ ៤ ​ម៉ែត្រ​បួន​ជ្រុង និង​បង្គន់​មួយ​។

ចំណែក​សំណង់​ខុសច្បាប់​ទី​ ២ ជា​របស់​អ្នកស្រី ពុម សុគន្ធា ជា​សំណង់​របង​ធ្វើ​រំលោភ​ព័ទ្ធជុំវិញ​ទួល​បុរាណ (​គោក​គូ​) ស្ថិត​នៅក្នុង​តំបន់​ការពារ​ត្រពាំង​ហែ​ផ្កា​មាន​កម្ពស់​ ២,៥០ ​ម៉ែត្រ (​ចាក់​ក្រវាត់ ឥដ្ឋ​) មាន​ទំហំ​ប្រហែល​ ២៤ ​ម៉ែត្រ​ ៤ ​ជ្រុង​។ មុន​នឹង​ធ្វើការ​រុះរើ​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្លាប់​បាន​ចេញ​លិខិត​ណែនាំ​ និង​បាន​ផ្តល់​ពេលវេលា​សមស្រប​ឲ្យ​ម្ចាស់​សំណង់​ខុសច្បាប់​ធ្វើការ​រុះរើ​ដោយ​ស្ម័គ្រចិត្ត​នៅ​ថ្ងៃទី​ ១៥ ខែ​តុលា​។

ប៉ុន្តែ​ដោយ​សង្កេតឃើញ​ថា ពុំមាន​សកម្មភាព​រុះរើ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​អញ្ជើញ​ម្ចាស់​សំណង់​ខុសច្បាប់​ទាំងនេះ​មក​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ចំនួន​ ២ ​ដង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការស្ម័គ្រចិត្ត​រុះរើ​សំណង់​ដោយ​ខ្លួនឯង​គឺ​នៅ​ថ្ងៃ​ទី​ ២២ និង ថ្ងៃទី​ ២៤ ខែ​ តុលា ឆ្នាំ​ ២០១៩​។

ក្នុង​កិច្ចពិភាក្សា​នោះ​លោក ឃន់ សុខន បាន​ទទួល​ស្គាល់​កំហុស​ដែល​បាន​សាងសង់​ខុស​ច្បាប់​នៅលើ​ខ្នង​ទំនប់​ត្រពាំង​ហែផ្កា និង​បាន​យល់​ព្រមឱ្យ​ក្រុម​ការងារ​ចម្រុះ​រុះរើ​ដោយ​គ្មាន​ការតវ៉ា ប៉ុន្តែ​ពុំ​ព្រម​រុះរើ​ដោយ​ខ្លួនឯង​នោះទេ​។ លុះ​នៅ​ថ្ងៃ​សុក្រ ទី​ ១ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៩ នាពេល​ក្រុម​ការងារ​ចម្រុះ​ចុះ​អនុវត្ត​ការរុះរើ ទើប​លោក ឃន់ សុខន បាន​ផ្តិតមេដៃ​អនុញ្ញាត​ឲ្យ​ក្រុម​ការងារ​ធ្វើការ​រុះរើ​។ ដោយឡែក​អ្នកស្រី ពុម សុគន្ធា ពុំ​ព្រម​ចូលខ្លួន​មក​ពិភាក្សា​ជាមួយ​ក្រុមការងារ​ចម្រុះ​សោះឡើយ​។

កាលពី​ដើម​ខែ​តុលា​លោក ហង់ ពៅ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្ញើលិខិត​ជា​បន្តបន្ទាប់​ទៅ​បុគ្គល​ ៣ ​រូប​ ដែល​មាន​ឈ្មោះ ឈិត សុឌាំង យន់ សុខន និង ពុម សុគន្ធា ដើម្បី​ឲ្យ​រុះរើ​សំណង់ និង​ការរំលោភ​ដោយ​ខុសច្បាប់​លើ​ខ្នង​ទំនប់​ត្រពាំង​ហែ​ផ្កា​ផ្នែក​ខាងត្បូង​ស្ថិត​ក្នុង​ភូមិ​បុស្សក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​ និង​ខេត្តសៀមរាប​។

លោក យន់ សុខន ជា​ម្ចាស់​សំណង់ ម្ចាស់​សំណង់​ម្នាក់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការដែល​លោក​យល់ព្រម​ផ្តិតមេដៃ​ឲ្យ​អាជ្ញាធរ​រុះរើ ព្រោះ​តែ​រង​ការគាបសង្កត់​។

លោក សុខន ថ្លែង​ថា​៖ «​យើង​ជា​ម្ចាស់​របង យើង​មិន​ចង់​ឲ្យ​គេ​កម្ទេច​របស់​យើង​ទេ តែ​យើង​គ្មាន​ជម្រើស​។ នេះ​វា​គឺជា​ការគាបសង្កត់​យើង អ៊ីចឹង​ទេ​យើង​ត្រូវតែ​ផ្ទិត​មេដៃ​ទៅ​»​។

ត្រពាំង​ហែផ្កា ត្រូវបាន​កំណត់​ជា​បុរាណដ្ឋាន​មួយ​ក្នុង​ចំណោម​បុរាណដ្ឋាន​ជាច្រើន​ក្នុង​ខេត្ត​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​មាន​កាតព្វកិច្ច​ថែរក្សា​ការពារ និង​អភិរក្ស​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ ហើយ​រាល់​សកម្មភាព​រុករាន សាងសង់​​សំណង់​ថ្មី ជីក​គាស់កកាយ បំផ្លិចបំផ្លាញ កែប្រែ​រូបរាង​នៅ​តាម​បុរាណដ្ឋាន​ទាំងនោះ​ដោយ​គ្មាន​ការអនុញ្ញាត​ គឺជា​បទល្មើស​បំផ្លិចបំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​។ នេះ​បើ​តាម​គូសបញ្ជាក់​ឲ្យ​ដឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​៕