សៀមរាបៈ អាជ្ញាធរអប្សរានឹងចុះរុះរើសំណង់ចំនួន ២ កន្លែង ដែលសង់រំលោភលើខ្នងទំនប់ត្រពាំងហែផ្កានៅផ្នែកខាងត្បូង និងបញ្ជូនសំណុំរឿងនេះទៅតុលាការដោយសារម្ចាស់សំណង់នេះមិនព្រមចូលរួមសហការរុះរើ ដោយខ្លួនឯងតាមការកំណត់របស់អាជ្ញាធរអប្សរា ខណៈម្ចាស់សំណង់ម្នាក់យល់ព្រមរុះរើតាមការបង្គាប់របស់អាជ្ញាធរ។
កាលពីដើមខែតុលា លោក ហង់ ពៅ អគ្គនាយកនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរាបានផ្ញើលិខិតជាបន្តបន្ទាប់ទៅបុគ្គល ៣ រូប ដែលមានឈ្មោះ ឈិត សុឌាំង យន់ សុខន និង ពុម សុគន្ធា ដើម្បីឲ្យរុះរើសំណង់ ដែលសង់រំលោភដោយខុសច្បាប់លើខ្នងទំនប់ត្រពាំងហែផ្កាផ្នែកខាងត្បូងស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង និងខេត្តសៀមរាប។ ជាមួយគ្នានេះអាជ្ញាធរអប្សរាក៏បានព្រមានចាត់វិធានការរដ្ឋបាលរួមទាំងកសាងសំណុំរឿងទៅតុលាការផងដែរ បើករណីពលរដ្ឋមិនចូលរួមសហការ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បន្ទាប់ពីជួបចរចាជាបន្តបន្ទាប់រហូតមកដល់ពេលនេះមានពលរដ្ឋម្នាក់ក្នុងចំណោម ៣ នាក់ បានយល់ព្រមរុះរើសំណង់ដែលរំលោភនោះដោយខ្លួនឯងហើយ។ ចំណែក ២ នាក់ផ្សេងទៀត ពួកគាត់មិនបានចូលរួមសហការជាមួយអាជ្ញាធរនោះទេ ដោយពួកគេមិនព្រមរុះរើសំណង់ដោយខ្លួនឯង ដូច្នេះអាជ្ញាធរអប្សរានឹងចុះធ្វើការរុះរើក្នុងពេលឆាប់ៗនេះ។
លោក កុសល បញ្ជាក់ថា អាជ្ញាធរអប្សរានឹងបន្តនីតិវិធីប្តឹងទៅតុលាការចំពោះពលរដ្ឋទាំង ២ នាក់នេះ ដើម្បីឲ្យពួកគេទទួលខុសត្រូវចំពោះមុខច្បាប់ ជាមួយនឹងទង្វើដែលបានបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌។
លោកបញ្ជាក់ថា៖ «សម្រាប់សំណង់ខុសច្បាប់នៅទីនោះនឹងត្រូវធ្វើការរុះរើ ប៉ុន្តែយើងមិនទាន់អាចកំណត់ពេលវេលាបានទេ ហើយបុគ្គលដែលមិនព្រមរុះរើខ្លួនឯង ក៏នឹងប្រឈមការប្តឹងផ្តល់នៅតុលាការដែរ។ គាត់បានបញ្ជាក់ហើយ អ្នកដែលបានជួបកន្លងមកហ្នឹង គឺមានលោក ឈិត សុឌាំង គាត់ព្រមរុះរើខ្លួនឯង ប៉ុន្តែអ្នកមិនព្រមរុះរើខ្លួនឯង គឺលោក យន់ សុខន ហ្នឹង។ ចំណែកម្នាក់ទៀត យើងមិនទាន់បានជួបទេ ប៉ុន្តែយើងមិនអនុញ្ញាតឲ្យគាត់បន្តការរំលោភបែបនេះបន្តទៀតទេ»។
អ្នកនាំពាក្យរូបនេះបញ្ជាក់ដែរថា អាជ្ញាធរក៏នឹងអនុវត្តជាបន្តបន្ទាប់ចំពោះសំណង់ផ្សេងៗទៀតផងដែរ ប៉ុន្តែលោកមិនទាន់បញ្ជាក់ថានឹងត្រូវអនុវត្តទៅលើសំណង់ផ្សេងៗទៀតនោះនៅពេលណាទេ។
តាមលោក ស៊ន់ សុជាតិ មេធាវីរបស់អាជ្ញាធរជាតិអប្សរា ធ្លាប់បានអះអាងថា ក្នុងករណីដែលអាជ្ញាធរអប្សរាដាក់ពាក្យបណ្តឹងទៅតុលាការ ពលរដ្ឋទាំងនោះ នឹងប្រឈមនឹងការដាក់ទោសទណ្ឌ រហូតដល់ទោសជាប់ពន្ធនាគារ និងពិន័យជាប្រាក់ក្នុងករណីដែលពួកគេបានបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌរបស់ជាតិ ដោយតាមមាត្រាច្បាប់ដែលមានចែងក្នុងច្បាប់ភូមិបាល និងច្បាប់ការពារបេតិកភណ្ឌ។
លោក យន់ សុខន ជាម្ចាស់ដី និងសំណង់ដែលមិនព្រមរុះរើសំណង់ដោយខ្លួនឯងប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា លោកមិនជំទាស់នឹងអាជ្ញាធរអប្សរា ដែលចង់រុះរើសំណង់របស់លោកនោះទេ។ ប៉ុន្តែលោកស្នើឲ្យអាជ្ញាធរមួយនេះពិចារណាជាថ្មី និងធ្វើយ៉ាងណាឲ្យការអនុវត្តច្បាប់នេះមានភាពស្មើគ្នា។ លោកអះអាងថា មានសំណង់ជាច្រើនទៀតនៅក្នុងតំបន់នេះប៉ុន្តែមិនត្រូវបានអាជ្ញាធរអប្សរាតម្រូវឲ្យរុះរើនោះទេ។
លោកនិយាយថា៖ «ចំពោះសំណង់របស់ខ្ញុំនេះ អាជ្ញាធរអប្សរាចង់រុះរើ ឲ្យគេទៅរុះរើខ្លួនគេទៅ ហើយការរុះរើនេះសូមឲ្យមានតម្លាភាពទាំងអស់គ្នាទៅ ដូចជា ២០ គ្រួសារជាងឲ្យរុះរើទាំងអស់គ្នាទៅ។ មិនមានច្បាប់ណាដែលមកវ៉ៃកម្ទេច (ទ្រព្យសម្បត្តិ) របស់គេហើយ មកប្តឹងផ្តល់ធ្វើបាបម្ចាស់គេទៀតទេ។ រឿងហ្នឹងគឺជារឿងអយុត្តិធម៌ និងជាពាក្យគំរាមកំហែងមកលើប្រជាពលរដ្ឋហើយ»។
ជាមួយនឹងការមិនសុខចិត្តនេះលោក យន់ សុខន ក៏បានអះអាងដែរថាលោកនឹងដាក់លិខិតទៅអភិបាលខេត្ត និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំឲ្យជួយអន្តរាគមន៍ក្នុងករណីនេះក្នុងពេលខាងមុខ។
លោក ភាច ផង់ មេភូមិបុស្សក្រឡាញ់បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៤ តុលា ថា ក្នុងតំបន់នោះមានប្រជាពលរដ្ឋជាង ២០ គ្រួសារ ដែលពួកគេសុទ្ធសឹងតែជាពលរដ្ឋដើម។ ពួកគេបានអាស្រ័យផលក្នុងតំបន់នោះតាំងពីឆ្នាំ ១៩៧៩ ខណៈដែលតំបន់នោះទើបតែត្រូវបានដាក់បញ្ចូលជាតំបន់បុរាណស្ថានអំឡុងឆ្នាំ ២០១៥ ប៉ុណ្ណោះ។
លោកបន្តថា បើអាជ្ញាធរអប្សរាចង់បណ្តេញពលរដ្ឋ និងឲ្យពលរដ្ឋរុះរើសំណង់នោះ គួរតែមានវិធានការសមស្របណាមួយ មិនគួរណាប្រើប្រាស់ប្រព័ន្ធតុលាការនោះទេ ព្រោះពលរដ្ឋបានអាស្រ័យផលតាំងពីមិនទាន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរាទៅទៀត។
លោកបញ្ជាក់ថា៖ «គាត់ធ្វើប្រញាប់ៗដែរ សម្រាប់សំណើខ្ញុំបានជម្រាបហើយថា សុំពន្យារពេល យើងពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយសិនមុននឹងធ្វើការអនុវត្តច្បាប់។ ដូចខ្ញុំនិយាយអ៊ីចឹងពាក់ព័ន្ធនឹងប៉ុន្មានគ្រួសារនេះគឺមានតែ ៣ នាក់ ដែលឲ្យរុះរើ។ យើងគួរតែពន្យារពេលដើម្បីពិភាក្សាគ្នា យើងគួរធ្វើយ៉ាងម៉េចនៅតំបន់នោះ ព្រោះពួកគាត់មិនមែនទើបតែរស់នៅទេ»។
ត្រពាំងហែផ្កាត្រូវបានកំណត់ជាបុរាណស្ថាន ១ ក្នុងចំណោមបុរាណស្ថានជាច្រើនក្នុងខេត្តដែលអាជ្ញាធរជាតិអប្សរាមានកាតព្វកិច្ចថែរក្សាការពារ និងអភិរក្សទុកជាសម្បត្តិបេតិកភណ្ឌរបស់ជាតិ ហើយរាល់សកម្មភាពរុករាន សាងសង់សំណង់ថ្មី ជីកគាស់កកាយ បំផ្លិចបំផ្លាញ កែប្រែរូបរាងនៅតាមបុរាណស្ថានទាំងនោះដោយគ្មានការអនុញ្ញាតគឺជាបទល្មើសបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌។ នេះបើតាមអាជ្ញាធរជាតិអប្សរា៕