សៀមរាប អាជ្ញាធរអប្សរាបានប្រកាសពីម្សិលមិញនេះថា ភ្ញៀវទេសចរណ៍ដែលមកលេងអង្គរវត្តនឹងត្រូវប្រុងប្រយ័ត្នចំពោះការស្លៀកពាក់ចាប់ពីខែក្រោយនេះតទៅ។
លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរអប្សរាបានឲ្យដឹងថា ដើម្បីជំរុញឲ្យភ្ញៀវទេសចរឲ្យគោរពប្រាសាទដ៏ពិសិដ្ឋ និងវប្បធម៌របស់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៤ ខែសីហាទៅ ភ្ញៀវទេសចរដែលមកទស្សនាអង្គរនឹងត្រូវតម្រូវឲ្យស្លៀកខោឬសំពត់ក្រោមជង្គង់ និងអាវយឹតដែលបិទស្មារជិត។
លោកនិយាយថា៖ «យើងនឹងមិនលក់សំបុត្រចូលអង្គរឲ្យពួកគាត់ទេ ប្រសិនជាពួកគាត់ស្លៀកលេចលើលេចក្រោម។ ទោះបីជាយ៉ាងណា អាជ្ញាធររបស់ពួកយើងនឹងជម្រាបគាត់ថា តើត្រូវពាក់ខោអាវអ្វីមក ដើម្បីឲ្យគាត់អាចមកទិញសំបុត្របាននៅបន្ទាប់ពីប្តូរខោអាវរួច»។
លោកបន្ថែមថា៖ «នៅពេលដែលភ្ញៀវទេសចរស្លៀកពាក់ត្រឹមត្រូវមកលេងឧទ្យានជាតិអង្គរ វាមានន័យថា ពួកគេកំពុងតែបង្ហាញការគោរពចំពោះប្រាសាទជាទីសក្ការៈបូជា វប្បធម៌ និងតម្លៃស្ត្រីខ្មែរ»។
លោក អាង គឹមអ៊ាង ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍ បានបង្ហាញការយល់ស្របទៅលើវិធានការនេះ ក៏ប៉ុន្តែលោកបានរម្លឹកថា ភ្ញៀវទេសចរ និងបុគ្គលពាក់ព័ន្ធទាំងឡាយទៀតក្នុងវិស័យទេសចរណ៍ត្រូវតែត្រូវបានទទួលដំណឹងនេះ។
លោកថា៖ «ខ្ញុំមិនយល់ថា វាជាបញ្ហាមួយសម្រាប់ភ្ញៀទេសចទេ... ខ្ញុំមិនគិតថាពួកគាត់នឹងមិនសប្បាយចិត្តទេ ប្រសិនជាយើងបានជម្រាបគាត់មុន»។
សូមបញ្ជាក់ថា វិធានការណ៍នេះគឺជាផ្នែកមួយនៃក្រមប្រតិបត្តិអង្គរ ដែលត្រូវបានអនុវត្តឡើងជាការឆ្លើយតបនឹងការថតរូបអាក្រាតកាយ របស់ជនបរទេសមួយចំនួន ដែលបង្ហាញពីការមិនគោរពចំពោះរមណីយដ្ឋានវប្បធម៌ដ៏ចំណាស់នេះ។
លោក អាង គឹមអ៊ាង បាននិយាយថា៖ «ទង្វើបែបនេះធ្វើឲ្យយើងមានការមិនសប្បាយចិត្តជាខ្លាំង។ ដូច្នេះហើយក្រមវិន័យនេះនឹងធ្វើឲ្យផលប៉ះពាល់ដល់កម្រិតអប្បរមា។ នៅក្នុងប្រទេសនេះ អ្នកមិនអាចធ្វើអ្វីឆ្កួតៗបានទេ អ្នកត្រូវតែគោរពច្បាប់ទម្លាប់»។
លោក ស៊ី សុផល មគ្គុទេសទេសចរណ៍ភាសាអង់គ្លេសម្នាក់ បានឲ្យដឹងថា លោកសុំស្វាគមន៍ចំពោះក្រមវិន័យនេះ ដោយបានលើកឡើងថា ប្រាសាទបុរាណពុំមែន ជាកន្លែទាក់ទាញទេសចរតែមួយមុខនោះទេ តែក៏ជាកន្លែងសក្ការៈបូជាមួយផងដែរ។ លោក ស៊ិន ឆៃវ័ន ដែលជាមគ្គុទេសន៍ទេសចរណ៍ភាសាថៃ និងកូរ៉េ ក៏បានយល់ស្របផងដែរថា ការកំណត់នេះគឺជាជំហានវិជ្ជមានមួយ។
លោកថា៖ «ពួកគាត់ត្រូវតែគោរពវប្បធម៌នៃប្រទេសដែលពួកគាត់បានឈានជើងចូលមក»៕ TN