The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​អប្សរា​ប្រារព្ធ​ខួប​ ២៥ ​ឆ្នាំ​ ដោយ​បើក​ឲ្យ​សួរ​ពី​បញ្ហា​ប្រឈម

អាជ្ញាធរ​អប្សរា​ប្រារព្ធ​ខួប​ ២៥ ​ឆ្នាំ​ ដោយ​បើក​ឲ្យ​សួរ​ពី​បញ្ហា​ប្រឈម

Content image - Phnom Penh Post
ភ្ញៀវទេសចរ​កំពុង​ថតរូប​នៅ​ស្រះ​ទឹក​អង្គរវត្ត​កន្លងមក​។ រូបថត​ ស៊ន សារ៉ាត

អាជ្ញាធរ​អប្សរា​ប្រារព្ធ​ខួប​ ២៥ ​ឆ្នាំ​ ដោយ​បើក​ឲ្យ​សួរ​ពី​បញ្ហា​ប្រឈម

ភ្នំពេញៈ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ប្រារព្ធ​ខួប​ ២៥ ​ឆ្នាំ​ នៃ​ថ្ងៃ​បង្កើត​អាជ្ញាធរ​ជាតិ​មួយ​នេះ ដោយ​នឹង​រៀបចំ​ស្តង់​ផ្ដល់​ព័ត៌មាន​បង្ហាញ​ពី​សមិទ្ធផល​ការងារ​ដែល​នឹង​បើក​ឲ្យ​សាធារណជន​សិស្ស​និស្សិត​សាកសួរ​ពី​បញ្ហា​ប្រឈម និង​ទិសដៅ​អនាគត​រយៈពេល​ ១ ​សប្ដាហ៍​ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ២២ ខែ​កុម្ភៈ នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ដ និង​ក្រុង​អង្គរធំ​។

ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១៩ ខែកុម្ភៈ ខាងមុខ​គឺមាន​រយៈពេល​ ២៥ ​ឆ្នាំ​ហើយ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវ​បាន​បង្កើតឡើង​ដោយ​អនុលោម​ទៅតាម​គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​ទាំង​ ៥ សម្រាប់​លក្ខខណ្ឌ​នៃ​ការចុះបញ្ជី​រមណីយដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

អាជ្ញាធរ​អប្សរា​បញ្ជាក់ថា​៖ «​ដើម្បី​រំឭក​ព្រមទាំង​ផ្សព្វផ្សាយ​ពី​ស្នាដៃ​សម្រេចបាន​ក្នុង​រយៈពេល​ ២៥ ​ឆ្នាំនេះ​ក៏ដូចជា​ចក្ខុវិស័យ​ការងារ​នាពេល​អនាគត អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ស្តង់​ផ្តល់ព័ត៌មាន​ដើម្បី​បង្ហាញ​ និង​ឆ្លើយ​សំណួរ​ទូទៅ ការតាំងពិព័រណ៍​ស្តីពី​សមិទ្ធផល​ការងារ បញ្ហា​ប្រឈម​និង​ទិសដៅ​ការងារ​រយៈពេល​ពេញ​ ១ ​សប្ដាហ៍​»​។

តាម​ការផ្សព្វផ្សាយ​ព័ត៌មាន​ដដែល​បង្ហាញថា​ក្នុង​រយៈពេល ២៥ ​ឆ្នាំ​កន្លងមក​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​ក្នុង​នោះ​រួមមាន ការងារ​អភិរក្ស​ជួសជុល​ប្រាង្គប្រាសាទ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ការស្តារ​និង​ដាក់​ឲ្យ​ប្រើប្រាស់​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណសម័យ​អង្គរ ការជួសជុល​ និង​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា​ជាពិសេស​កិច្ចការ​សហគមន៍​ក្នុង​ក្រុង​/​ស្រុក​ទាំង​ ៥ ​នៃ​រមណីយដ្ឋាន​អង្គរ​ដែល​ទាំងអស់​នេះ​បាននិង​កំពុង​ចូលរួម​ចំណែក​លើកកម្ពស់​ធ្វើឲ្យ​កម្រិតជីវភាព​របស់​ពលរដ្ឋ​ក្នុង​តំបន់​មានការ​ប្រែប្រួល និង​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា​៖ «(​ក្នុង​ខួប​អាជ្ញាធរ​អប្សរា​នេះ​) ​នឹង​បើកទ្វារ​ស្វាគមន៍​ដល់​សាធារណជន​ព្រមទាំង​សិស្ស-និស្សិត ដើម្បី​សិក្សា​ស្វែងយល់​ពី​ការងារ​របស់​ស្ថាប័ន ដោយផ្ទាល់​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏ដូចជា​បើក​ឲ្យ​ទស្សនា​ដោយ​សេរី មិន​គិតថ្លៃ សារមន្ទីរ​នានា​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ​»​។

អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹងថា ការ​ប្រារព្ធ​ខួប​ ២៥ ​ឆ្នាំ​នេះ​នឹង​រៀបចំ​ពិធី​សាសនា​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត​ដាក់​ចង្ហាន់​បិណ្ឌបាត្រ​ប្រគេន​ព្រះសង្ឃ​ចំនួន​ ២២៥ អង្គ នៅ​ថ្ងៃទី ១៩ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ វេលា​ម៉ោង​ ៧ ​កន្លះ​ព្រឹក​ផងដែរ​។

លោក ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ និង​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​មិនអាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ការរៀបចំ​ប្រារព្ធ​ខួប​ ២៥ ​ឆ្នាំ​នេះ​បានទេ​កាលពី​ម្សិលមិញ​ដោយ​ទូរស័ព្ទ​មិនមាន​អ្នកទទួល​៕

អត្ថបទគួរចាប់អារម្មណ៍