សៀមរាបៈ ទឹកជា​ច្រើន​លាន​ម៉ែត្រគុប​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ទប់​រក្សា​ទឹក​ទុក​នៅតាម​អាង​ស្ដុក​ទឹក​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ដោយសារ​ការរង​នូវ​ឥទ្ធិពល​ព្យុះ​ពី​តំបន់​ជុំវិញ​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​។ ការ​ទប់ទឹក​ទុក​នេះ ក្រៅពី​ដើម្បី​បម្រើ​ដល់​ការអភិរក្ស​ប្រាសាទ​ក៏​សម្រាប់​ប្រើប្រាស់​ក្នុង​ក្រុង​សៀមរាប និង​ការធ្វើ​កសិកម្ម​នា​រដូវ​ប្រាំង​ខាងមុខ​ផងដែរ​។

អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​លោក​ ភឿន សុឃីម ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ម្សិលមិញ​ថា បច្ចុប្បន្ន​ក្រុម​ការងារ​របស់លោក​បាន​ខិតខំ​ទប់ទឹក​ស្ដុក​ទុក​បាន​គ្រប់គ្រាន់​ហើយ​នៅ​តាម​កសិន្ធុ​អង្គរវត្ត កសិន្ធុ​ក្រុង​អង្គរធំ បារាយណ៍​ខាងជើង​បារាយណ៍​ខាងលិច និង​តាម​ទំនប់​នានា ដើម្បី​ទុក​សម្រាប់ធ្វើ​ការផ្គត់ផ្គង់​នា​​រដូវប្រាំង​ខាងមុខ​។ ការ​ទប់ទឹក​ស្ដុក​ទុក​នេះ​មួយ​ផ្នែក​គឺ​ដើម្បី​បម្រើ​កិច្ចការ​អភិរក្ស​ប្រាសាទ និង​មួយផ្នែក​ទៀត​គឺ​ត្រៀម​សម្រាប់​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​សម្រាប់​ប្រើប្រាស់​នា​រដូវប្រាំង​ខាងមុខ​។

លោក​ ភឿន សុឃីម ថ្លែងថា​៖ «​ស្ថានភាព​ទឹក​នៅ​រដូវវស្សា​ឆ្នាំនេះ​មាន​ផល​ល្អ​ដល់​មន្ត្រី​ជំនាញ​ក្នុង​ការប្រមូល​ស្តុក​ទុក​តាម​បារាយណ៍ និង​កសិន្ធុ​នានា​នៅក្នុង​តំបន់​អង្គរ​ដែល​ត្រូវការ​ទឹក​ដល់​ទៅ​ជាង​ ១០០ ​លាន​ម៉ែត្រគុប​សម្រាប់​ទ្រទ្រង់​ប្រាសាទ​ និង​ការងារ​អភិរក្ស​នៅ​រដូវប្រាំង​»​។

ទឹក​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទប់​ស្តុក​ទុក​ក្នុងអំឡុងពេល​ភ្លៀង​នេះ គឺ​បាន​គ្រប់គ្រាន់​ហើយ​ខាង​លោក​ក៏​កំពុងតែ​បញ្ចៀស​ទឹក​នេះ​ទៅ​តាម​ផ្លូវទឹក​បុរាណ​ដែល​អាជ្ញាធរ​អប្សរា​បាន​ស្តារ​នាពេល​កន្លងមក​ទៅតាម​ស្ទឹងពួក ស្ទឹង​សៀមរាប​ជាដើម​។

លោក​ សុឃីម បន្ថែមថា ក្រោយពី​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ស្ដារ​ឡើង​វិញ​នូវ​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ​មក គឺ​ការងារ​គ្រប់គ្រង​ទឹក​មាន​ភាពងាយស្រួល ពិសេស​បញ្ចៀស​ទឹកភ្លៀង​មិនឱ្យ​ជន់​លិច​តំបន់​អង្គរ និង​ក្នុង​ក្រុង​សៀមរាប​ដូច​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​នោះទេ​។ ការងារ​បញ្ចៀស​ទឹក​នេះ គឺ​អ្នកជំនាញ​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើការ​បង្ហូរ​ទម្លាក់​ទៅតាម​ដៃ​ស្ទឹង​មួយចំនួន​ក៏​ដូចជា​តាម​ប្រឡាយ​ជាដើម​។

បើ​តាម​អាជ្ញាធរ​អប្សរា​ជំហាន​ដំបូង​គឺ​រក្សា​ទឹក​ទុក​ឱ្យបាន​ដើម្បី​ទ្រទ្រង់​ដល់​ប្រាសាទបុរាណ ដោយសារ​ប្រាសាទ​ត្រូវការ​ទឹក ហើយ​មួយផ្នែក​ទៀត​គឺ​រក្សាទុក​សម្រាប់​ប្រើប្រាស់​រយៈពេល​មួយឆ្នាំ​ក្នុង​ក្រុង​សៀមរាប​ទាំងមូល ឯ​មួយផ្នែក​ទៀត​គឺ​ទុក​សម្រាប់​ស្រោចស្រព​ស្រែ​ប្រមាណ​ជា​ ១ ​ម៉ឺន​ហិកតា ទាំង​ស្រូវប្រាំង និង​ស្រូវប្រដេញទឹក​ផងដែរ​។

ជាមួយ​គ្នា​នេះដែរ ទឹក​ដែល​ស្តុក​ក្នុង​បារាយណ៍​គឺ​ធានាបាន​ចំពោះ​រដ្ឋាករទឹក ចំពោះ​អ្នកប្រើប្រាស់​នៅ​ខាងក្រោម​ដោយសារ​អាជ្ញាធរ​អាច​ដឹង​ពី​កម្រិត​នៃ​ការផ្គត់ផ្គង់​ដោយសារ​ការងារ​នេះ​លោក​ធ្វើជា​រៀងរាល់ឆ្នាំ​ជា​ការប្រើប្រាស់​ដដែលៗ​ដែល​អាចឱ្យ​លោក និង​ក្រុមការងារ​ដឹង​មុន​បាន​។

លោក សោម តុលា អាយុ​ ៣៥ ​ឆ្នាំ​ជា​អាជីវករ​លក់​វត្ថុ​អនុស្សាវរីយ៍​នៅក្នុង​ផ្សាររាត្រី ខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា លោក​តែងតែ​សរសើរ​ទៅដល់​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​គិតគូរ​ទៅដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​នេះ ជាពិសេស​ការថែរក្សា​ប្រាង្គ​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​នានា​ដោយ​រក្សា​ទឹក​ទុកជា​រៀងរាល់ឆ្នាំ មិន​ឲ្យ​ខ្វះខាត​។

លោក​ថ្លែងថា៖ «​ប្រជាពលរដ្ឋ​មិនមាន​អាង​ធំៗ​សម្រាប់​ស្តុក​ទឹក​ទុក​ប្រើប្រាស់​ពេញ​ ១ ​ឆ្នាំ​នោះទេ ប៉ុន្តែ​យើង​សំណាង​ដែលមាន​ខាង​ក្រុមការងារ​របស់​អាជ្ញាធរ​អប្សរា​បាន​ប្រមូល​ទឹក​ទុក​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​ក្នុងការ​ប្រើប្រាស់​មិនដែល​ខ្វះខាត​ក្នុង​ ១ ​ឆ្នាំៗ​»​។

លោក ភឿន សុឃីម បាន​លើកឡើង​ទៀតថា ក្រោយពី​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ស្ដារ​ឡើង​វិញ​នូវ​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ​មក​គឺ​ការងារ​គ្រប់គ្រង​ទឹក​មាន​ភាពងាយស្រួល ពិសេស​បញ្ចៀស​ទឹកភ្លៀង​មិនឱ្យ​ជន់​លិច​តំបន់​អង្គរ និង​ក្នុង​ក្រុង​សៀមរាប​។ ការងារ​បញ្ចៀស​ទឹក​នេះ គឺ​អ្នកជំនាញ​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើការ​បង្ហូរ​ទម្លាក់​ទៅតាម​ដៃ​ស្ទឹង​ និង​ប្រឡាយ​ជាដើម​៕