សៀមរាប: អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួយសង្គ្រោះ​ភ្ញៀវ​ទេសចរ​រងរបួស​ដោ​យ​រអិល ឬ​ជំពប់ជើងដួល គ្រេច ថ្លោះ​ដៃ ជើង ខ្យល់គរ វិលមុខ ចុកពោះ សត្វ​ស្វា​ខាំ និង​ពុល​អាហារ​បាន ១១៣ ករណី ព្រម​ទាំង​បាន​​ជួយ​ ​រើសប្រគល់​វត្ថុ​ដែល​ភ្ញៀវ​បាត់ ឬ​ភ្លេច ក៏ ដូចជា​ហាម​ឃាត់​ភ្ញៀវ​ដែល​ប្រព្រឹត្តមិន​សមរម្យបាន​​ចំនួន ១៦៥ ករណី នៅ​​ក្នុង​​ត្រីមាស​ទី១ ឆ្នាំ ២០១៩ នេះ។

តាម​របាយការណ៍​សក​ម្ម​​ភាព​ការងារ​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ប្រចាំ​ត្រីមាស​ទី១ ក្នុង​ឆ្នាំ ២០១៩ ចេញ​​កាលពី​ម្សិលមិញ​​បាន​ឲ្យ​ដឹង​ថា បញ្ហា​ទាំងនេះ ត្រូវបាន​ភ្នាក់ងារ​ទេសចរណ៍​ដែលមាន​ជំនាញ​សង្គ្រោះ​បឋម​ និង​មាន​បរិក្ខារ​សង្គ្រោះ​បឋម​នៅជាប់​ខ្លួន បាន​​ជួយសង្គ្រោះ​បឋម​ទាន់​ពេល​វេលា ​នៅ​កន្លែងកើតហេតុ​ក្នុង​ករណីស្រាលៗនិង​សហការ​ជាមួយ​នគរ​បា​ល​​ទេ​សចរណ៍ និង​នគរបាល​ការពារ​បេតិកភណ្ឌ បញ្ជូនទៅ​មន្ទីរពេទ្យ​ក្នុង​ករណី​របួស​ធ្ងន់ធ្ងរ។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា​៖ «ក្រុម​ភ្នាក់ងារទេសចរណ៍​ ក៏បាន​រើស​សម្ភារភ្ញៀវ​ដែល​ភ្លេ​ច​ ឬ​ជ្រុះ​នៅតាម​ប្រាសាទ​ចំនួ​​ន​ ៩៣ ករណី ដោយ​ក្នុង​នោះ សម្ភារ​ចំនួន ៨៥ ករណី​ ​ត្រូវ​បា​ន​​រកឃើញ​រួមមានទូរ​ស័ព្ទ​ដៃ អាយ​ផេ​ត កាបូបស្ពាយ កាបូប​យួរដៃ កាបូប​លុយ កាត​វី​សារ និង​ម៉ាស៊ីន​ថត​ជាដើម ហើយ​បាន​រកឃើញ​និង​ប្រគល់ជូន​ម្ចាស់​ដើម​វិញ»។

លោក ឡុង កុសល់ អ្នកនាំពាក្យនិង​ជា​ប្រធាន​នាយក​​​ដ្ឋា​ន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​​ជាតិ​អប្សរា បាន​ថ្លែង​កាលពី​ម្សិល​មិញ​ថា ក្រៅពី​សកម្មភាព​សង្គ្រោះ និង​ការ​រើសប្រគល់​វត្ថុ​ដែល​ភ្ញៀវ​បាត់ ឬ​ភ្លេច ក្រុម​ភ្នាក់ងារ​ទេសចរណ៍​ក៏បាន​ហាមឃាត់​ភ្ញៀវ​​ដែល​ប្រព្រឹត្តមិន​សមរម្យ​បាន​ចំនួន ១៦៥ ករណី​ផង​ដែរ​ក្នុង​នោះ​​រួមមាន ការ​បង្ហោះ​ដ្រូន (Drone) ការ​បន្ទោបង់​ក្នុង​បរិវេណ​ប្រា​សា​ទ ជនបរទេស​ថតរូប​អាពាហ៍ពិពាហ៍​ដោយ​គ្មាន​ការអនុញ្ញាត ការថតរូប​បញ្ចេញ​កាយវិការ​មិន​សមរម្យ (ថត​បង្ហាញ​ម៉ូដ ថតរូប​ភាព​មិន​សម​រម្យ) ស្លៀកពាក់​មិន​សមរម្យ សម្តែង​សៀក​នៅក្នុង​ប្រាសាទ រៀបចំ​ពិធី​ទទួលទាន​អាហារ​នៅក្នុង​ប្រា​សា​ទ ប្រើ​ប្រា​​ស់​ម៉ាស៊ីន​ថត​ខ្នាត​ធំ ធ្វើ​ពិធី​សាសនា​ដោយ​គ្មាន​ការ​អនុញ្ញា​តថតរូប​ផ្សព្វផ្សាយ​ពាណិ​ជ្ជ​កម្ម​និងគូរគំនូរ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដោយ​មិន​មាន​ការ​អនុញ្ញាត។

លោក​បន្តថា​៖​ «​ក្រុម​ការ​ងារ​មន្ត្រី និង​បុគ្គលិក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បំពេ​ញ​ការងារ​ល្អ​ណាស់ គឺ​នៅ​តំបន់​អង្គរ​ មិន​មាន​​បទ​ល្មើស​អ្វី​កើត​ឡើង​ទេគឺ​មានតែ​ភ្ញៀវ​ភ្លេច​រប​ស់​របរ​បន្ដិច​បន្ដួច និង​អ្នកខ្លះ​ដើរ​ច្រើនពេក​ក៏​ខ្យល់ចាប់ ហើយ​អ្នក​ខ្លះ​ក៏​រអិល​ជើង​ដួល គ្រេច​ថ្លោះ​តិចតួច​ប៉ុណ្ណោះគឺ​មិន​មាន​​អ្វី​គួរកត់​សម្គាល់​ទេ»៕