ភ្នំពេញៈ ​ក្នុង​រយៈពេល​ ៤ ​ខែ​ឆ្នាំនេះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ជួសជុលផ្ទះ និង​សាងសង់​សំណង់​តូចតាច​ចំនួន ១ ១១០ ​គ្រួសារ​ ក្នុង​សំណើ​ចំនួន ១ ៥២៣ ​គ្រួសារ ខណៈ​បាន​ទប់ស្កាត់ និង​រុះរើ​សំណង់​បំពាន​ច្បាប់​ចំនួន​ ៧២៩ ​ករណី​ផងដែរ​។ នេះ​បើ​តាម​លោក ឡុង កុសល ​អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីថ្ងៃ​អង្គារ​។

លោក ឡុង កុសល ថ្លែង​ថា​រយៈពេល​ ៤ ​ខែ​ដើម​ឆ្នាំ​ ២០២០ ក្រុម​ការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ដើម្បី​ពិនិត្យ​សំណើសុំ​ជួសជុល និង​សាងសង់​តូចតាច​តាម​ភូមិ​មួយ​ចំនួន​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ចំនួន​ ១ ៥២៣ ​គ្រួសារ​ ក្នុង​នោះ​បានអនុញ្ញាត​ឲ្យ​សាងសង់​ចំនួន ១ ១១០ ​គ្រួសារ​។

លោក​បាន​បន្តថា​៖ «​ចំពោះ​ពលរដ្ឋ​ដែល​មិន​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​សាងសង់​នោះ ព្រោះ​​ពួកគាត់​មិនបាន​បំពេញ​គ្រប់​លក្ខខណ្ឌ​។ ​ប៉ុន្ដែ​រយៈពេល​ ៤ ​ខែ​នេះ​ក៏​នៅតែ​មាន​ពលរដ្ឋ​លួច​សាងសង់​សំណង់​ខុសច្បាប់​ជាច្រើន​ករណី​ផងដែរ​។ ពួកគាត់​​ភាគច្រើន​ជា​អ្នក​មក​រស់នៅ​ថ្មី​នៅ​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ហើយ​បាន​លួច​​សាងសង់​សំណង់​ផ្សេងៗ​បំពាន​​ច្បាប់​តែម្ដង​។ ប៉ុន្ដែ​សំណង់​ខុសច្បាប់​ទាំងនោះ​ត្រូវ​បាន​ក្រុមការងារ​ជំនាញ​យើង​ចុះ​​ទប់ស្កាត់ និង​ឲ្យ​រុះរើ​ចេញ​វិញ​សរុប​មាន​ ៧២៩ ​ករណី​»​។

លោក កុសល បាន​បញ្ជាក់​ថា ក្រៅពី​ការលួច​សង់​ដោយ​គ្មាន​ច្បាប់​ក៏​មាន​ពលរដ្ឋ​ខ្លះ​​ដែល​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​​សាងសង់​ហើយ ប៉ុន្ដែ​បែរជា​សង់​ខុសពី​សំណើ​ទៅវិញ​ដែល​ករណីនេះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​តម្រូវ​ឲ្យ​រុះរើ​វិញ​។

តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​សហគមន៍​នៃ​​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យ​ដឹងថា​​ករណី​អនុញ្ញាត​ឲ្យ​សាងសង់​នេះ​​គឺមាន​ពលរដ្ឋ​នៅ​ស្រុក​ប្រាសាទ​បាគង​ ១១៤ ​គ្រួសារ ស្រុក​អង្គរធំ​ ៧៥ ​គ្រួសារ ស្រុក​ពួក​ ២៥៥ ​គ្រួសារ ស្រុក​បន្ទាយស្រី​ ៤៩៧ ​គ្រួសារ និង​ក្រុង​សៀមរាប​ ១៦៩ ​គ្រួសារ​។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ធ្វើការ​ជាប្រចាំ​ដើម្បី​សម្របសម្រួល​​សំណើ​ផ្សេងៗ​របស់​ពលរដ្ឋ និង​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ​ឲ្យ​កាន់តែ​យល់ច្បាស់​ពី​តួនាទី និង​ភារកិច្ច​របស់​អាជ្ញាធរ​ជាតិ​អប្សរា ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ នីតិវិធី​នៃ​ការដាក់​ពាក្យស្នើសុំ​ជួសជុល និង​សាងសង់​ផ្ទះ​ក្នុង​ឧទ្យាន​អង្គរ​ជាដើម​។

បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា​ប្រភេទ​សំណើ​ដែល​ក្រុម​ការងារ​សហគមន៍​ចុះ​ពិនិត្យ និង​​ដោះស្រាយ​រួមមាន​ការជួសជុល​ផ្ទះ ការជួសជុល​ ឬ​ប្តូរ​ដំបូល ប្តូរ​ជញ្ជាំង ប្តូ​រសសរ ប្តូរ​សំយាប ជួសជុល​ជណ្តើរ ជួសជុល​របង​ផ្ទះ បន្ទប់​ក្រោមផ្ទះ​។ ក្រៅពីនេះ​មាន​សំណង់​តូចតាច​ដែល​បាន​សាងសង់​រួមមាន បង្គន់ ទ្រុងមាន់ ទា ជ្រូក ជង្រុក​ស្រូវ តូប ឬ​រោង​លក់ដូរ​​នៅមុខ​ផ្ទះ និង​ការចាក់ដី​លុប​ជង្ហុក​ក្នុង​បរិវេណ​ក្រោមផ្ទះ​​ជាដើម​។ រីឯ​រាល់​ការស្នើសុំ​ច្បាប់​សាងសង់​គឺ​ពុំ​តម្រូវ​ឲ្យ​​មាន​ការបង់ប្រាក់​ឡើយ​៕