សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំនេះ​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​នៅក្នុង​តំបន់​អប្សរា​ជួសជុលផ្ទះ​ និង​សង់​សំណង់​តូចតាច​បាន​ចំនួន ៨៧៩ ​ករណី​ ក្នុង​ចំណោម​សំណើ​ទាំងអស់​ចំនួន​ ១ ៧៤៦ ​ករណី​។ នេះ​បើតាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​។

តាម​របាយការណ៍​នេះ​ក្នុង​រយៈពេល​ ៩ ​ខែ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាត​ឲ្យ​ដល់​ពលរដ្ឋ​នៅ​ស្រុក​ប្រាសាទ​បាគង​ចំនួន ១០៦ ​ករណី ស្រុក​អង្គរធំ​ចំនួន ១១៥ ​ករណី ស្រុក​ពួក​ចំនួន​ ១៨៥ ករណី ស្រុក​បន្ទាយស្រី​ចំនួន​ ១៦៧ ​ករណី​និង​ក្រុង​សៀមរាប​ចំនួន​ ៣០៦ ​ករណី​។

លោក អឿន សំអុន ប្រធាន​លេខាធិការដ្ឋាន​សហគមន៍​នៃ​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹងថា ៩ ​ខែ​នេះ​មាន​ពលរដ្ឋ​ដាក់ពាក្យ​ស្នើសុំ​ជួសជុល​កែលម្អ​ផ្ទះ​ចំនួន​ ១៧៤៦ ​ករណី​ក្នុង​នោះ​ក្រុម​ការងារ​បានអនុញ្ញាត​ឲ្យ​ចំនួន​ ៨៧៩ ​ករណី​ដែល​ស្រប​ទៅ​តាម​​លក្ខខណ្ឌ​នៃ​ការអភិរក្ស​។

លោក​ថា​៖ «​ការអនុញ្ញាត​នេះ​គឺ​ផ្អែកលើ​គោលការណ៍​គ្រប់គ្រង​លំនៅឋាន​ស្រប​តាម​លក្ខខណ្ឌ​​នៃ​កិច្ច​អភិរក្ស​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​»​។

លោក អឿន សំអុន បាន​បញ្ជាក់​ថា​ក្នុង​ករណី​ពលរដ្ឋ​មាន​តម្រូវការ​កែលម្អ​គេហដ្ឋាន​របស់​ខ្លួន​អាចទាក់ទង​មន្ដ្រី​មូលដ្ឋាន​ដើម្បី​ឲ្យ​មន្ដ្រី​យកពាក្យ​ស្នើសុំ​នោះ មក​លេខាធិការដ្ឋាន​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែងថា ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​ជួប​ការលំបាក​មួយ​ចំនួន​ផងដែរ​ ​ចំពោះ​ការអនុញ្ញាត​ឲ្យ​ពលរដ្ឋ​ជួស​ជួល និង​សាង​សង់ផ្ទះ​នៅក្នុង​តំបន់​អប្សរា​នេះ ព្រោះ​ពលរដ្ឋ​ខ្លះ​មិន​គោរព​តាម​បទដ្ឋាន​ច្បាប់​ដែល​បានកំណត់​។

លោក​ថា​៖ «​ពលរដ្ឋ​មួយ​ចំនួន​បាន​សហការ​ល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ និង​អាជ្ញាធរ​អប្សរា​ដោយ​ពួកគាត់​បាន​ទៅ​ដាក់ពាក្យ​ស្នើសុំ​ការអនុញ្ញាត​ត្រឹមត្រូវ​ និង​បាន​គោរព​តាម​បទដ្ឋាន​ច្បាប់​ដែល​បានកំណត់​។ ប៉ុន្ដែ​ក៏​មាន​ពលរដ្ឋ​មួយចំនួន​ទៀត​មិន​បាន​ស្នើសុំ​ការអនុញ្ញាត​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​នាំគ្នា​សាងសង់ និង​កែលម្អ​ផ្ទះ​ ឬ​សំណង់​ដោយ​បំពាន​ខុស​នឹង​បទដ្ឋាន​ច្បាប់​ដែល​បានកំណត់​ និង​លួច​សាងសង់​សំណង់​ពេលយប់​ក៏​មាន​»​។

លោក កុសល បាន​ឲ្យ​ដឹងថា​មាន​ពលរដ្ឋ​មួយចំនួន​បាន​សមគំនិត​គ្នា​លួច​លក់​ដីធ្លី និង​កាប់​ទន្ទ្រានព្រៃ​អភិរក្ស​ក្នុង​តំបន់​ថែរក្សា​ផងដែរ ខណៈដី​នៅ​តំបន់​អង្គរ​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា​គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការទិញ​លក់​នោះ​ទេ​។

លោក​ថា​៖ «​ជា​រៀងរាល់​ថ្ងៃ​ក្រុមការងារ​អាជ្ញាធរ​អប្សរា​បាន​ចុះបង្ក្រាប​សំណង់​ខុសច្បាប់​បាន​ច្រើនណាស់​។ ​ដូចជា​ចំនួន​​ដែល​ស្នើសុំ​សាងសង់​ខាង​លើ​អ៊ីចឹង​មាន​ចំនួន​ជិត​ ២០០០ ​ករណី​ដែល​បានស្នើ​សុំ​ជួស​ជួល​ និង​កែលម្អ ប៉ុន្ដែ​យើង​អនុញ្ញាត​បាន​តែ​ជិត​ ១០០០ ករណី ក៏​ព្រោះតែ​ពលរដ្ឋ​មួយ​ចំនួន​បានដាក់​លិខិត​ស្នើសុំ​ដោយ​មិន​ត្រឹមត្រូវ និង​មិនមែន​ជា​ពលរដ្ឋ​រស់នៅ​ជាក់ស្ដែង​»៕