សៀមរាបៈ អាជ្ញាធរជាតិអប្សរាបានដាក់បម្រាមឲ្យបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារផ្សេងៗនៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញប្រាសាទអង្គរវត្ត ហើយបានព្រមានថា នឹងចាត់វិធានការរឹបអូស ប្រសិនបើពួកគេមិនអនុវត្តតាមការណែនាំទេនោះ។
ការដាក់បម្រាមនេះបានធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងមួយរបស់លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី ១៣ សីហា ម្សិលមិញដោយបានអះអាងថា សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារផ្សេងៗបានធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់វប្បធម៌ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនៃរមណីយដ្ឋានអង្គរ។
សេចក្តីជូនដំណឹងបានបន្តថា៖ «កន្លងមក ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌ និងអាជ្ញាធរមូលដ្ឋានធ្វើការណែនាំឱ្យបញ្ឈប់សកម្មភាពទាំងនេះ ប៉ុន្តែនៅតែមានបងប្អូនអាជីវករ និងភ្ញៀវទេសចរមួយចំនួន មិនព្រមបញ្ឈប់សកម្មភាពទាំងនេះទេ ដោយយកតែប្រយោជន៍បុគ្គលជាចម្បង»។
បើតាមសេចក្តីជូនដំណឹងនេះ ដើម្បីលើកកម្ពស់ និងតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ ក៏ដូចជាកិត្តិយសជាតិ អាជ្ញាធរជាតិអប្សរាសូមឱ្យមានការរួមសហការគ្នាបញ្ឈប់សកម្មភាពអវិជ្ជមានទាំងនេះ ដោយទុករយៈពេល ៤៥ ថ្ងៃ (សែសិបប្រាំថ្ងៃ) គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយគ្នានេះ អាជ្ញាធរអប្សរាក៏បានព្រមានចាត់វិធានការរដ្ឋបាលផងដែរដោយត្រូវរឹបអូសសម្ភារទាំងនោះ ប្រសិនបើនៅតែមានអ្នកមិនគោរពតាម ការណែនាំនោះ។
«ករណីបងប្អូន អាជីវករ និងភ្ញៀវទេសចរ នៅតែបន្តសកម្មភាពទាំងនេះ គណៈកម្មការដឹកនាំ និងសម្របសម្រួលរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរនៅក្នុងរមណីយដ្ឋានអង្គរនឹងអនុវត្តវិធានការរដ្ឋបាលរឹបអូសសម្ភារទាំងនោះ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតណាមួយឡើយ»។
កញ្ញា ផេង ស្រីស ជាសកម្មជនការពារបរិស្ថានបានស្វាគមន៍ចំពោះវិធានការរបស់អាជ្ញាធរជាតិអប្សរានេះ និងបានស្នើឲ្យចាត់វិធានតឹងរ៉ឹងចំពោះអ្នកដែលបានរំលោភបំពានទៅនឹងការណែនាំនេះ។
កញ្ញាបានបញ្ជាក់ថា៖ «ខ្ញុំគាំទ្រខ្លះចំពោះវិធានការនេះ ព្រោះថាភាគរយច្រើនបំផុតនៃអ្នកធ្វើសកម្មភាពក្រាលកន្ទេល ដាក់សម្ភារផ្សេងៗនោះ គឺជាប្រជាពលរដ្ឋខ្មែរ ហើយកន្លងមកពួកគាត់ហាក់មិនសូវខ្វល់ខ្វាយចំពោះអនាម័យ បរិស្ថាន ជុំវិញតំបន់នោះប៉ុន្មានទេ ហើយក៏មានការរិះគន់ពីទម្លាប់ចោលសំរាមពាសវាលពាសកាល ក្រោយពីពួកគាត់ទៅហូបអាហារ ឬជួបជុំនៅទីនោះ»។
ទោះបីយ៉ាងណា កញ្ញាបានស្នើសុំដល់អាជ្ញាធរអប្សរាឲ្យរៀបចំកន្លែងអង្គុយលម្ហែ ឬកន្លែងជួបជុំឲ្យបានត្រឹមត្រូវសម្រាប់បងប្អូនអាជីវករ ភ្ញៀវជាតិអន្តរជាតិ និងសាធារណជន៕