សៀមរាបៈ​ អាជ្ញា​ធរ​អប្សរា​កំពុង​សិក្សា​ពី​អត្ថ​ប្រយោជន៍​និង​ផល​ប៉ះពាល់​ជុំវិញ​សំណើ​របស់​ក្រសួង​ប្រៃស​ណីយ៍និង​ទូរគម​នាគមន៍​ដែល​សុំ​បំពាក់​អុីន​ធឺណិត​អត់​ខ្សែ​និង​មិនគិត​ថ្លៃ​ដើម្បី​ឲ្យភ្ញៀវ​ទេសចរ​ប្រើ​ប្រាស់​នៅ​តំបន់​អង្គរ។ នេះ​បើតាម​លោក ឡុង កុសល​ ប្រធាន​នាយកដ្ឋាន​ផ្សព្វ​ផ្សាយ​នៃ​អាជ្ញា​ធរអប្សរា។

​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​នេះ លោក ត្រាំ អុីវតឹក រដ្ឋ​មន្ដ្រី​ក្រសួង​ប្រៃស​ណីយ៍ និង​ទូរ​គមនា​គមន៍បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នៅ​រមណីយ​ដ្ឋាន​អង្គរ​​ខេត្ត​សៀម​រាបដើម្បី​ពិភាក្សា​អំពី​គម្រោង​បំពាក់​ប្រព័ន្ធ​អុីន​ធឺ​ណិ​ត​គ្មាន​ខ្សែ​បច្ចេក​វិទ្យា​ជំនាន់​ទី​ ៥ ​(5​G​ ​W​iF​i​) ​​នេះ ក្នុង​បំណង​បម្រើ​សេវា​អុីន​ធឺ​ណិត​ល្បឿនលឿន និង​សេវាកម្ម Online ផ្សេង​ទៀ​តជូន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ក្នុង​តំបន់​រម​ណីយ​ដ្ឋាន​អង្គរ ខណៈ​ក្រសួង​របស់​លោក​ស្នើ​ទៅ​អាជ្ញា​ធរអប្សរា​ឲ្យ​ពិចារណ​។

លោក​ ឡុង​ កុសល​ បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា ​អាជ្ញា​ធរ​អប្សរា​បាន​ទទួល​សំណើ​នេះ​ហើយ ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ណា​នោះ​នៅ​មិន​ទា​ន់​​ដឹង​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា៖ «យើង​ទទួលបាន​ការស្នើ​គម្រោង​នេះ​ឡើងមក​ហើយ។ អ្វីដែល​អាជ្ញាធរ​អប្សរាបាន​ជម្រាប​ទៅ​គាត់​វិញ​បន្ទាប់ពី​កិច្ចប្រជុំ​ថ្នាក់​ដឹក​នាំ​របស់​អាជ្ញាធ​រ​អប្សរា យើង​កំពុង​ពិនិត្យ ពិចា​រណា​ទៅលើ​សំណើហ្នឹង»។ «យើង​ពិ​និត្យ​ទៅលើភាព​វិជ្ជមាន និង​ភាព​អវិជ្ជមាន​ចំពោះ​​សំណើហ្នឹង។ ក្នុង​ពេលនេះ ខ្ញុំ​មិនអាច​មាន​យោបល់​អី​ច្រើន​ទៅលើ​រឿង​ហ្នឹង​ទេ។ យើង​នឹង​ផ្ដល់​ព័ត៌​មាន​ចុង​ក្រោយ​នៅ​ពេល​មាន​ការ​សម្រេច​ពី​ថ្នាក់​ដឹកនាំ»។

យ៉ាង​ណា​ក្ដី ​បើតាម​លោក កុសល សំណើ​របស់​ក្រសួង​ប្រៃស​ណី​យ៍នេះ ​ទាក់​ទង​នឹង​គម្រោង​បំពាក់​អុីន​ធឺណិត​ប្រើប្រាស់​ដោយ​សេរី​មិនគិតថ្លៃ​នៅ​ក្នុងតំបន់​អង្គរ​ ដែល​ជា​បច្ចេក​ទេស​ចុង​ក្រោយ។

លោក​បាន​បញ្ជាក់​​ថា៖ «សំណើ​របស់​ក្រសួង​នេះគឺជា​ការ​បំពាក់​នូ​វប្រ​ព័ន្ធ​អុីន​ធឺណិ​ត​កម្រិត​ទី ៥ ចុង​ក្រោយ (5G WiFi) ដែលជា​លក្ខណៈ​ប្រព័ន្ធ​អុីន​ធឺណិ​ត​​មិន​ប្រើ​ខ្សែដែល​នឹង​ភ្ជាប់​ទៅ​តាម​បង្គោល​អង់​តែន​សេវា​មាន​ស្រាប់​ក្នុង​តំបន់​នោះ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ប្រៃស​ណីយ៍​ និង​ទូរគ​មនា​គមន៍​​ ​លោក​ មាស ប៉ូ និង​​លោក ខូវ មករា ​មិនអា​ច​សុំ​កា​រ​អត្ថាធិប្បា​យ​បា​ន​ទេ កាល​ពីម្សិ​ល​មិ​ញ ដោយ​សារទូរ​ស័ព្ទរ​បស់​លោក​ទាំង​ ២ មិ​ន​មាន​អ្នក​ទទួល​។ ប៉ុន្តែ​បើតា​មគេ​ហទំ​ព័​រក្រសួង​ប្រៃស​ណ៍យ៍​ និង​ទូរគម​នា​គម​ន៍ លោក​រដ្ឋមន្រ្ដី​ ត្រាំ អុីវតឹក បា​នលើក​ឡើង​ថា គម្រោង​ប្រព័ន្ធ​អុីន​ធឺ​ណិ​ត​ឥតខ្សែ​បច្ចេក​វិទ្យា​ជំនា​ន់ទី ៥ (5G WiFi) នេះ គឺជា​ផ្នែក​មួយ​នៃការ​ពង្រឹង​ និង​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាតិដើម្បី​ជំរុញ​ការ​ផ្ដល់​សេវា​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​តាម​ប្រព័ន្ធ​ឌីជីថល​ ពាណិជ្ជ​កម្ម​ឌីជីថល​និង​សេដ្ឋកិច្ច​​ឌីជីថល​ដែល​នឹង​ចូល​រួម​ចំណែក​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ឲ្យ​កាន់​តែ​ប្រសើ​រឡើង​ និង​ឈាន​ទៅ​សម្រេច​បាន​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០។

នៅ​ក្នុង​ជំនួប​ជា​មួយ​តំណាង​ប្រធាន​ក្រុម​ហ៊ុន​ HyalRoute Group ជា​ក្រុម​ហ៊ុន​មេ​របស់​ក្រុម​ហ៊ុន Cambodia Fiber Optic Communication NetworkCo.,Ltd (CFOCN) ដែល​ជា​ក្រុម​ហ៊ុន​អូស​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ដ៏​ធំ ​១ នៅកម្ពុជា កាល​ពីចុងខែ​មករាថ្មីៗនេះ លោក ត្រាំ អុីវតឹក ក៏​ធ្លាប់​បាន​ថ្លែង​ដែរ​ថា រាជរដ្ឋា​ភិបាល​កម្ពុជាបាន​កំណត់​យ៉ាង​ច្បាស់ នូវ​គោល​នយោ​បាយ ដើម្បី​ជំរុញ​ការអភិ​វឌ្ឍ ពាណិជ្ជ​កម្ម​អេឡិ​ច​ត្រូ​និក និង​បច្ចេក​វិទ្យា​គមនា​គមន៍​និង​ព័ត៌មាន។

លោក​បន្ដថា៖ «យើង​ត្រូវ​គិតគូរ​ដល់​អ្នកប្រើប្រាស់​នៅតាម​ជនបទ​ដែល​នៅ​មិន​ទាន់​មាន​លទ្ធភាព​ក្នុងការ​ទទួលបាន​សេវា​ឌីជីថល»។

ទាក់​ទង​នឹ​ងការ​បំពាក់​ប្រព័ន្ធ​អុីន​ធឺណិត​ដោយ​ឥត​គិត​ថ្លៃ​នៅ​តំបន់​អង្គរ​នេះ លោក តុប សុភ័ក ​អ្នក​នាំ​ពាក្យ​ក្រសួង​ទេស​ចរណ៍​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា នេះ​ជាការ​ល្អ​ប្រសើរ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្ដរជាតិ​ដែល​ជា​ផ្នែក​មួយ​ដើម្បី​ចូលរួម​ផ្សព្វ​ផ្សាយ​ពី​តំបន់​ទេស​ចរណ៍​នៅ​កម្ពុជា​ឲ្យ​រឹត​តែ​លឿន​ជាង​មុន។

លោក​ថា​៖ «ភ្ញៀវ​ទេសចរ​ពេល​គេ​មក​លេង​កម្សាន្ដ​ពេល​គេ​ថត​រូប​ហើយគេ​ត្រូវ​ការ​ចែក​ចាយ​បន្ដ​ឬ​ក៏​ពួក​គាត់​អាច (Live)​ វីដេអូ​ផ្ទាល់​នៅ​លើបណ្ដាញ​សង្គម​អី​ទៅ​ប្រាប់​មិត្ដ​ភក្ដិ​ក្រុម​គ្រួសារ​គេ​ពេល​គេ​បាន​មក​ដល់​អង្គរ​វត្ដ​របស់​កម្ពុជា​អីជា​ដើម»។ កិច្ចការ​នេះ​ធ្លាប់​មាន​ការ​សិក្សា​មក​យូរ​ហើយ​ ប៉ុន្ដែ​ចំពោះ​ការ​រៀប​ចំ​យ៉ាង​ណា​ជា​ជំនាញ​របស់​អាជ្ញាធរ​អប្សរា»៕