សៀមរាបៈ អាជ្ញាធរ​ជាតិអប្សរា​គ្រោង​បោះបង្គោល​ព្រំ​កំណត់​តំបន់​ការពារ​បុរាណដ្ឋាន​ផ្សេងៗ​នៅក្នុង​ខេត្តសៀមរាប​ទាំងមូល ដើម្បី​ទប់ស្កាត់​ការរុករាន​ទន្ទ្រាន​ចូលកាន់​កាប់​ដោយ​ខុសច្បាប់​ពី​សំណាក់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​លើ​ដី​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ខណៈ​តំបន់​មួយចំនួន​ត្រូវ​បាន​បោះបង្គោល​រួចរាល់​។

កាលពី​ថ្ងៃទី​ ៤ ខែ​ឧសភា​ក្រុម​ការងារ​បច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិអប្សរា​បាន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្តសៀមរាប ចុះ​បោះបង្គោល​ព្រំ​កំណត់​តំបន់​ការពារ​ត្រពាំង​បុរាណ​ឈ្មោះ ត្រពាំងហែផ្កា ស្ថិត​នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា​៖ «​ការបោះបង្គោល​ព្រំ​កំណត់​តំបន់​ការពារ​ត្រពាំង​បុរាណ​គឺ​ដើម្បី​ទប់ស្កាត់​ការរុករាន​ទន្ទ្រាន​ចូលកាន់​កាប់​ដី​បរិវេណ​ត្រពាំង​បុរាណ ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ពី​សំណាក់​ប្រជាពលរដ្ឋ មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​»​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ទៀតថា តទៅ​ថ្ងៃ​អនាគត អាជ្ញាធរ​ជាតិ​អប្សរា មាន​គម្រោង​បោះបង្គោល​ព្រំ​កំណត់​តំបន់​ការពារ​បុរាណដ្ឋាន​ផ្សេងៗ​ទៀត​នៅក្នុង​ខេត្ត​សៀមរាប​ទាំងមូល ដែល​មន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​កំណត់​តំបន់​ការពារ​រួចហើយ​។

អាជ្ញាធរ​នេះ​ថ្លែង​ថា​៖ «​គម្រោង​នេះ​គឺ​ក្នុង​គោលបំណង​ថែរក្សា ការពារ និង​អភិរក្ស​បុរាណដ្ឋាន​សម្រាប់​ទុកជា​មរតក​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ជា​បេតិកភណ្ឌ​ជាតិ ជាពិសេស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​សិក្សា​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ផង​ និង​ដើម្បី​បម្រើ​វិស័យ​ទេសចរណ៍​ផង​»​។

លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​បន្ថែម​ថា ការសម្រេច​បោះបង្គោល​ព្រំ​យ៉ាង​ដូច្នេះ ក៏​ព្រោះតែ​កន្លងទៅ​តំបន់​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​មួយ​ចំនួន​ត្រូវ​បាន​រំលោភបំពាន​យក​កាន់កាប់ ហើយ​ពេល​ខ្លះ​បាន​ក្លាយ​ទៅជា​ជម្លោះ​ដ៏រុំារ៉ៃ​ទៀត​ផង​។ លោក​បញ្ចាក់​ថា កិច្ចការ​បោះបង្គោល​ព្រំនេះ​គឺ​នៅ​មាន​ច្រើន​កន្លែង​ទៀត ដែល​តម្រូវ​ឲ្យ​ធ្វើការ​បោះ​ជា​បង្គោល​សម្រាប់​សម្គាល់​ទីតាំង​នីមួយៗ​។

លោក​បន្ថែមថា​៖ «​ទីតាំង​ដែល​ចាំបាច់​ត្រូវតែ​បោះបង្គោល​ព្រំ​គឺ​តាម​ទី​បុរាណដ្ឋាន​នៅក្នុង​ខេត្តសៀមរាប​។ ភាគច្រើន​កន្លែង​ហ្នឹង​គឺជា​ទីទួល​ប្រាសាទបុរាណ ជា​ត្រពាំង​បុរាណ ឬ​ក៏​ជា​បារាយណ៍​ដែល​ជា​រចនាសម្ព័ន្ធ​ទាក់ទង​នឹង​ប្រាសាទបុរាណ​។ អ្វីៗ​ទាំងនេះ​គឺ​ស្លាកស្នាម​នៃ​ប្រវត្ថិសាស្ត្រ​ក្នុង​សម័យ​អាណាចក្រ​ខ្មែរ​យើង​»​។

លោក ឈាន រដ្ឋា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា លោក​មិនទាន់​អាច​ជម្រាប​បានទេ​ថា ទីតាំង​ដែល​ត្រូវ​បោះបង្គោល​ព្រំ​នេះ​មាន​ចំនួន​ប៉ុន្មាន​កន្លែង​។ ប៉ុន្តែ​លោក​ថា ដោយសារ​តែ​បញ្ហា​ថវិកា ការបោះបង្គោល​ព្រំ​នេះ​នឹង​កំណត់​ធ្វើ​នៅ​កន្លែង​ណា​ដែល​មាន​អាទិភាព​មុន ព្រោះ​តែ​កន្លែង​ទាំងនេះ​ប្រឈម​នឹង​ការរំលោភ​យក​ពី​សំណាក់​ជនខិលខូច​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​ធ្វើជា​ជំហានៗ ជាពិសេស​ចាប់ពី​ប្រាសាទ​មក​មុន និង​កន្លែង​ដែល​មាន​ហានិភ័យ ដោយសារ​តែ​ការរំលោភ​ដីធ្លី​ដូចជា​ប្រាសាទ​បន្ទាយអំពិល និង​ប្រាសាទ​ចៅស្រី​វិបុល​ដែល​ប្រជាជន​គាត់​ចូល​រុករាន​។ ជារួម​ពលរដ្ឋ​មិនមែន​ចូល​រុករាន​យក​ប្រាសាទ​ទេ ប៉ុន្តែ​ដី​ដែល​នៅ​ជុំវិញ​ប្រាសាទ ដូច្នេះ​ការបោះបង្គោល​នេះ​ដើម្បី​សម្គាល់​ដី​រដ្ឋ​មាន​ទំហំ​ប៉ុនណា​ដែល​ត្រូវការពារ​»​។

លោក ឈាន រដ្ឋា ថ្លែង​ដោយ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​ទាំងអស់​សូម​បញ្ឈប់​ការរំលោភបំពាន​ដី​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ និង​ងាក​មក​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ទាំងអស់​គ្នា ដើម្បី​ការពារ​សម្បត្តិ​ដែល​ដូនតា​ជំនាន់​មុន​បន្សល់ទុក​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​៕