សៀមរាបៈ អាជ្ញាធរជាតិអប្សរាបង្ហាញក្តីបារម្ភចំពោះសំណង់ដែលបានសាងសង់ខុសពីលិខិតអនុញ្ញាត បន្ទាប់ពីមានករណីសាងសង់ និងជួសជុលខុសពីសំណើនៅទីតាំងដែលបានផ្តល់ឲ្យក្នុងតំបន់អង្គរ ដែលប្រការនេះធ្វើឱ្យសំណង់ទាំងនោះក្លាយទៅជាខុសច្បាប់ទៅវិញ ហើយក៏ប្រឈមចំពោះមុខច្បាប់ផងដែរ។
លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរាបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា មានសំណង់ខុសច្បាប់ជាច្រើនខ្នងបាននិងកំពុងសាងសង់ក្នុងរូបភាពស្របច្បាប់ បន្ទាប់ពីពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរទទួលបានលិខិតអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។ ប៉ុន្តែពេលសាងសង់មានអ្នកស្នើសុំខ្លះបែរជាធ្វើខុសពីលិខិតអនុញ្ញាត ដែលធ្វើឱ្យសំណង់របស់ពួកគេក្លាយជាសំណង់ខុសច្បាប់វិញ។
លោក ឡុង កុសល បានបញ្ជាក់ថា៖ «នៅពេលគាត់សុំជួសជុល ការដូរដំបូល ឬក៏ដូរជញ្ជាំងផ្ទះធ្វើបន្ទប់ទឹក ធ្វើបន្ទប់បាយអីអ៊ីចឹង។ ប៉ុន្តែគាត់ធ្វើលើសហ្នឹងដោយ ទី១- លើសហ្នឹង ទី២- ធ្វើធំជាងទំហំដែលគាត់ស្នើសុំ។ ចំណែកការស្នើសុំរើផ្ទះចាស់សាងសង់ផ្ទះជំនួសវិញ ជាគោលការណ៍នៅពេលផ្តល់ការអនុញ្ញាតគឺយើងផ្តល់ជម្រើសជូនគាត់ក្នុងការសាងសង់ជាផ្ទះតាមបែបរចនាប័ទ្មខ្មែរ។ យើងមានជាគំនូរស្ថាបត្យកម្មជូនគាត់ យើងមានទាំងប្លង់បច្ចេកទេសជូនគាត់ដើម្បីជូនគាត់ធ្វើតែម្តង ហើយមិនមានគិតសេវាកម្មនោះទេ។ ប៉ុន្តែគាត់បែរជាសង់ជាលក្ខណៈផ្ទះតៀមជាលក្ខណៈផ្ទះថ្មដែលខុសពីការឯកភាព»។
លោក ឡុង កុសល អំពាវនាវដល់ពលរដ្ឋក្នុងតំបន់អង្គរដែលមានបំណងស្នើសុំជួសជុលកែលម្អគេហដ្ឋាន សង់របង រោងគោ រោងមាន់ បង្គន់អនាម័យ ឬតម្រូវការផ្សេងៗដែលជាប្រភេទសំណង់ស្រាល សូមទាក់ទងមកក្រុមការងារសហគមន៍តាមរយៈភូមិឃុំ/សង្កាត់។ ប៉ុន្តែករណីមានបំណងស្នើសុំរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីជំនួសនោះ លោកស្នើឲ្យដាក់ពាក្យសុំនៅមជ្ឈមណ្ឌលសេវាកម្មរបស់អាជ្ញាធរជាតិអប្សរា ឬក៏នៅច្រកចេញចូលតែមួយរបស់ស្រុកពួក ក្រុងសៀមរាប និងសាលាខេត្តសៀមរាបដោយពុំគិតថ្លៃ។
លោកបានបញ្ជាក់ថា៖ «នៅក្នុងតំបន់រមណីយដ្ឋានពិភពលោក អ្វីដែលសំខាន់បំផុតគឺការរក្សាសភាពដើមនៅទីនោះ ហើយការតម្រូវឲ្យអនុវត្តបែបនេះ គឺដើម្បីលើកតម្លៃផ្ទះបុរាណខ្មែរ និងអត្តសញ្ញាណនៅតំបន់រមណីយដ្ឋាន ដែលបានរៀបចំជាលក្ខណៈរស់នៅតាមបែបសង្គមខ្មែរ។ ដូច្នេះបើពួកគាត់ធ្វើខុស វាធ្វើឲ្យមានការប្រែប្រួលពីទម្រង់ដើម ឬលក្ខណៈដែលជាភូមិខ្មែរ ដែលនិយាយពីមុនមកថា នៅក្នុងតំបន់ហ្នឹងមានការរស់នៅយ៉ាងម៉េច? ហ្នឹងហើយគឺជាផលប៉ះពាល់»។
លោក ឡុង កុសល បានរំឭកដល់ម្ចាស់សំណង់ឲ្យគោរពទៅតាមអ្វីដែលបានស្នើសុំ ដើម្បីចៀសវាងការប្រឈមនឹងការតម្រូវឲ្យរុះរើឡើងវិញ។
លោកបញ្ជាក់ថា៖ «យើងមានក្រុមការងារចុះទប់ស្កាត់រាល់សំណង់ខុសច្បាប់ទាំងឡាយ នៅពេលឃើញមានសំណង់ខុសច្បាប់កើតឡើងយើងនឹងចុះទៅបញ្ឈប់គាត់។ ក្នុងករណីសំណើទី ១ គឺឲ្យគាត់កែប្រែសំណង់របស់គាត់ទៅតាមអ្វីដែលជាសំណូមពរឲ្យត្រូវនឹងការស្នើសុំរបស់គាត់វិញ ហើយបើគាត់មិនកែប្រែទេ ម្តងជា ២ ដង ចុងក្រោយបំផុតសំណង់របស់ពួកគាត់ប្រឈមនឹងការរុះរើទៅវិញ ហើយនឹងប្រឈមជាមួយវិធានការផ្លូវច្បាប់»។
លោក សួន រ៉ាម៉ន ជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ខេត្តសៀមរាបដែលជាទីតាំងស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា លោករស់នៅតំបន់នេះយូរឆ្នាំមកហើយ ហើយលោកតែងតែស្នើសុំការអនុញ្ញាតនៅពេលចង់ជួសជុលផ្ទះម្ដងៗ។ លោកយល់ថា ការដែលនៅតំបន់អង្គរតម្រូវឲ្យមានការកំណត់បែបនេះក៏ជារឿងល្អផងដែរ ប៉ុន្តែលោកចង់ឲ្យការអនុវត្តនីតិវិធីនៃការស្នើសុំបានប្រសើរជាងនេះ។
យ៉ាងណាលោកទទួលស្គាល់ថា ពិតជាមានការសាងសង់ និងជួសជុលខុសនីតិវិធីច្បាប់ដែលនៅតែបន្តកើតមាននៅក្នុងតំបន់អង្គរ។ លោកបញ្ជាក់ថា៖ «ខ្ញុំមិនសូវដឹងច្បាស់ដែរ ថាហេតុអ្វីបានជាប្រជាពលរដ្ឋយើងនៅតែបន្តធ្វើខុសនឹងច្បាប់បែបនេះ ព្រោះថាបើតាមដឹងការធ្វើខុសនឹងច្បាប់បែបនេះ គឺនឹងជួបបញ្ហាច្រើន។ តែខ្ញុំសុំឲ្យអាជ្ញាធរយើងគួរពន្លឿនការអនុញ្ញាតឲ្យលឿនជាងនេះព្រោះកន្លងមកពួកយើងសុំគឺប្រើពេលយូរដែរទម្រាំតែបាន»៕