សៀមរាបៈ បដិមា​ព្រះសិរ​ព្រះពោធិសត្វ​លោកេសូរ​ ឬ​លោកេស្វរៈ​ចំនួន​ ១ ធ្វើ​ពី​ថ្មភក់​ត្រូវ​បាន​ប្រទះ​ឃើញ ខណៈ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​កំណាយ​នៅក្នុង​ខ្លោងទ្វារ​ចូល​ខាង​កើត​ប្រាសាទ​តានៃ​ជ្រុង​និរតី ដើម្បី​រក​ថ្ម​ដំបូល​ដែល​ធ្លាក់ចុះ​កប់​ក្នុង​គំនរ​ថ្ម និង​ដីដំបូក​យក​មក​ជួសជុល​ប្រាសាទ​កាលពី​ព្រឹក​ថ្ងៃ​ទី​ ៨ ខែ​តុលា​កន្លង​មក​នេះ​។

លោក ស៊ា សុភារុន ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​តានៃ និង​ជា​បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​ឱ្យ​ដឹង​ថា បដិមា​ព្រះសិរលោកេស្វរៈ​ដែល​ក្រុម​ការងារ​ជួសជុល​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តានៃ​ប្រទះឃើញ​គឺ​មាន​ត្រឹមតែ​ព្រះសិរ​ប៉ុណ្ណោះ ប៉ុន្ដែ​ព្រះសិរ​នេះ​មាន​រូប​ព្រះពុទ្ធ​នៅលើ​ផ្នួងសក់ មាន​ត្រចៀក​ខាងស្តាំ តែ​គ្មាន​ខាងឆ្វេង ច្រមុះ​ឆែប ព្រះភ័ក្ត្រ​ម្ខាង​ខ្សុះ​របក​សាច់​ថ្ម​។

លោក​ថ្លែងថា​៖ «​សភាព​ខូចខាត​ទាំងនេះ​ជា​បឋម​មិនដឹងថា​មកពី​មូលហេតុ​អ្វី​ប្រាកដ​ទេ តែ​អាច​ជា​ការប៉ះទង្គិច​អ្វីមួយ​ធ្វើឱ្យ​បែក​ ឬ​គុណភាព​ថ្ម​នៅ​លើ​ថ្ពាល់​ម្ខាង​មិន​សូវ​ល្អ ទើប​ធ្វើឱ្យ​ស្រទាប់​ថ្ម​របក​ចេញ​ពី​ថ្ពាល់​។ ម្យ៉ាងវិញ​ទៀត​ចម្លាក់​មួយ​នេះ ក៏​ប្រហែល​មិន​ស្ថិត​នៅ​ទីតាំង​នេះដែរ​កាលដើម​ឡើយ ព្រោះ​មិនមាន​ភ័ស្តុតាង​ណាមួយ​បញ្ជាក់​ថា​មាន​ដងខ្លួន​នៅ​កន្លែង​នេះ​ដូចគ្នា​»​។

លោក​ ឈូក សុម៉ាឡា មន្ត្រី​ទទួលបន្ទុក​ចុះបញ្ជី​សារពើ​ភណ្ឌ​បុរាណវត្ថុ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឱ្យ​ដឹងថា ព្រះសិរ​នេះ​ធ្វើ​ពី​ថ្មភក់​មាន​កម្ពស់ ៥៤ ​ស.ម ទទឹង ២៧ ​ស.ម និង​កម្រាស់ ៣៦ ​ស.ម​។

លោក សុម៉ាឡា បាន​បញ្ជាក់ថា​៖ «​ព្រះសិរ​ព្រះពោធិសត្វ​លោកេសូរ ជា​បដិមា​ស្ថិត​ក្នុង​រចនាប័ទ្ម​បាយ័ន នា​អំឡុង ចុង ស.វ.ទី​ ១២ និង ដើម​ ស.វ.ទី​ ១៣ ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧»​។

លោក សុម៉ាឡា ឲ្យ​ដឹង​ទៀតថា លោកេសូ ឬ​លោកេស្វរៈ គឺជា​ព្រះពោធិសត្វ​ក្នុង​ពុទ្ធសាសនា​មហាយាន​ដែល​មាន​ករុណា​ធម៌​កំពូល​ក្នុងការ​ជួយសង្គ្រោះ​មនុស្សលោក​។ ក្នុង​សិល្បៈ​ខ្មែរ​គេ​តែង​ឃើញ​ចម្លាក់​ប្រភេទ​នេះ​មាន​ព្រះហស្ថ ២,៤ ឬ ៨ ដោយ​មាន​កាន់​កេតនភណ្ឌ ដូចជា​ខ្សែផ្គាំ គម្ពីរ ផ្កាឈូក និង​ថូ ព្រម​ទាំង​ឆ្លាក់​រូប​ព្រះពោធិសត្វ អមិតាភៈ អង្គុយ​ភាវនា​នៅ​ផ្នួងសក់ ដូចគ្នា​នឹង​បដិមា​ប្រាជ្ញា​បារ​មិតា​ដែរ​។

លោក​ ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បន្ថែម​ថា ព្រះសិរ​ព្រះពោធិសត្វ​លោកេសូរ​ ឬ​លោកេស្វរៈ បច្ចុប្បន្ន​ត្រូវបាន​ក្រុម​ការងារ​ជំនាញ​បាន​យក​មក​រក្សាទុក​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ចុះបញ្ជី និង​ថតរូប​ទុក​ជា​ឯកសារ​ព្រម​ទាំង​រៀបចំ​បែបបទ​ស្នើ​យក​ទៅ​រក្សាទុក​នៅ​អភិរក្សដ្ឋាន​អង្គរ​។

លោក​ថ្លែងថា​៖ «​ក្រោយពេល​យើង​យក​ព្រះសិរ​នេះ​ទៅ​សម្អាត​ឲ្យ​បាន​ស្អាត​ចប់​រួចរាល់ យើង​នឹង​សិក្សា​បន្ថែម​ទៀត ទើប​យើង​យក​ទៅ​ដាក់​តាំង​បង្ហាញ​នៅ​ថ្ងៃ​អនាគត​»​។

លោក កុសល បាន​ឲ្យ​ដឹងថា ក្រុម​ការងារ​អាជ្ញាធរ​អប្សរា​តែងតែ​ស្រាវជ្រាវ​រកឃើញ​វត្ថុ​បុរាណ និង​បដិមា​ជា​បន្ដបន្ទាប់​នៅក្នុង​តំបន់​អង្គរ​។ ប៉ុន្ដែ​លោក​មិនទាន់​អាច​បង្ហាញ​ទិន្នន័យ​សរុប​នៃ​ការរកឃើញ​នេះ​ទេ​៕