តាកែវៈ អាជ្ញាធរ​ស្រុក​បាទី កាល​ពី​ថ្ងៃ​ទី ២៩ ខែ​ ​មេសា បា​ន​អំពាវ​នាវដល់​​ប្រជាពលរដ្ឋ​ដែល​ទៅ​លេង​​នៅ​ល្អាងភ្នំចំបាប់ ក្នុង​ភូមិតានប់ ឃុំត្នោត កុំឱ្យចុះ​មុជ​ទឹក​ល្អាង​ បន្ទាប់​ពី​រក ឃើញ​ថា ដី​នៅ​មាត់​ល្អាង​​មាន​ស្នាម​ប្រេះ និង​សង្ស័យ​ទឹក​ល្អាង​នោះ​ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព។

លោក ភួន ឈីម អភិបាល​ស្រុក​បាទី បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍កាល​ពី​ថ្ងៃ​អង្គារ​ថា បន្ទាប់​ពី​ការិយាល័យ​ប្រតិបត្តិ​ស្រុក​បាទី​ ចុះ​ពិនិត្យ​ល្អាង​ភ្នំ​នោះ គឺ​ឃើញមានកត្តា​ខាងក្រៅមាន​ដី​ប្រេះជា​ផ្ទាំងធំ ហើយ​មួយ​ទៀត​បន្ទាប់​ពីពិនិត្យ​លើ​​ក្មេងដែល​លេងទឹក​រួចហើយ ដូច​ឃើញ​មាន​​ចេញ​កន្ទាលត្រអាក ប៉ុន្តែ​មិន​​ទាន់អាច​កំណត់​អត្ត​សញ្ញា​ណ ឬសន្និដ្ឋាន​​បាន​នៅ​ឡើយ​ទេថា រមាស់​លើស្បែក​របស់​ក្មេង​នោះ​ បណ្តាល​មកពី​ទឹក​នោះ​ ឬ​មួយ​យ៉ាងណា?

លោកបញ្ជាក់ថា៖ «ប៉ុន្តែ​គ្រាន់តែ​ជា​ការអំពាវ​នាវ​របស់​អាជ្ញាធរ គឺ​កុំឱ្យ​បងប្អូន​ទៅ​លេង​​ទឹក​ហ្នឹងអី​ ខ្លាចវាមាន​បញ្ហាដីបាក់លើ ដូច​ការ​លង់​ទឹក​​អ៊ីចឹង​ទៅ។ អាហ្នឹង​មាន​ផល​វិបាក។ អ៊ីចឹង​ផលប៉ះ​ពាល់​នៃគុណភាព​ទឹក​យ៉ាង​ម៉េចៗ ប៉ះ​​ពាល់​អីយ៉ាង​ម៉េច គឺខាង​ក្រុម​ការងារ​ត្រឹម​កម្រិត​ស្រុកគឺ​អត់​មាន​សមត្ថភាព និង​លទ្ធភាព​ពិនិត្យ​ផល​ប៉ះពាល់»។

លោក ភួន ឈីម មិន​បាន​ដឹង​ថា តើ​កត្តា​ខាងក្នុង​នៃ​ល្អាង​ភ្នំ​មួយ​នេះមាន​អ្វីនោះទេ ដោយ​រង់ចាំ​ក្រុម​ជំនាញ​ថ្នាក់ខេត្ត​​មក​ជួយ​អង្កេត​ថែមទៀត។ លោកបន្តថា កន្លែងទឹក​ដក់​នោះ​មិនមែន​ជា​ល្អាង​បុរាណ​ទេ។ វា​គឺ​ជា រណ្តៅដែលការដ្ឋាន​វាយថ្ម​ពីមុនមកបាន​ជីកជ្រៅ ហើយ​មាន​ទឹក​ភ្លៀងហូរ​ចូល​មកហើ​យ​ធ្វើ​ឱ្យ​ដូច​ជា​ ទឹក​ត្រពាំង និង​ទឹកស្រះ​។ បើ​មើល​ពី​ខាង​ក្រៅ ទេស​ភាព​ភ្នំល្អាងនោះ ហាក់​ដូច​ជា​ស្អាត ហើយ​ទឹក​ដែល​ហូរ​ចេញ​ពី​ថ្មមាន​ពណ៌​ដូច​ទឹក​សមុទ្រ។

លោក​​​បញ្ជាក់​ថា​៖ «ដល់​​ឃើញ​កន្លែង​រាង​ស្អាត​អ៊ីចឹង​ទៅ ប្រជា​ពលរដ្ឋមុន​ដំបូង​គាត់​ទៅ​ថត​ផុស (Post) មើល​ម្នាក់​ ២ ​នាក់ លាង​ដៃលាង​ជើង​ងូតអី​ម្នាក់​ ២ នាក់​ទេ។ ដល់​ពេល​ក្រុម​បណ្តាញ​សង្គម​ (Facebook) គាត់​ចាប់​អារម្មណ៍​ទៅ មនុស្ស​ទៅ​លេង​ច្រើន​ទៅ»។

បើ​តាម​លោក​ ឈីម ល្អាង​ភ្នំ​ចំបាប់​នេះ ​ទើប​តែ​កើត​មាន​ថ្មីៗនេះ​ទេ គឺ​នៅ​ប្រហែល​ជា​ក្នុង​អំឡុង​ឆ្នាំ​ ២០១៨ បន្ទាប់​ពីរដ្ឋាភិបាល​បាន​លុប​អាជ្ញា​ប័​ណ្ណ​​របស់​ក្រុម​ហ៊ុន​វាយថ្ម ហើយ​ពីមុន​​មនុស្ស​មិន​ដែល​​ទៅ​លេង​នៅ​កន្លែង​នោះ​ទេ។

លោក ឈីម មិន​ទាន់​បាន​ដឹងច្បាស់​ទេថា តើទឹក​នៅ​ក្នុង​ល្អាង​ភ្នំ​ចំបាប់​នេះ មាន​ផ្ទុក​សារជាតិគី​មី​ឬ​មួយ​យ៉ាង​ណា​នោះ​ទេ​ តែ​លោក​គ្រាន់​តែ​ដឹង​ថា អតីត​ការដ្ឋាន​វាយ​ថ្ម​នេះ​កាល​ពី​មុន​មក​ គឺ​មាន​កា​រដាក់​រំសេវ​បំផ្ទុះ​ថ្ម។

លោក ភួន ឈីម បញ្ជាក់​ថា​៖​ «ព្រោះ​អីយើង​បាន​ដឹង​បាន​ឃើញ​ទាំងអស់​គ្នាហើយ​​ឱ្យ​គាត់​មាន​ការ​ប្រុង​ប្រយ័ត្ន​ហើ​យ​​ផលប៉ះ​ពាល់​ពី​ទឹក​ហ្នឹង​ គឺយើង​អត់​​ទាន់​បាន​ដឹងនៅ​ឡើយ​​ទេ។ ប៉ុន្តែ​កត្តា​ខាង​ក្រៅ​ យើង​មើល​ឃើញ​មាន​ដីរាង​ប្រេះ ដែល​អាច​ធ្លាក់​ដុំថ្ម​អី ធ្លាក់​ដុំ​ថ្មប៉ុន​កដៃក​ជើង​ ១​ ដុំ​ ២​ ដុំ​អី វាអាច​គ្រោះ​ថ្នាក់​ធំ»៕