ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​បាន​អំពាវនាវ​ជាថ្មី​ម្ដងទៀត​ដល់​ប្រជានេសាទ​សមុទ្រ​ក៏​ដូចជា​អ្នក​ប្រកបរបរ​ទូក​ទេសចរណ៍​កម្សាន្ត​តាម​ប្រជុំ​កោះ​នានា​នៃ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​អាកាសធាតុ ដែល​អាច​នាំមក​នូវ​ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​ធំៗ​ដែល​អាច​បោក​ពន្លិច​ទូក​បាន​។

សេចក្ដី​អំពាវនាវ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​ទូក​នេសាទ​ ២ ​គ្រឿង ត្រូវ​បាន​ខ្យល់​កន្ត្រាក់​ និង​រលក​សមុទ្រ​បោក​ពន្លិច​ឲ្យ​ជាប់​កឿង​លើ​ថ្ម​នៅ​ក្បែរ​កោះ​ថាស​កាលពី​រសៀល​ថ្ងៃទី​ ២៩ ខែ ​មិថុនា ឆ្នាំ​ ២០២០​។ ប៉ុន្តែ​សំណាង​ល្អ ប្រជានេសាទ​ ៥ ​នាក់​ដែល​នៅលើ​ទូកនេសាទ​ទាំង​ ២ ​នោះ​ត្រូវ​បាន​ក្រុម​នាវិក​របស់​លោក ទៀ វិចិត្រ ប្រធាន​សមាគម​ទូកទេសចរណ៍​ខេត្ត​ព្រះសីហនុ ចុះ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ទាន់ពេល​។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​​ព្រះសីហនុ​លោក ឃាង ភារម្យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ថ្ងៃ​អង្គារ​ថា បច្ចុប្បន្ន​លម្ហ​ផ្ទៃសមុទ្រ​ខេត្ត​ព្រះសីហនុ​មាន​រលក​ធំៗ ដែល​មាន​កម្ពស់​ចន្លោះ​ពី​ ១,៥ ​ម៉ែត្រ​ដល់​ ២ ​ម៉ែត្រ និង​មាន​ខ្យល់​កន្ត្រាក់​កើតឡើង​ដោយ​កន្លែង​។ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ នោះ​ប្រជានេសាទ​សមុទ្រ​ក៏ដូចជា​អ្នក​ប្រកបរបរ​ទូកទេសចរណ៍​ដឹក​អ្នកដំណើរ​កម្សាន្ត​តាម​តំបន់​ប្រជុំ​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ពិសេស​ប្រជុំ​កោះរ៉ុង និង កោះរ៉ុង​សន្លឹម គប្បី​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត​ចំពោះ​បញ្ហា​អាកាសធាតុ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​នេះ​។

លោក​បាន​ថ្លែងថា៖ «​ករណី​ទូក​នេសាទ​ ២ ​គ្រឿង​ដែល​ត្រូវបាន​ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​បោក​ពន្លិច​នៅក្បែរ​កោះ​ថាស​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​នោះ​ប្រសិន​បើ​គ្មាន​ការជួយ​អន្តរាគមន៍​ពី​លោក​ឧកញ៉ា ទៀ វិចិត្រ ប្រធាន​សមាគម​ទូក​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បញ្ជូន​ក្រុម​នាវិក និង​អូប័រ​ល្បឿន​លឿន​ទៅ​ជួយសង្គ្រោះ​ទាន់ពេល​ទេ​នោះ​មនុស្ស​ ៥ ​នាក់​នៅលើ​ទូក​នេសាទ​ទាំង​ ២ ​នោះ នឹង​ត្រូវ​ស្លាប់​ដោយសារ​តែ​រលក​សមុទ្រ​ជា​មិន​ខាន​»​។

ជុំវិញ​ករណី​នេះ​លោក ទៀ វិចិត្រ បាន​ថ្លែងប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ក្នុង​កិច្ចអន្តរាគមន៍​នោះ ក្រុម​កងនាវិក​របស់​លោក​បាន​ចំណាយពេល​ប្រមាណ​ជា​ ២ ​ម៉ោង​ទើប​អាច​ជួយ​សង្គ្រោះ​ប្រជានេសាទ​ទាំង​ ៥ ​នាក់​ពី​ទូក​នេសាទ​ដែល​លិច​កឿង​ជាប់​លើ​ថ្ម​ក្បែរ​កោះ​ថាស​នោះបាន​។

លោក​បាន​បញ្ជាក់​ថា៖ «​ដោយសារ​ខ្យល់ និង​រលក​សមុទ្រ​បក់បោក​ខ្លាំងពេក ការជួយ​សង្គ្រោះ​ជួប​ការលំបាក​ និង​ប្រើប្រាស់​រយៈពេល​យូរ​។ ទោះយ៉ាងណា​ជនរងគ្រោះ​ទាំង​ ៥ ​នាក់​ ត្រូវ​បាន​ក្រុម​សង្គ្រោះ​របស់​យើង ជួយ​សង្គ្រោះ​ពី​សមុទ្រ និង​បាន​នាំ​មកដល់​កន្លែង​សុវត្ថិភាព​តាំងពី​ល្ងាច​ថ្ងៃ​ចន្ទ​នោះ​ម្ល៉េះ​»​។

ដោយឡែក​នៅឯ​ខេត្ត​កំពត អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​ថា មាន​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៣០ ​ខ្នង ​ស្ថិត​ក្នុង​ភូមិ​ត្រពាំងរពៅ ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ​បាន​រង​ការខូចខាត​យ៉ាង​ដំណំ បន្ទាប់ពី​មាន​ករណី​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង​កាលពី​រសៀល​ថ្ងៃទី​ ២៩ ខែ​ មិថុនា ឆ្នាំ​ ២០២០​។

លោក គង់ ប៊ុនរា មេឃុំ​ព្រែកត្នោត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ផ្ទះ​ប្រជាពលរដ្ឋ​ ៣០ ​ខ្នង​ក្នុងភូមិ​ត្រពាំងរពៅ ឃុំ​ព្រែកត្នោត​បាន​រង​ការខូចខាត​យ៉ាងដំណំ ក្នុង​នោះ​ផ្ទះ​ប្រជាពលរដ្ឋ​ ៦ ​ខ្នង​បាន​ដួលរលំ​រាប​ដល់​ដី​។ ប៉ុន្តែ​មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​រងរបួស ឬ​ស្លាប់​នោះទេ​»​។

ជុំវិញ​បញ្ហា​អាកាសធាតុ​នេះ​ដែរ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​នៅ​ព្រឹក​ថ្ងៃទី​ ៣០ ខែ​ មិថុនា ឆ្នាំ​ ២០២០ បាន​ប្រកាស​ថា ចាប់ពី​ថ្ងៃទី​ ១-៧ ខែ ​កក្កដា ឆ្នាំ​ ២០២០ ​ខាង​មុខ​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ពិសេស​ក្នុង​តំបន់​មាត់សមុទ្រ​។ ជាមួយ​គ្នា​នេះ​ក្រសួង​ក៏បាន​អំពាវនាវ​ដល់​សាធារណជន ​ជាពិសេស​អ្នក​ដំណើរ​សមុទ្រ និង​ប្រជានេសាទ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​រលក​សមុទ្រ​ខ្ពស់ និង បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់កន្ត្រាក់​ដែល​នឹង​អាច​កើតមាន​ជាយថាហេតុ​៕