
អាជ្ញាធរឱ្យបញ្ឈប់ការប្រើប្រាស់ និងការធ្វើអាជីវកម្មអេចឈ៍ធីភី និងបារីអេឡិចត្រូនិក ខណៈទទួលបានព័ត៌មានថាមានការប្រើប្រាស់ និងការលួចធ្វើអាជីវកម្មលើផលិតផលនេះនៅកម្ពុជា។ រូបថត NACD
ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនណែនាំដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យចាត់វិធានការបន្ទាន់ក្នុងការបញ្ឈប់ការប្រើប្រាស់ និងការធ្វើអាជីវកម្មផលិតផល អេចឈ៍ ធី ភី (HTPs) និងបារីអេឡិចត្រូនិក ខណៈដែលស្ថាប័នប្រឆាំងគ្រឿងញៀនមួយនេះ ទទួលបានព័ត៌មានថាមានការប្រើប្រាស់ និងការលួចធ្វើអាជីវកម្មលើផលិតផលនេះនៅកម្ពុជា។
សេចក្ដីណែនាំចុះថ្ងៃទី ១៨ ខែ មីនា បានឱ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធនឹងគ្រឿងញៀនបានទទួលព័ត៌មានថាមានពលរដ្ឋខ្មែរខ្លះជាពិសេសយុវជនមួយចំនួនបានប្រើប្រាស់បារីអេឡិចត្រូនិកឡើងវិញក្នុងនោះរួមមានទាំងផលិតផលថ្មីប្រភេទ អេចឈ៍ ភី ធី ផងដែរ។ ការប្រើប្រាស់នេះជាការលើកទឹកចិត្តដល់ជនខិលខូច នាំចូលផលិតផលនេះ នៅពេលដែលកម្ពុជាកំពុងដោះស្រាយការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងមមាញឹកដោះស្រាយបញ្ហាទឹកជំនន់កាលពីឆ្នាំ ២០២០។
បើតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រទេសកម្ពុជា បានចេញសេចក្ដីណែនាំស្ដីពីការចាត់វិធានការបង្ការបញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផល ស៊ីហ្សា និងបារីអេឡិចត្រូនិកតាំងពីខែកុម្ភៈ ឆ្នាំ ២០១៤ ប៉ុន្តែការណែនាំនោះមិនបានបញ្ចូលផលិតផលថ្មី អេចឈ៍ ធី ភី នោះទេ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនស្នើដល់គ្រប់ក្រសួង ស្ថាប័ន សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី និងខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការបន្ទាន់ដើម្បីបញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងត្រូវដកហូតផលិតផលនេះមករក្សាទុក។ ប៉ុន្តែការរឹបអូសផលិតផលនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្របច្បាប់ផ្សេងទៀតទេ។
សេចក្ដីណែនាំចែងថា៖ «ត្រូវបញ្ឈប់ និងឃាត់ទុកនូវរាល់ការចរាចរ ការជួញដូរ និងការនាំចូលផលិតផលអេចឈ៍ ធី ភី តាមគ្រប់រូបភាព និងត្រូវធ្វើការផ្សព្វផ្សាយពីការហាមឃាត់មិនឱ្យមានការនាំចូលចំពោះអ្នកធ្វើអាជីវកម្ម និងប្រជាជនទូទៅឱ្យបានទូលំទូលាយ»។
គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តតាមការណែនាំនេះឱ្យបានម៉ឺងម៉ាត់ និងត្រូវធ្វើរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តការណែនាំនេះមកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើរបាយការណ៍សរុប និងរាយការណ៍ជូនរាជរដ្ឋាភិបាល។
បើតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានយោងទៅលើការរកឃើញរបស់អង្គការសុខភាពពិភពលោកដែលថា ការប្រើប្រាស់បារីអេឡិចត្រូនិក ដូចជាស៊ីហ្សា និងអេចឈ៍ ធី ភី ជាដើម ធ្វើឱ្យមនុស្សញៀននឹងបារីប្រភេទនេះកើតជំងឺសួតធ្ងន់ធ្ងររហូតដល់ស្លាប់។ ការប្រើប្រាស់ផលិតផលទាំងនេះក៏ជាកត្តាជំរុញឱ្យអ្នកប្រើប្រាស់ឈានទៅប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងៗទៀតផងដែរ។
លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បដិសេធអត្ថាធិប្បាយដោយលោកថ្លែងយ៉ាងខ្លីថា សេចក្ដីណែនាំនេះមានខ្លឹមសារច្បាស់លាស់ហើយ។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផ្នែកប្រឆាំងគ្រឿងញៀនបានថ្លែងថា កន្លងទៅសមត្ថកិច្ចដកហូតបានផលិតផលបែបនេះជាច្រើន។ ទោះបីជាប្រទេសផ្សេងគេចាត់ទុកថា ការប្រើប្រាស់ផលិតផលនេះ ស្របច្បាប់ក៏ដោយ ប៉ុន្តែកម្ពុជាមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ទេព្រោះវាប៉ះពាល់ដល់សុខភាព និងជាឧបករណ៍សម្រាប់អ្នកបន្លំប្រើគ្រឿងញៀន។
លោកមានប្រសាសន៍ថា៖ «នៅស្រុកគេ គេប្រើ តែស្រុកយើងវាមានការបន្លំច្រើនពេក ដូចជាដាក់ថ្នាំញៀនអីជាដើម។ កន្លងមកយើង ឃាត់បានតែជាទោសប្បញ្ញត្តិយើងមិនទាន់មានតែយើងបម្រាមណែនាំមិនឱ្យប្រើ ហើយយើងចាប់ដកហូតអ៊ីចឹងទៅ។ អ្វីដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចេញសេចក្ដីណែនាំនេះ គឺដើម្បីឱ្យសាធារណជនលោកជ្រាបពីផលប៉ះពាល់ពីផលអាក្រក់ ដូចជាប៉ះពាល់ដល់សួត សរសៃប្រសាទជាដើម។ នៅកម្ពុជា ជនខិលខូចវាបន្លំដាក់មេតំហ្វេតាមីន ឬកញ្ឆា»៕
វីដេអូ៖