ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសដល់ប្រជាពលរដ្ឋដែលទទួលបានព័ត៌មាន ឬប្រទះឃើញរាល់វត្ថុបុរាណផ្សេងៗ ដែលជីកបានពីក្នុងដី រើសបានលើដី រាវបានពីក្នុងទឹក ឬក្នុងរូបភាពណាក្តី ត្រូវរាយការណ៍ និងប្រគល់វត្ថុទាំងនោះទៅអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរពាក់ព័ន្ធ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុលោក ឃាង ភារម្យ បានឱ្យដឹងថា កន្លងមករដ្ឋបាលខេត្តសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួនប្រទះឃើញវត្ថុបុរាណ តែមិនបានរាយការណ៍ជូនសមត្ថកិច្ច ហើយថែមទាំងបានប្រមូលវត្ថុបុរាណទាំងនោះយកទៅរក្សាទុកដោយខុសច្បាប់ទៀតផង។
លោក ភារម្យ ថ្លែងថា៖ «ការប្រមូលយកវត្ថុបុរាណពីក្រោមសមុទ្រ ទន្លេ បឹងបួ ក្នុងដី ឬលើដី យកមករក្សាទុកដោយមិនមានការជូនដំណឹងដល់អាជ្ញាធរ ឬរក្សាទុកសម្រាប់ការជួញដូរ គឺទង្វើខុសច្បាប់ ដែលប្រឈមនឹងការជាប់ពន្ធនាគារ»។
យោងតាមមាត្រា ៦៣ នៃច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌បានចែងថា «ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៥ ឆ្នាំព្រមទាំងពិន័យជាប្រាក់តាមតម្លៃដែលអ្នកជំនាញបានប៉ាន់ស្មានចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសដូចជា លក់ ឬផ្ទេរកម្មសិទិ្ធ ប្តូរទីតាំង បំផ្លាញចោល ពង្រេចពង្រឹល បំប្លែងរូបរាង ឬជួសជុលដោយគ្មានការអនុញ្ញាត មិនបានរក្សាទុកការពារដោយត្រឹមត្រូវនូវសម្បត្តិវប្បធម៌..» ។
លោក ប្រាក់ សុវណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ នៅកម្ពុជាមិនមានចែងពីអាយុកាលនៃវត្ថុបុរាណ ហេតុនេះគេមិនដឹងថា វត្ថុអាយុប៉ុនណាទើបហៅថា វត្ថុបុរាណនោះទេ ប៉ុន្តែមានវិធីមួយទៀតគឺ គេអាចគិតពីតម្លៃ ដែលមានតម្លៃប្រវត្តិសាស្ត្រ តម្លៃវប្បធម៌ និងតម្លៃស្ថាបត្យកម្មផ្សេងៗ ដែលក្រោយវាយតម្លៃជាទូទៅវត្ថុនោះស្ថិតក្នុងការការពារដោយច្បាប់។
លោកថ្លែងថា៖ «បើនិយាយពីច្បាប់ យើងអត់មានកំណត់ថា ៥០ ឆ្នាំ ឬ ១០០ ឆ្នាំ វត្ថុហ្នឹងត្រូវចាត់ជាវត្ថុបុរាណ ជាសម្បត្តិបេតិកភណ្ឌជាតិ ច្បាប់យើងអត់មាននិយាយ ប៉ុន្តែមិនមែនមានតែស្រុកយើងទេ ប្រទេសខ្លះក៏គេគ្មានដែរ ខណៈប្រទេសខ្លះមានការកំណត់ឆ្នាំត្រឹមត្រូវ»។
លោកថា ពលរដ្ឋមិនបានដឹងពីអាយុកាលរបស់វត្ថុបុរាណទេ ការចូលរួមរបស់ពលរដ្ឋគឺមានតម្លៃដល់ការពិនិត្យវាយតម្លៃ និងដាក់បញ្ជូលក្នុងបញ្ជីសារពើភណ្ឌទុកជាសម្បត្តិជាតិ៕