ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុបានចេញលិខិតបង្គាប់ឱ្យពលរដ្ឋដែលកំពុងរស់នៅក៏ដូចជាប្រកបអាជីវកម្មលើចំណីផ្លូវសាធារណៈ (ផ្លូវលេខ ២០០) ក្នុងភូមិ ៤ សង្កាត់លេខ ៤ ត្រូវរុះរើសំណង់ផ្សេងៗចេញឱ្យបានត្រឹមថ្ងៃទី ២៨ ខែកុម្ភៈដើម្បីអភិវឌ្ឍគម្រោងស្ថាបនាវិថី៧មករា ហើយបើមិនអនុវត្តទេ នឹងប្រឈមវិធានការច្បាប់។
លិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុដែលបានចេញផ្សាយពីថ្ងៃទី ២៩ ខែមករា បានឱ្យដឹងថា កន្លងមករដ្ឋបាលក្រុងព្រះសីហនុបានចេញលិខិតជូនដំណឹង ២ លើករួចមកហើយ និងមន្ទីរសាធារណការ និងដឹកជញ្ជូនក៏បានជូនដំណឹង ១ លើកដែរ ដើម្បីឱ្យពលរដ្ឋរុះរើសំណង់ផ្សេងៗចេញពីវិថី ៧ មករា។ ប៉ុន្តែរហូតមកទល់ពេលនេះមានម្ចាស់សំណង់មួយចំនួនបានស្ម័គ្រចិត្តរើខ្លួនឯង ប៉ុន្តែមានមួយចំនួនទៀតមិនទាន់បានអនុវត្តតាមសេចក្តីជូនដំណឹងទាំង ៣ លើកនេះឡើយ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុលោក ឃាង ភារម្យ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នេះជាសេចក្តីជូនដំណឹងទី ៤ និងលើកចុងក្រោយឱ្យរើចេញ បើពុំនោះទេនឹងប្រឈមមុខច្បាប់។ លោកថា៖ «ការអនុវត្តមាន ២ ទី ១ វិធានការរដ្ឋបាល មានន័យថាអាជ្ញាធរនឹងចុះរុះរើដោយផ្ទាល់ និងវិធានការផ្លូវច្បាប់ជាក់ស្តែងយើងមិនចង់អនុវត្តវិធានការច្បាប់ទេ ប៉ុន្តែបើករណីចាំបាច់គឺចៀសមិនផុតទេ ប្រសិនបើមានការតវ៉ា ឬប៉ះទង្គិចដោយប្រការណាមួយ»។
លោកបានឱ្យដឹងថា តាមទិន្នន័យខេត្តគឺមានពលរដ្ឋរស់នៅលើចំណីផ្លូវជាអចិន្រៃ្តយ៍តែប្រមាណ ២០ គ្រួសារប៉ុណ្ណោះ ក្នុងចំណោមជាង ១៥០ គ្រួសារ។
«កន្លងមកអាជ្ញាធរព្យាយាមច្រើនលើកហើយក្នុងការពន្យល់ដល់បងប្អូនប្រជាពលរដ្ឋដើម្បីចូលរួមសហការ ហើយក្នុងនោះមានពលរដ្ឋមួយចំនួនចូលរួមសហការ និងមួយចំនួនត្រៀមរុះរើ ប៉ុន្តែមួយចំនួនច្រើនមិនព្រមរុះរើទេ»។
បើតាមលោក ភារម្យ គម្រោងស្ថាបនាវិថី៧មករាជុំវិញមន្ទីរពេទ្យបង្អែកខេត្តនេះមានប្រវែងជិត ១ គីឡូម៉ែត្រ ដែលជាតម្រូវការចាំបាច់ដើម្បីបម្រើប្រយោជន៍សាធារណៈខណៈពលរដ្ឋរស់នៅក្នុងខេត្តនេះមានជាង ៣០ ម៉ឺននាក់។ ការដាក់កំហិតនេះដើម្បីងាយស្រួលដល់អាជ្ញាធរមានសមត្ថកិច្ចស្ថាបនាផ្លូវឱ្យបានមុនខែវស្សាមកដល់ខណៈគម្រោងនេះត្រូវបានអូសបន្លាយច្រើនលើករួចមកហើយ។
លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះសីហនុបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្នុងករណីមានការរុះផ្ទះពលរដ្ឋមែននោះ អាជ្ញាធរខេត្តគួរចរចាជាមួយពលរដ្ឋ និងដោះស្រាយតាមគោលនយោបាយដីធ្លីជូនពួកគាត់។
លោកស្រីថា៖ «បើតាមខ្ញុំដឹងរដ្ឋបាលខេត្តធ្លាប់ជូនដំណឹងទៅពលរដ្ឋហើយ ប៉ុន្តែការអនុវត្តឱ្យរុះរើផ្ទះពលរដ្ឋ រដ្ឋគួរតែដោះស្រាយតាមគោលនយោបាយដីធ្លីជូនពួកគាត់ និងប៉ះប៉ូវថវិកាសម្រាប់ការរុះរើផ្ទះ ព្រោះអ្នកកំពុងរស់នៅតំបន់នោះ គាត់គ្មានជម្រើស និងមិនមានលទ្ធភាពចាកចេញទៅទិញដី ឬផ្ទះដើម្បីរស់នៅទេ...។ អាជ្ញាធរគួរដោះស្រាយដូចពីឆ្នាំ ២០២០ ដែលធ្លាប់ដោះស្រាយជូនអ្នករស់នៅលើចំណីអូរ និងប្រឡាយ គឺរដ្ឋបានដោះស្រាយជូនគាត់ ហើយពលរដ្ឋបានចាកចេញទៅតាំងលំនៅថ្មីដោយសន្តិវិធី»។
តាមសេចក្តីជូនដំណឹងនេះគឺខេត្តកំណត់ត្រឹមថ្ងៃ ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ គិតពីថ្ងៃជូនដំណឹងនេះទៅ។ ក្នុងករណីមិនអនុវត្តតាម រដ្ឋបាលខេត្តនឹងចុះអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយផ្អែកតាមមាត្រា ៧១ នៃច្បាប់ស្តីពីផ្លូវថ្នល់ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ ១ សែនទៅ ២ លានរៀល ឬអាចដាក់ពន្ធនាគារពី ២ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ ពី ៤ ទៅ ១០ លានរៀល។
រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា តាមគម្រោងវិថីនេះត្រូវអនុវត្តក្នុងឆ្នាំ ២០២០ ប៉ុន្តែបានអូសបន្លាយដល់បច្ចុប្បន្ន ដោយសារពលរដ្ឋក្នុងតំបន់នេះ មិនទាន់បានរុះរើចេញទៅតាមការជូនដំណឹង៕
វីដេអូ៖