ភ្នំពេញ: សាលារាជធានីភ្នំពេញបានស្នើឲ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងប្រកបមុខរបរចិញ្ចឹមជីវិតដូចប្រក្រតី ហើយមិនត្រូវជ្រួលតាមពាក្យចចាមអារ៉ាមពីស្ថិរភាពទំនិញ ដើម្បីចៀសវាងជនឱកាសនិយមឆ្លៀតដំឡើងថ្លៃផលិតផលស្បៀង ខណៈសាលារាជធានីភ្នំពេញអះអាងថា ស្បៀងបម្រុងពុំបានប្រឈមនឹងការខ្វះខាតនោះទេ។
តាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី ៦ ខែមីនាដែលភ្នំពេញប៉ុស្ដិ៍ទទួលបានពីម្សិលមិញឲ្យដឹងថា ដើម្បីរក្សាសណ្ដាប់ធ្នាប់ ស្ថិរភាពទំនិញ និងចៀសវាងជនឱកាសនិយមឆ្លៀតដំឡើងថ្លៃផលិតផលស្បៀង រដ្ឋបាលរាជធានីភ្នំពេញស្នើឲ្យពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងប្រកបមុខរបរចិញ្ចឹមជីវិតដូចប្រក្រតី ហើយត្រូវអនុវត្តតាមវិធីបង្ការជំងឺដូចអ្វីដែលក្រសួងសុខាភិបាលបានណែនាំ។
សេចក្ដីជូនដំណឹងបន្តថា រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា ក្នុងរយៈពេល ២ ថ្ងៃកន្លងទៅនេះពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានសម្រុកទិញទំនិញស្ដុកទុក ជាពិសេសស្បៀងអាហារប្រចាំថ្ងៃដែលជាហេតុធ្វើឲ្យជនឱកាសនិយមឆ្លៀតដំឡើងថ្លៃទំនិញ។
សាលារាជធានីភ្នំពេញបញ្ជាក់ថា៖ «ពលរដ្ឋមិនគួរព្រួយបារម្ភពីការខ្វះស្បៀងទេ ខណៈដែលស្បៀងអាហារដែលបម្រុងនៅក្នុងរាជធានីភ្នំពេញពុំបានប្រឈមនឹងការខ្វះខាតនោះទេ។
លើសពីនេះដូចប្រជាពលរដ្ឋបានជ្រាបស្រាប់ថា ប្រទេសកម្ពុជាក្រោមម្លប់សន្ដិភាព យើងបានផលិតស្បៀងលើសពីការបម្រុងទុករហូតដល់ការនាំចេញទៅក្រៅប្រទេសទៀតផង»។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញមិនអាចសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះបានទេកាលពីម្សិលមិញ ដោយសារទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) បានថ្លែងថា ការដែលពលរដ្ឋនាំគ្នាសម្រុកទៅទិញទំនិញ ឬចំណីអាហារគឺដោយសារមានការភ័យខ្លាច និងត្រៀមទុកសម្រាប់ពេលមានបម្រាមណាមួយដែលមិនឲ្យចេញពីផ្ទះដូចនៅប្រទេសចិន។ ប៉ុន្ដែអ្វីដែលសំខាន់ អាជ្ញាធរត្រូវតែរកវិធានការទប់ស្កាត់ជនឱកាសនិយមទាំងអស់នោះ។
លោកបន្តថា ជនឱកាសនិយមតែងតែសម្លឹងឃើញឱកាសនៅពេលមានចលាចលសង្គមណាមួយកើតឡើង។ ម្យ៉ាងទៀតក៏មានអ្នកលួចលាយបន្លំ និងក្លែងទំនិញដែលខូចគុណភាពយកមកលក់ឲ្យពលរដ្ឋផងដែរនៅពេលថៅកែទាំងនោះបានឃើញអតិថិជនសម្រុកទៅទិញទំនិញច្រើនសន្ធឹកសន្ធាប់។
លោកបញ្ជាក់ថា៖ «អាជ្ញាធរគួរចេញវិធានការ ក្រើនរំឭកដល់អាជីវករលក់ដូរទាំងអស់នោះឲ្យគោរពក្រមសីលធម៌ រក្សាតម្លៃដើម។ ជាធម្មតា ប្រជាជន ប្រសិនបើមានបញ្ហាអ្វីគួរឲ្យបារម្ភបែបនេះគឺគាត់តែងតែទិញទំនិញមកទុកដាក់ក្នុងផ្ទះគាត់អ៊ីចឹងហើយវាជាសិទ្ធិរបស់គាត់ទេ។ តែសំខាន់អាជ្ញាធរចេញវិធានការទប់ស្កាត់ ព្រោះជួនកាលជាឱកាសជនខិលខូចបញ្ចេញទំនិញហួសកាលបរិច្ឆេទដែរដោយសារគាត់ឃើញគេមកទិញគាត់ច្រើនពេក ក៏យករបស់ណាដែលលក់មិនកើតពីមុនមកដាក់លក់ពេលហ្នឹងតែម្ដង»។
ពលរដ្ឋម្នាក់ រស់នៅខណ្ឌមានជ័យសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងពីម្សិលមិញថា អ្នកស្រីមិនបានដឹងថា នរណាជាអ្នកបំផុសបំផុលឲ្យនាំគ្នាទិញទំនិញសម្រាប់ធ្វើជាអាហារប្រចាំថ្ងៃទុកនោះទេ។ ប៉ុន្ដែអ្នកស្រីបានឮពាក្យចចាមអារ៉ាម តៗគ្នាឲ្យទិញចំណីអាហារទុកត្រៀមក្នុងផ្ទះ នៅពេលមាន COVID-19 ផ្ទុះឡើងនៅរាជធានីភ្នំពេញ។
អ្នកស្រីបន្តថា គ្រួសារអ្នកស្រីមានការបារម្ភពេលបានឮពាក្យចចាមអារ៉ាមបែបនេះទើបអ្នកស្រីបានទិញទំនិញដូចជា ចំណីអាហារមួយចំនួនដែលទុកបានយូរថ្ងៃមាន មី ត្រីខ ពងទា ត្រីងៀត និងទិញសាច់គោ ឬសាច់ជ្រូកយកប្រឡាក់គ្រឿងហាលទុកធ្វើជាម្ហូបប្រចាំថ្ងៃ។ ម្យ៉ាងទៀតអ្នកស្រីខ្លាចគ្មានអ្នកលក់ចំណីអាហារទាំងនេះ នៅពេលពលរដ្ឋកាន់តែបារម្ភជាងនេះ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំអត់ដឹងថា អ្នកណាគេជាអ្នកនិយាយអ្វីឲ្យច្បាស់ៗទេ គ្រាន់តែឮពលរដ្ឋយើងផ្សេងៗទៀត គាត់និយាយតៗគ្នាពីអ៊ីចេះ អ៊ីចុះ អ៊ីចឹងខ្ញុំក៏មានការព្រួយបារម្ភដែរ ក៏នាំគ្នាទៅទិញអីវ៉ាន់ ឬចំណីអាហារត្រៀមទុកទៅ ព្រោះយើងឃើញនៅប្រទេសចិនជាគំរូស្រាប់ នៅពេលគេបិទក្រុងហាមមិនឲ្យចេញចូល អ៊ីចឹងដឹងតែគ្មានអ្នកលក់ដូរអីហូបហើយ អ៊ីចឹងក៏នាំគ្នាទិញវាទុក ហើយបើជំងឺហ្នឹងគ្មានរាលដាលអ្វីខ្លាំង យើងទុកវាញ៉ាំធម្មតាទៅ»។
គួររំឭកថា ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងរាជធានីភ្នំពេញនាំគ្នាទៅទិញទំនិញ ឬចំណីអាហារដាក់ស្តុកក្នុងផ្ទះស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៧ ខែមីនាបានបញ្ជាឲ្យបិទសាលារៀន គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់ឧត្តមសិក្សានៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបបណ្ដោះអាសន្ន ក្រោយពីរកឃើញបុរសជនជាតិខ្មែរម្នាក់បានឆ្លងជំងឺ Covid-19 ពីជនជាតិជប៉ុន៕