កំពង់ឆ្នាំងៈ អាជ្ញាធរ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃ​ចន្ទ​បាន​បង្គាប់​ឲ្យ​សាខា​អង្គការ​ការពារ និង​អភិរក្ស​សត្វ ព្រៃឈើ ជលផល​កម្ពុជា ទម្លាក់​ស្លាក​វិញ បន្ទាប់ពី​លើក​បាន​ ១ ​ថ្ងៃ​​ដោយ​អាជ្ញាធរ​ថា មិនទាន់​ត្រឹមត្រូវ​តាមច្បាប់ និង​សំអាង​លើ​បណ្ដឹង​ ១ ​ច្បាប់​របស់​បុគ្គលិក​ដែល​មិន​ទទួលស្គាល់​សាខា​នេះ ប៉ុន្តែ​នាយករង​អង្គការ​អះអាង​ថា បាន​សុំច្បាប់​រួចហើយ​។

ពាក់ព័ន្ធ​នឹង​ការឲ្យ​ទម្លាក់​ស្លាក​នេះ​លោក អឿ សេងហុង ជា​មេឃុំ​ពោធិ៍ ស្រុក​កំពង់លែង​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា ក្នុង​ឃុំ​របស់​លោក​កាលពី​ថ្ងៃទី​ ១៩ មេសា មាន​អង្គការ​ការពារ និង​អភិរក្ស​សត្វ ព្រៃឈើ ជលផល​កម្ពុជា និង​បុគ្គលិក​ចំនួន​ ១២ ​នាក់​ (​ស្ត្រី​ ៣ ​នាក់​) ​បាន​នាំគ្នា​លើក​ស្លាក​បើក​ស្នាក់ការ​របស់ខ្លួន​។ ប៉ុន្តែ​បន្ទាប់ពី​លើក​ស្លាក​បាន​សម្រេច​អាជ្ញាធរ​ស្រុក​កំពង់លែង​បាន​បញ្ជា​ឲ្យ​លោក​ផ្អាក​សកម្មភាព​ដើម្បី​រង់ចាំ​ចំណាត់ការ​ពី​អាជ្ញាធរខេត្ត​សិន​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​​កោះហៅ​មនុស្ស​របស់​អង្គការ​ចំនួន​ ៧ ​នាក់​មក​ប្រាប់​ឲ្យ​ទម្លាក់​ស្លាក​នោះ​មក​ដី​សិន តែ​អ្នក​ទាំងនោះ​និយាយ​ថា ចាំ​ពួកគេ​សួរ​ឯកឧត្តម​ប្រធាន​អង្គការ​នៅ​ភ្នំពេញ​សិន​...​ខ្ញុំ​បាន​បំភ្លឺ​ទៅវិញ​ថា អាហ្នឹង​វា​ជា​រឿង​ដោយ​ឡែក​មួយ តែ​ទាក់ទង​លើ​ការលើក​ស្លាក គឺ​នៅក្នុង​ទឹកដី​របស់​អាជ្ញាធរ​ដែន​ដី ហើយ​ក៏​ធ្វើ​​តាម​បណ្តឹង​ផងដែរ​»​។

លោក​បាន​ថ្លែងថា អាជ្ញាធរ​អនុវត្ត​នេះ​គឺ​យោង​លើ​ពាក្យបណ្តឹង​ ១ ​ច្បាប់​របស់​ប្រធាន​សាខា​ថ្នាក់​តំបន់​នៃ​អង្គការ​ខាងលើ​ដែល​ជំទាស់​នឹង​ការលើក​ស្លាក​នេះ​។ ​ក៏ប៉ុន្តែ​លោក​ទទួល​ស្គាល់​​ថា អង្គការ​នេះ​មាន​ច្បាប់​ពី​ក្រសួងមហាផ្ទៃ​ឲ្យ​ដំណើរការ​មែន តែ​ច្បាប់​នោះ​បាន​ចេញ​តាំងពី​ឆ្នាំ​ ២០១០ ​មក​ម្ល៉េះ ហើយ​មិនដឹងថា អស់​សុពលភាព​ឬ​យ៉ាងណាទេ ដូច្នោះ​ហើយ​ទើប​​បាន​អាជ្ញាធរ​សុំ​ឲ្យ​ផ្អាក​សកម្មភាព​លើក​ស្លាក​នេះ​សិន​។

បើ​តាម​លោក អឿ សេងហុង ករណី​លើក​ស្លាក​នេះ​ត្រូវ​បាន​​បដិសេធ​ដោយ លោក ស៊ឹម សារ៉ាត ដែលជា​អ្នកគ្រប់គ្រង​សាខា​អង្គការ​នេះ​ចំនួន​ ៣ ​ខេត្ត​ (​កំពង់ធំ​,​កំពង់ឆ្នាំង និង​បាត់ដំបង​) ​ដោយ​ចោទ​បុគ្គលិក​ទាំង​ ១២ ​នាក់​នោះ​ថា មិន​បាន​សហការ​ជាមួយ​លោក​ក្នុង​នាម​ជា​នាយក​តំបន់ និង​ជា​សាខា​នៃ​អង្គការ​ខាងលើ​។

ទាក់ទិន​នឹង​បញ្ហា​នេះ​កាលពី​ថ្ងៃទី​ ១៩ មេសា លោក ប៉ាល់ ជឿន អធិការ​ស្រុក កំពង់លែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ករណី​នេះ​សមត្ថកិច្ច​លោក​មិនទាន់​សម្រេច​ថា យ៉ាងម៉េច​ទេ ដោយ​រង់ចាំ​ទទួល​យោបល់​ពី​ខាង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​សិន ប៉ុន្តែ​ស្លាក​របស់​អង្គការ​ខាងលើ​ត្រូវ​បាន​បុគ្គលិក​អង្គការ​នោះ​យក​ក្រណាត់​ទៅ​បាំង​ហើយ​។

យ៉ាងណាក្ដី​លោក ឃីន ធី អគ្គនាយករង​នៃ​អង្គការ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ពី​ថ្ងៃ​ចន្ទ​ថា ករណី​លើក​ស្លាក​នេះ​គឺ​លោក​បាន​សុំច្បាប់​ និង​មាន​ទាំង​ហត្ថលេខា​របស់​​អាជ្ញាធរ​ឃុំ និង​ស្រុក​កំពង់លែង​រួច​ហើយ តែ​មិនដឹង​មូលហេតុអ្វី​បាន​ជា​អាជ្ញាធរ​ឲ្យ​ផ្អាក​វិញ​យ៉ាង​ដូច្នេះ​។ លោក​បាន​បដិសេធ​ថា មិនអាច​ទម្លាក់​ស្លាក​នោះ​វិញ​ទេ ព្រោះ​មុននឹង​លើក​ស្លាក​គឺ​លោក​បាន​សុំច្បាប់​ដល់​អាជ្ញាធរ​ឃុំ-ស្រុក និង​បន្ត​​ទៅ​ខេត្ត​ហើយ​។

លោក​ថ្លែងថា​៖ «​អាជ្ញាធរ​ស្រុក-ឃុំ​បាន​ចុះហត្ថលេខា​ឲ្យ​ខ្ញុំ​ហើយ​នៅ​ឡើយ​តែ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ទេ ដែល​ខ្ញុំ​ស្នើសុំ​ដាក់​ឲ្យ​ស៊ី​ញ៉េ​ជាថ្មី​ម្តងទៀត​»​។

លោក​បាន​បន្តថា ចំពោះ​អាជ្ញាធរ​ឃុំ​ពោធិ៍ ហេតុអ្វី​បានជា​សំអាង​លើ​ឈ្មោះ ស៊ឹម សារ៉ាត ដែល​ដាក់​បណ្តឹង​ជំទាស់​នឹង​ការលើក​ស្លាក​នេះ ព្រោះ​ឈ្មោះ​នេះ លែង​ជា​បុគ្គលិក​របស់​អង្គការ​លោក​ទៀត​ហើយ​ដោយសារ​លិខិត​បេសកកម្ម​របស់​លោក ស៊ីម សារ៉ាត បាន​​អស់​សុពលភាព​៕