
ភ្នំពេញៈ ការចុះស្រង់ស្ថិតិសាលាកបត្រប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់ដោយសាលារាជធានីដើម្បីឈានទៅរកដំណោះស្រាយបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ និងតែងតែកើតមានអំពើហិង្សា រវាងបាតុករនិងក្រុមសមត្ថកិច្ចនោះបានរួចរាល់ហើយកាលពីថ្ងៃសុក្រ។
ប្រជាពលរដ្ឋ ដែលនៅមិនទាន់ទទួលបានដំណោះស្រាយក្រោយពីអនុក្រត្យលេខ ១៨៣ ឬ អ្នកដែលត្រូវបានកាត់ចេញពីគម្រោងទទួលបានប្លង់កម្មសិទ្ធិដីធ្លី ពីចំណែកដី ១២,៤៤ ហិកតា ត្រូវបានគេរកឃើញមានចំនួន៧៥ គ្រួសារ។ ប៉ុន្តែបើតាមតួលេខដែលក្រុមអ្នកតវ៉ា ក្នុងសហគមន៍នេះធ្លាប់បានអះអាងមានតែចំនួន៦៣គ្រួសារប៉ុណ្ណោះ។
តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី បាននិយាយថា ចំនួនតួលេខ ដែលបានរកឃើញថ្មីនេះ ចាំបាច់ត្រូវមានការផ្ទៀងផ្ទាត់សាជាថ្មីដើម្បីរកចំណុចឯកភាពរួមមុនពេលឈានដល់ដំណាក់កាលចុងក្រោយនៃការដោះស្រាយបញ្ចប់ជម្លោះ។
អ្នកស្រីថ្លែងថា៖«យើងចង់ឲ្យមានការបិទបញ្ជីសាលាកបត្រ ដែលបានរកឃើញដោយក្រុមការងាររបស់អាជ្ញាធររាជធានី នៅតាមភូមិនីមួយៗ ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋ បានធ្វើការផ្ទៀងផ្ទាត់សាជាថ្មីទាំងអស់គ្នាចៀសវាងការចោទប្រកាន់ដាក់គ្នាអំពីករណីតួលេខបំប៉ោង ហើយបង្កកការដោះស្រាយតទៅទៀត»។ អ្នកស្រីឲ្យដឹងផងដែរថា ចំនួនគ្រួសារដែលរកឃើញថ្មីនោះ អាចថា កន្លងមកពួកគាត់មិនដែលបានចូលរួមជាមួយសហគមន៍ទាល់តែសោះ ក្នុងការតវ៉ាទាមទារដំណោះស្រាយប្លង់កម្មសិទ្ធិលើចំណែកដី ១២,៤៤ ហិកតាដែលរដ្ឋាភិបាលបានកាត់ចេញពីក្រុមហ៊ុនទុកចែកជូនពលរដ្ឋ។
អ្នកស្រីវន្នីបន្តថា៖«ទោះជាបែបណាក្ដី យើងខ្ញុំអំពាវនាវសុំឲ្យអាជ្ញាធរផ្ដល់នូវដំណោះស្រាយជូនពួកគាត់ ឲ្យបានគ្រប់គ្នាក្នុងករណីរកឃើញថាពួកគាត់គឺជាគ្រួសាររងគ្រោះពិតប្រាកដ»។
អ្នកស្រីង៉ែត ឃុន អាយុ ៧២ឆ្នាំ ដែលត្រូវបានគេកាត់ចេញពីចំណែកដី១២,៤៤ ហិកតា កាលពី ពេលមុននោះ បានសម្តែងក្ដីត្រេកអរ និងរំពឹងថា អាជ្ញាធររាជធានី ដែលដឹកនាំដោយលោក ប៉ា សុជាតិវង្ស នឹងផ្ដល់ដំណោះស្រាយជូនពួកគាត់ក្នុងពេលឆាប់ៗនេះ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំមានជំនឿថា អាជ្ញាធរនឹងដោះដូរដីឲ្យខ្ញុំទៅក្នុងដី១២,៤៤ ហិកតា និងផ្ដល់ប្លង់កម្មសិទ្ធិឲ្យខ្ញុំប៉ុន្តែបើមិនដោះស្រាយទេហើយនៅតែបន្តពន្យារពេលដោយយកលេសនេះយកលេសនោះ ខ្ញុំនឹងចេញតវ៉ារហូតដល់ស្លាប់»។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានឲ្យដឹងកាលពីម្សិលមិញថា ពេលនេះក្រុមការងាររបស់សាលាក្រុងកំពុងធ្វើរបាយការណ៍លម្អិត ស្ដីពីចំនួនស្ថិតិសាលាកបត្រប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់ ដើម្បីដាក់ជូនលោកអភិបាលរាជធានីសម្រេច។ លោកថ្លែងថា៖ «ជំហានបន្ទាប់ យើងនៅមិនទាន់ដឹងទេ ប៉ុន្តែវាពិតណាស់ថានឹងត្រូវមានកិច្ចប្រជុំពិភាក្សាផ្ទៀងផ្ទាត់ទៅលើតួលេខឲ្យបានត្រឹមត្រូវ»។
កាលពីថ្ងៃសៅរ៍ លោកប៉ា សុជាតិវង្ស បានថ្លែងនៅក្នុងពិធីសម្ពោធផ្លូវមួយខ្សែក្នុងសង្កាត់និរោធន៍ ខណ្ឌមានជ័យថា បច្ចុប្បន្នអាជ្ញាធររាជធានីកំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយវិវាទដីធ្លី ក្នុងសហគមន៍បឹងកក់ បុរីកីឡា និងថ្មគោល។
លោកថ្លែងថា៖ «យើងមិនដែលយកប្រជាជនធ្វើជាសត្រូវរបស់យើងនោះទេ» បើទោះជាប្រជាពលរដ្ឋបានធ្វើការតវ៉ាជាច្រើនលើកច្រើនសា ដោយរិះគន់ឥតសំចៃ ប្រឆាំងនឹងអាជ្ញាធរយ៉ាងណាក៏ដោយ៕