The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ពង្រាយ កម្លាំង​ឃាត់​ឡាន​កម្មករ​នៅ​បាវិត




អាជ្ញាធរ​ពង្រាយ កម្លាំង​ឃាត់​ឡាន​កម្មករ​នៅ​បាវិត

អាជ្ញាធរ​ពង្រាយ កម្លាំង​ឃាត់​ឡាន​កម្មករ​នៅ​បាវិត

20140430_01
ច្រកចេញចូលតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ដែលមានទីតាំងស្ថិតនៅក្នុងក្រុងបាវិត ត្រូវបានបិទ កាលពីថ្ងៃម្សិលមិញ ផា លីណា

ស្វាយរៀងៈ សមត្ថកិច្ច​ជាច្រើន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​ដង​ផ្លូវ​ក្នុង ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​ម្សិលមិញ​ដើម្បី​ស្ទាក់​ឡាន​ដឹក​កម្មករ​រោងចក្រ​មិន​ឲ្យ​ចូល​ទៅ​កន្លែង​ធ្វើ​ការងារ​ដោយ​សារ​បារម្ភ​ពី​ការ​ផ្ទុះ​អំពើ​ហិង្សា​បង្ក​ពី​ការ​តវ៉ា​ទាមទារ​ប្រាក់ ៥០ ដុល្លារ​អស់​ពេល​ជាង ២ សប្តាហ៍​កន្លង​មក។

នៅ​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស សានតុង សាន់សែល កម្មករ​ប្រមាណ​ជា ៥០ នាក់​ដែល​ឈរ​តវ៉ា​បាន​និយាយ​ថា អ្នក​យាម​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​រោងចក្រ ហើយ​សមត្ថកិច្ច​បាន​ឃាត់​ឡាន​ដឹក​កម្មករ​មិន​ឲ្យ​មក​រោងចក្រ​ទេ។

កម្មការិនី ស្រី រ៉ា ធ្វើ​ការ​នៅ​រោងចក្រ សានតុង ដែល​មាន​កំហឹង​នឹង​កង​សន្តិសុខ​រៀបរាប់​ថា កម្មករ​ធ្វើ​ការ​តវ៉ា​តាំង​តែ​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដោយ​សារ​តែ​រោងចក្រ​សន្យា​ថា នឹង​បើក​ប្រាក់​ឲ្យ ៥០ ដុល្លារ​ម្នាក់ តែ​នៅ​ពេល​ចូល​ទៅ​ធ្វើ​ការ​គ្មាន​អ្នក​ណា​បាន​ប្រាក់​នេះ​ទេ ដូច​នេះ ហើយ​បាន​ជា​ធ្វើ​ឲ្យ​កម្មករ​ខឹង។

រីឯ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន វិញ​កម្លាំង​សមត្ថកិច្ច​និង​សន្តិសុខ បាន​ឈរ​យាម​នៅ​មុខ​ច្រក​ចូល​រោងចក្រ​ដោយ​ដាក់​រនាំង​បន្លា​លួស​អម​ផង​មិន​ឲ្យ​កម្មករ​ចូល​ទៅ​ក្នុង​ឡើយ។ បើ​ទោះ​អ្នក​យក​ព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ ប្រាប់​ឈ្មោះ​ស្ថាប័ន និង​ពី​គោល​បំណង​ក្នុង​ការ​ចូល​ទៅ​យក​ព័ត៌មាន​ក៏​ដោយ ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ដែរ។

សន្តិសុខ​ម្នាក់​នៅ​ចាំ​ឃាត់​កម្មករ​ខាង​មុខ​ច្រក​សុំ​មិន​បង្ហាញ​ឈ្មោះ​បាន​តេ​សួរ​ទៅ​មន្រ្តី​រដ្ឋបាល​តំបន់​នោះ ហើយ​ប្រាប់​ថា៖ «ខ្ញុំ​មិន​អាច​អនុញ្ញាត​ឲ្យ​អ្នក​ចូល​បាន​ទេ។ ខ្ញុំ​ធ្វើ​តែ​តាម​ថ្នាក់​លើ​បញ្ជា​ប៉ុណ្ណោះ។ យើង​ទើប​តែ​បិទ​របង​នៅ​ថ្ងៃ​នេះ កុំ​ឲ្យ​កម្មករ​ចូល​ទៅ​ខាង​ក្នុង​ដោយ​សារ​យើង​ខ្លាច​មាន​ការ​ប៉ះ​ទង្គិច នាំ​ឲ្យ​មាន​ហិង្សា​កើត​ឡើង»។

សន្តិសុខ​នេះ​និយាយ​ដែរ​ថា កម្មករ​ភាគ​ច្រើន​ចូល​ទៅ​រោងចក្រ ប៉ុន្តែ ពួក​គេ​មិន​ធ្វើ​ការ​ទេ។ ពួក​គេ​បង្ក​ហិង្សា​កាល​ពី​ថ្ងៃ​ចន្ទ ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​រោងចក្រ​និង​ឡាន​មួយ​គ្រឿង​ផង ហើយ​កម្មករ​ខ្លះ​ទៅ​រំខាន​ដល់​កម្មករ​ផ្សេង​ទៀត ដែល​គេ​មាន​បំណង​ធ្វើ​ការ។

លោក​បន្ត​ថា៖ «កម្លាំង​សមត្ថកិច្ច​បាន​មក​យាម​នៅ​តំបន់​នេះ ដោយ​សារ​ខ្លាច​មាន​ហិង្សា​កើត​ឡើង។ ខ្ញុំ​មិន​ដឹង​ថា តើ​ពេល​ណា​ទើប​ចាប់​ផ្តើម​ការងារ​ឡើង​វិញ​ទេ តែ​ប្រហែល​ជា ៣ ទៅ ៤ ថ្ងៃ​ទៀត​អាច​នឹង​បើក​វិញ​ហើយ​ក្រោយ​ពេល​កម្មករ​មាន​អារម្មណ៍​ស្ងប់​និង​ឈប់​តវ៉ា​ទៀត»។

លោក កែវ គង់ អធិការ​នគរបាល ក្រុង​បាវិត មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ កាល​ពី​ថ្ងៃ​អង្គារ ខណៈ​សមត្ថកិច្ច​បដិសេធ​មិន​និយាយ​ជាមួយ​អ្នក​កាសែត។

លោក កៅ ហេង អាយុ ៣៣​ឆ្នាំ ជា​អ្នក​បើក​ឡាន​ដឹក​កម្មករ​ទៅ​ធ្វើ​ការ​នៅ​តាម​តំបន់​សេដ្ឋកិច្ច ពិសេស​នៅ ក្រុង​បាវិត នេះ​បាន​ប្រាប់​ថា សមត្ថកិច្ច​បាន​ទូរស័ព្ទ​មក​ប្រាប់​គាត់​មិន​ឲ្យ​ដឹក​កម្មករ​ទៅ​ធ្វើ​ការ​ទេ កាល​ពី​ថ្ងៃ​អង្គារ ហើយ​ក៏​មិន​ដឹង​ថា ពេល​ណា​នឹង​ឲ្យ​ដឹក​វិញ​ដែរ។

លោក ហេង ថា៖ «វា​មិន​មែន​ជា​លើក ទី១ ទេ តាំង​ពី​ខ្ញុំ​ប្រកប​ការងារ​នេះ ២ ឆ្នាំ​មក​ឲ្យ​តែ​មាន​ការ​តវ៉ា​ធំៗ គឺ​ខ្ញុំ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ដឹក​កម្មករ​ទេ ដោយ​សារ​ខ្លាច​មាន​ហិង្សា​កើត​ឡើង»។ លោក ហេង បន្ថែម​ថា៖ «ពេល​ខ្លះ​ខ្ញុំ​ក៏​ខឹង​ដែរ ដោយ​សារ​តែ​បង្អាក់​ការងារ​ខ្ញុំ តែ​ក៏​ល្អ​ម្យ៉ាង​ដែរ​សម្រាប់​កម្មករ​និង​រោងចក្រ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា»។

កម្មករ​រោងចក្រ Best Way ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន លោក អន បណ្តូល អាយុ ១៩​ឆ្នាំ បាន​និយាយ​ថា គាត់​ចង់​ទៅ​ធ្វើ​ការ​ដែរ តែ​ខ្លាច​កម្មករ​ផ្សេង​វ៉ៃ។ គាត់​ថា៖ «កម្មករ​មួយ​ចំនួន​ដើរ​រំខាន​អ្នក​ដែល​ចូល​ធ្វើ​ការ ដូច​នេះ ខ្ញុំ​ក៏​ត្រូវ​ចូល​រួម​តវ៉ា​ដែរ។ ថៅកែ​ខ្ញុំ​មិន​បាន​សន្យា​ឲ្យ​ប្រាក់ ៥០ ដុល្លារ​ទេ តែ​ដោយ​រោងចក្រ​ផ្សេង​ទទួល​បាន​អ៊ីចឹង​ពួក​ខ្ញុំ​ក៏​ទាមទារ​ដែរ»។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ពី​ម្សិលមិញ​ឲ្យ​ដឹង​ថា មក​ដល់​ថ្ងៃ​នេះ​កម្មករ​ដែល​តវ៉ា​កាន់​តែ​កើន​ឡើង​ស្ទើរ​តែ​ទាំង​អស់​ប្រមាណ​ជាង ៣ ម៉ឺន​នាក់។ លោក​អះអាង​ថា៖ «តាម​បទ​ពិសោធ​របស់​ខ្ញុំ ជាមួយ​នឹង​បង​ប្អូន​កម្មករ​នៅ ខេត្ត​ស្វាយរៀង នេះ​និង​ជា​ទម្លាប់​ប្រសិន​មិន​មាន​ដំណោះស្រាយ​ជា​វិជ្ជមាន​សម្រាប់​ពួក​គេ​ទេ ពួក​គាត់​មិន​ងាយ​នឹង​វិល​ត្រឡប់​ទៅ​រក​ការងារ​វិញ​ទេ»។

លោក​បន្ត​ថា ការ​ទាមទារ​ប្រាក់​ឧបត្ថម្ភ ៥០ ដុល្លារ​នេះ ជា​បញ្ហា​ប្រឈម​ដែល​ភាគី​រោងចក្រ​គួរ​តែ​ពិភាក្សា​ក្នុង​កម្រិត​តំបន់​នេះ ដើម្បី​ឲ្យ​មាន​ការ​ឯកភាព​គ្នា​សិន​ចាំ​សម្រេច​ឲ្យ​កម្មករ ប៉ុន្តែ​ឃើញ​ថា មាន​តែ​ក្រុមហ៊ុន A&J ប៉ុណ្ណោះ​ដែល​នេះ ជា​មូល​ហេតុ​នាំ​ឲ្យ​រោងចក្រ​ដទៃៗ​ទៀត​ផ្ទុះ​ការ​តវ៉ា​ឡើង។

ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​នេះ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ចោទ​លោក ប៉ាវ ស៊ីណា ថា​ជា​អ្នក​ញុះញង់ ប៉ុន្តែ លោក ប៉ាវ ស៊ីណា បាន​បដិសេធ៕

អត្ថបទគួរចាប់អារម្មណ៍