
កំពង់ស្ពឺៈ សមត្ថកិច្ចនគរបាលខេត្ត កំពង់ស្ពឺ បានធ្វើការស្ទាក់ព័ទ្ធចាប់ឈើគ្រញូងជិត១តោនរណារយន្តមួយគ្រឿង និងរថយន្តមួយគ្រឿង ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងស្តុកឈើគ្រញូងលួចលាក់មួយកន្លែងនៅភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់។
លោក បុះ ស៊ីន អធិការស្រុកឱរ៉ាល់ បានឲ្យដឹងកាលពីម្សិលមិញថា នៅក្នុងប្រតិបត្តិការបង្ក្រាបនោះក្រុមសមត្ថកិច្ចបានឃើញបុរសជនសង្ស័យម្នាក់ឈ្មោះ វឌ្ឍនៈ ថង អាយុ២៧ឆ្នាំ កំពុងរៀបឈើដាក់នៅក្នុងរថយន្តបម្រុងដឹកចេញពីកន្លែងស្ដុកមួយកន្លែង នៅភូមិក្រៀលពង ឃុំតាសាលហើយ សមត្ថកិច្ចបានដកហូតរថយន្ដមួយគ្រឿងនិងឈើគ្រញូងចំនួន៩០៥ គីឡូក្រាម និងរណាយន្តមួយគ្រឿង។
លោកបន្ថែមថា ក្រោយមកក្រុមសមត្ថកិច្ច បានដាក់បារ៉ាស់ស្ទាក់ចាប់ តែជនសង្ស័យទំនងជាដឹងខ្លួន ជាមុន ក៏បានបើករថយន្តបំបុកបារ៉ាស់ បណ្ដាលឲ្យបែកកង់រថយន្តខាងមុខ បន្ទាប់មកក៏ចុះរត់គេចខ្លួនបាត់ទៅ។ ក្នុងហេតុការណ៍នោះមន្ត្រីនគរបាលម្នាក់រងរបួសដោយសារកំណាត់ឈើនៃបារ៉ាស់ខ្ទាតត្រូវចំជើងបណ្ដាលឲ្យដួលរលាត់ជង្គង់ទាំងសងខាង។ លោកបានបន្តថា៖ «បច្ចុប្បន្នវត្ថុតាងទាំងនោះបានបញ្ជូនយកទៅរក្សាទុកក្នុងសាលាដំបូងខេត្ត ហើយយើងបានសុំគោលការណ៍ពីតុលាការខេត្ត ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោស។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានចេញបទបញ្ជា ០២បប ទាក់ទងទៅនឹងបញ្ហាការកាប់ឈើខុសច្បាប់ជាពិសេសបញ្ហាឈើគ្រញូងត្រូវបញ្ចប់ទាំងការប្រើប្រាស់ក្នុងស្រុកនិងបញ្ចប់ការនាំចេញ។នៅក្នុងសេចក្តីសម្រេចទី១បានបញ្ជាក់ថាមេបញ្ជាការកងយោធពលខេមរភូមិន្ទ មេបញ្ជាការនគរបាលការពារព្រំដែនដែលឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងត្រូវចេញបទបញ្ជាឲ្យបានម៉ឺងម៉ាត់បំផុតដល់កម្លាំងរបស់ខ្លួនដើម្បីចាត់វិធានការនានាក្នុងការទប់ស្តាត់ឲ្យបានដាច់ខាតនូវសកម្មភាពឆ្លងដែនខុសច្បាប់ដើម្បីចូលទៅប្រមូលជញ្ជូនឬកាប់ឈើគ្រញូងនៅប្រទេសជិតខាង។ ករណីមានការឆ្លងដែនខុសច្បាប់ក្នុងភូមិសាស្ត្រឈរជើងរបស់អង្គភាពណាមួយមេបញ្ជាការអង្គភាពនោះត្រូវមានការទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល។
សូមរំឭកថា កាលពីខែមេសា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងដោយបានធ្វើការព្រមានខ្លាំងៗ ទៅលើមន្ត្រីយោធានិងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឲ្យបញ្ឈប់សកម្មភាពពាក់ព័ន្ធជាមួយនឹងការកាប់ព្រៃឈើ យ៉ាងណាក្តី តាមសេចក្តីរាយការណ៍ ពីអ្នកឃ្លាំមើល និងមន្ត្រីសហគមន៍ការពារព្រៃឈើជាច្រើន បានរាយការណ៍ថា បទល្មើសព្រៃឈើនៅតែបន្តកើតឡើងយ៉ាងពេញបន្ទុកនៅឡើយរហូតមកដល់ពេលនេះ៕