ស្វាយរៀងៈ អាជ្ញាធរខេត្ត ស្វាយរៀង បានអំពាវនាវឲ្យកម្មកររោងចក្រកាត់ដេរទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់ រង់ចាំក្រសួង ការងារ ពិភាក្សាលើការដំឡើងប្រាក់ឈ្នួលអប្បបរមា ខណៈដែលកម្មករមួយក្រុមបានបំផុសឲ្យកម្មករនៅគ្រប់រោងចក្រក្នុង ខេត្តនេះងើបឡើងតវ៉ាទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលដល់ ១៥៤ ដុល្លារ ក្នុងមួយខែ។
បច្ចុប្បន្នកម្មករទទួលបានប្រាក់ខែគោល ៨១ ដុល្លារ ហើយចាប់តាំងពីក្រោយថ្ងៃបោះឆ្នោត ២៨ ខែ កក្កដា មក ក្រុមមេដឹកនាំសហជីពកំពុងតែធ្វើចលនាទាមទារ ឲ្យមានការដំឡើងប្រាក់ឈ្នួលដល់កម្មករឲ្យបាន ១៥៤ ដុល្លារក្នុងមួយខែ ហើយការទាមទារនេះ កំពុងត្រូវបានមជ្ឈដ្ឋានជាប់ពាក់ព័ន្ធធ្វើការពិភាក្សា។
លោក ហាស់ ប៊ុនធី ប្រធាន មន្ទីរ ការងារ ខេត្ត ស្វាយរៀង បានថ្លែងកាលពីម្សិលមិញថា កម្មករប្រហែល ៣ ម៉ឺននាក់ មកពីរោងចក្រចំនួនជាង ៤០ នៅក្នុងខេត្តនេះ ត្រូវបានគេប្រាប់ឲ្យឈប់សម្រាកតាំងពីរសៀលថ្ងៃចន្ទ និងថ្ងៃម្សិលមិញ ដើម្បីចៀសវាងការកើតមានអំពើហិង្សាណាមួយ ដោយសារតែមានកម្មករមួយចំនួនបានដើរអុកឡុកនិងជំរុញឲ្យកម្មករ ផ្សេងទៀត ធ្វើការតវ៉ាទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមា។
លោកបន្តថា៖ «កាលពីរសៀលថ្ងៃចន្ទ កម្មករមកពីរោងចក្រចំនួនបីបាននាំគ្នាតវ៉ាទាមទារឲ្យដំឡើងប្រាក់ឈ្នួល ហើយកម្មករប្រហែល ១០០ នាក់ បានដើរចូលទៅក្នុងរោងចក្រផ្សេងទៀត ធ្វើការអុកឡុកឲ្យចូលរួមតវ៉ាជាមួយពួកគេ»។
លោកបន្តថា នៅពេលនោះ លោក អភិបាលខេត្តបានស្នើសុំឲ្យម្ចាស់រោងចក្រទាំងអស់អនុញ្ញាតឲ្យ កម្មករឈប់សម្រាកមួយថ្ងៃ ដោយខ្លាចមានអំពើហិង្សាកើតឡើង។
លោក អភិបាលខេត្ត ក្រុមតំណាងរោងចក្រ មន្រ្តីនគរបាល និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធ បានជួបប្រជុំគ្នា កាលពីម្សិលមិញដើម្បីរកដំណោះស្រាយ។
លោក ប៊ុនធី បន្តថា៖ «យើងបានប្រកាសឲ្យកម្មករទៅធ្វើការវិញនៅថ្ងៃស្អែក (ថ្ងៃពុធ) ដោយរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ រង់ចាំលទ្ធផលសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាពីក្រសួង ការងារ និងភាគីពាក់ព័ន្ធ»។ មន្ត្រីមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននឹងត្រូវចល័តតាមផ្លូវនានា និងរោងចក្រមួយចំនួនដើម្បីការពារសន្តិសុខ។
លោក ប៊ុនធី ឲ្យដឹងទៀតថា អាជ្ញាធរកំពុងធ្វើការទៅតាមសំណើរបស់រោងចក្រដោយស្វែង រកក្រុមកម្មករ ដែលបានធ្វើការញុះញង់ឲ្យកម្មករផ្សេងទៀតចូលរួមធ្វើការ តវ៉ាទាមទារដំឡើងប្រាក់ឈ្នួលជាមួយពួកគេ។
លោក ឆេង ឈាន់ មន្ត្រីសហជីពនៃសម្ព័ន្ធសហជីពចលនាកម្មករថ្លែងថា កម្មករទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមា ថ្លៃអាហារថ្ងៃត្រង់ និងបញ្ហាផ្សេងទៀត។ អ្នកនាង សុខ ណា កម្មករនៅរោងចក្រ Best Way ថ្លែងថា កម្មករតវ៉ាទាមទារឲ្យដំឡើងប្រាក់ឈ្នួលដល់ ១៥៤ ដុល្លារក្នុងមួយខែ៕ PN