កែបៈ អាជ្ញាធរ​ខេត្ដកែប​បាន​កំណត់​មុខសញ្ញា និង​កំពុង​រៀបចំ​របាយការណ៍​ប្តឹងទៅ​តុលាការ ករណី​ជនខិលខូច​ឆ្លៀត​ឱកាស​ក្នុងអំឡុង​ថ្ងៃ​ឈប់​សម្រាក កាលពី​សប្ដាហ៍​មុននេះ លួច​ចូល​ទន្ទ្រាន បោះបង្គោល សង់រោង និង​ដាំដំណាំ នៅ​លើ​ដី​ព្រៃកោងកាង​លិច​ទឹក​ជិត ៤ ​ហិកតា​ក្នុង​តំបន់​សហគមន៍ នេសាទ ស្ថិត​ក្នុង​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​។

លោក រស់ ឧត្ដង្គ អ្នកនាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​កែប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ករណី​ជនខិលខូច​ចូល​ទៅ​ទន្ទ្រាន​បោះបង្គោល សង់រោង ពុះឡូត៍​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ក្នុង​តំបន់​សហគមន៍​នេសាទ​ខាងលើ​លោក​ សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត មន្ទីរ​អង្គភាព ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ទីតាំង​នោះ​។ ជាមួយ​គ្នា​នោះ បាន​រុះរើ​សំណង់​រោង​ឈើ​ចំនួន​ ២ មាន​ទំហំ​ទទឹង​ ៣ ​ម៉ែត្រ និង​បណ្ដោយ​ ៦ ​ម៉ែត្រ និង​បាន​ដក​បង្គោល​ថ្ម ដែល​ជន​ខិលខូច​បោះ​កំណត់​ព្រំដី​ប្រមាណ​ ១០០ ​បង្គោល​ផងដែរ​។

លោក​ថ្លែងថា​៖ «​ក្រោយពី​ឯកឧត្ដម​អភិបាល​ [​ខេត្ត​]​ បាន​ចុះពិនិត្យ និង​បញ្ជា​ឲ្យ​អនុវត្ដ​រុះរើ​សំណង់​រោង និង​ដក​បង្គោល​ថ្ម​ដែល​ជនខិលខូច​លួច​បោះ​កំណត់​ព្រំដី​នោះ​រួច លោក​អភិបាល​បាន​បញ្ជា​ឱ្យ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនខិលខូច ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់​»​។

អ្នកនាំពាក្យ​រូបនេះ​ឱ្យ​ដឹង​ថា ករណី​ជនខិលខូច​លួច​ចូល​ទន្ទ្រាន​ដី​ព្រៃកោងកាង​របស់​រដ្ឋ​នេះ​គឺ​ពួកគេ​បានធ្វើ​នៅពេល​យប់​ក្នុង​អំឡុងពេល​ថ្ងៃ​ឈប់សម្រាក​ដែល​ជា​ថ្ងៃ​សង​ចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ​នេះ​។ លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ចាញ់បោក​មេខ្យល់ ហើយ​ចូលទៅ​ទន្ទ្រាន​ដី​រដ្ឋ​ដែល​ជា​អំពើ​ខុស​ច្បាប់​អាច​ឈាន​ទៅ​ប្រឈមមុខ​នឹង​ទោសទណ្ឌ​ផងដែរ​។

លោក​ ថឹង បូរិន ប្រធាន​មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ដ​កែប បញ្ជាក់​ពី​ម្សិលមិញ​ដែរ​ថា ករណី​នេះ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ជនខិលខូច​រួច​ហើយ និង កំពុង​រៀបចំ​របាយការណ៍​ដាក់​ទៅ​តុលាការ ដើម្បី​អនុវត្ដ​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជនខិលខូច​។

លោក​ថ្លែងថា​៖ «​យើង​បាន​កំណត់​មុខសញ្ញា​ជនខិលខូច​បាន​ចំនួន​ ១ ​រូប រួច​ហើយ​។ យើង​កំពុង​រៀបចំ​សំណុំ​រឿងនេះ​ដាក់​ទៅ​តុលាការ ដើម្បី​ឱ្យ​តុលាការ​អនុវត្ដ​តាម​នីតិវិធី​ច្បាប់​។ ការងារ​នេះ​យើង​បាន​រាយការណ៍​ជូនទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​រួច​តាំងពី​ថ្ងៃ​ដំបូង​ហើយ ប៉ុន្ដែ​អ្វី​ដែល​យើង​កំពុង​ធ្វើ​គឺ​ចងក្រង​ឯកសារ ភ័ស្តុតាង​បន្ថែម​ទៀត​»​។

លោក​ ថឹង បូរិន បន្ថែម​ថា​ករណី​នេះ​ជា​បទល្មើស​ជាក់ស្ដែង ព្រោះ​ជនខិលខូច​បាន​រំលោភ ទន្ទ្រាន​យក​ដី​រដ្ឋ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ក្នុង​នោះ​មាន​ភ័ស្តុតាង​សំណង់​រោង និង​បង្គោល​ថ្ម​ដែល​ជនខិលខូច​ទើបតែ​សាងសង់​មិនទាន់​រួចរាល់​។

លោក​ឱ្យដឹង​ទៀត​ថា ករណី​នេះ​ជនខិលខូច​បាន​ទន្ទ្រាន​យក​ដី​ព្រៃកោងកាង​ប្រមាណ​ ៤ ​ហិកតា​ក្នុង​នោះ​ជនខិលខូច​បាន​បោះបង្គោល​ថ្ម​កំណត់​ព្រំប្រទល់​លើដី​នោះ​ធ្វើ​ជា​ដីឡូត៍ៗ​ក្នុង​ ១ ​ឡូត៍ ទំហំ​ ១ ​ហិកតា ដើម្បី​ទុក​សម្រាប់​លក់​។ ប៉ុន្ដែ​ដី​នេះ​ជា​ដី​ស្ថិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម​ដែល​មាន​មន្ទីរ​កសិកម្ម​ខេត្ដ​ជា​សេនាធិការ​ថែរក្សា ការពារ​។

មន្ដ្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ​ប្រចាំ​ខេត្ដ​កែប លោក​ យន់ ផល្លី លើកឡើង​ថា​កន្លងមក​ខេត្ដ​កែប​មិនសូវ​មាន​ជនខិលខូច​ចូល​មក​ប្រព្រឹត្ត​បទល្មើស​កាប់រានទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ទេ​។ ប៉ុន្ដែ​ទើបតែ​អំឡុងពេល​ថ្មីៗ​នេះ​មាន​ជនខិលខូច​ចូល​ទន្ទ្រាន​យក​ក្នុង​តំបន់​សហគមន៍ នេសាទ ស្ថិត​ក្នុងភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​ព្រោះ​តំបន់​នេះ រាជរដ្ឋាភិបាល​បាន​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍​។

លោក​បាន​បន្តថា​៖ «​ករណីនេះ បើ​អាជ្ញាធរ​អនុវត្ដ​ច្បាប់ ដើម្បី​ការពារ​ទ្រព្យសម្បត្ដិ​របស់​រដ្ឋ គឺ​ធ្វើ​យ៉ាង​ម៉េច​អនុវត្ដ​ឱ្យមាន​ភាពស្មើគ្នា កុំ​ឱ្យគេ​មើលឃើញ​ថា អាជ្ញាធរ​អនុវត្ដ​ច្បាប់​តែ​ចំពោះ​ពលរដ្ឋ​ក្រីក្រ​។ ប៉ុន្ដែ​ចំពោះ​បុគ្គល​អ្នកមាន​អំណាច ឬ​អ្នក​ដែល​មាន​ទ្រព្យសម្បត្ដិ​មិន​បាន​អនុវត្ដ​ឱ្យបាន​ដូចគ្នា​»៕